ផាកកាហ្វេ៖ ប្រ៊ែនខ្មែរមួយសម្របខ្លួនបានរហ័សក្នុងពេលមានវិបត្តិជម្ងឺកូវីដ១៩​



ស្របពេលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ យើងឃើញថាអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ហើយខ្លះឈានទៅដល់ការបិទអាជីវកម្មតែម្តង។ ផ្ទុយទៅវិញ ផាក កាហ្វេ ដែលជាភោជនីយដ្ឋាន ប្រ៊ែនខ្មែរក្នុងស្រុកមួយ បាននិងកំពុងឈរជើងយ៉ាងមាំ ថែមទាំងប្រកាសរើសបុគ្គលិកជាច្រើននាក់បន្ថែមទៀតផងដែរ។ តើហេតុអ្វីបានជា ផាកកាហ្វេ អាចសម្របខ្លួនបានឆាប់រហ័ស ឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ១៩នេះ?

ចម្លើយនៃសំណួរខាងលើ គឺមិនមែនជារឿងចៃដន្យនោះទេ។ ស្របពេលដែលមនុស្សគ្រប់គ្នា ខ្លាចឆ្លងជម្ងឺកូវីដ១៩ នៅពេលមកទទួលទានអាហារនៅខាងក្រៅ ផាក កាហ្វេ បានធ្វើរឿងជាច្រើន។ រាល់បុគ្គលិកផាកកាហ្វេទាំងអស់ ត្រូវវាស់កំដៅមុនចូលធ្វើការគ្រប់ៗគ្នា។ បើសីតុណ្ហភាពលើសពី ៣៧.៥ អង្សារសេ ពួកគេនឹងមិនត្រូវអនុញ្ញាត្តិឲ្យចូលក្នុងហាងធ្វើការនោះទេ។

ពួកគេត្រូវត្រឡប់ទៅផ្ទះសម្រាក និងប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត។ រាល់បុគ្គលិកក្នុងហាងត្រូវពាក់ម៉ាស និងស្រោមដៃជាដាច់ខាត។ បើយើងនៅក្នុងហាងហើយសង្កេតអោយបានដិតដល់ ផាក កាហ្វេ បានដាក់បុគ្គលិកម្នាក់ពាក់អាវពណ៌បៃតងដែលការងាររបស់គាត់មានតែមួយមុខគត់គឺសម្អាតទ្វារ តុ កៅអី និងសម្ភារផ្សេងៗជាមួយទឹកសម្លាប់មេរោគ។ 

អតិថិជនតម្រូវឲ្យវាស់កំដៅ និងលាងដៃជាមួយនឹងអាល់កុល មុនចូលហាងផងដែរ ហើយបើសីតុណ្ហភាពលើសពី៣៧.៥ អង្សារសេ គឺមិនអាចឲ្យចូលហាងបាននោះទេ ដោយពួកគាត់អាចកម្ម៉ង់ខ្ចប់យកទៅទទួលទាននៅផ្ទះ ឬកម្ម៉ង់តាមសេវាដឹកជូនដល់ទីកន្លែងដែលមិនប៉ះផ្ទាល់ជាមួយអតិថិជនដោយឥតគិតថ្លៃរបស់ផាកកាហ្វេ។ អតិថិជន អាចប្រើទូរស័ព្ទរបស់ខ្លួនស្គែនបារកូដ ដើម្បីមើល មីនុយអេឡិចត្រូនិច (E-Menu) ចៀសវាងការកាន់សៀវភៅមីនុយផ្ទាល់។ បន្ទាប់ពីទទួលទានរួច ក្រៅតែពីការចាយក្រដាសប្រាក់ អតិថិជនអាចទូទាត់ប្រាក់តាមកាតសមាជិកផាកកាហ្វេ ឬធនាគារដៃគូមួយចំនួនផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត ស្របពេលដែលមានអតិថិជនមួយចំនួនមិនចង់ចេញក្រៅតែចង់ទទួលទានអាហារបែបសុខភាពឈ្ងុយឆ្ងាញ់ ផាកកាហ្វេ បានណែនាំសេវាដឹកជូនដល់ទីកន្លែងដែលមិនប៉ះផ្ទាល់ជាមួយអតិថិជន (Contactless Delivery Service) ដោយឥតគិតថ្លៃ មុនគេនៅប្រទេសកម្ពុជា ដែលតម្រូវអោយបុគ្គលិកដឹកជញ្ជូន នៅឆ្ងាយពីអតិថិជនយ៉ាងតិច ២ម៉ែត្រនៅពេលប្រគល់ម្ហូបនិងទទួលប្រាក់។ ដើម្បីទំនុកចិត្តរបស់អតិថិជន ផាក កាហ្វេ មានប័ណ្ណធានាសុវត្ថិភាពចំណីអាហារ ដែលមានកត់ត្រាឈ្មោះ និងសីតុណ្ហភាពរបស់បុគ្គលិកចម្អិន និងបុគ្គលិកដឹកជញ្ជូន។

អាជីវកម្មមួយរីកចំរើនក្នុងសហគមន៍ លុះត្រាតែតែសហគមន៍នោះរីកចំរើន។ មិនគ្រាន់តែគិតពីការលក់ និងប្រាក់ចំណេញនោះទេ ផាក កាហ្វេ មានយុទ្ធនាការចូលរួមជួយដល់សង្គមផងដែរ។ ផាក កាហ្វេ បានចូលរួមជូនម្ហូបអាហារបែបសុខភាព មានអនាម័យខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ ដល់ក្រុមការងារជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ។

នៅពេលមានវិបត្តិអ្វីមួយកើតឡើង យើងមិនត្រូវភ័យស្លន់ស្លោរនោះទេ តែត្រូវរិះរកឱកាសនិងយុទ្ធសាស្ត្រដែលអាចឲ្យយើងសម្របខ្លួនទៅតាមវិបត្តិនោះ។ អ្វីៗទាំងអស់ត្រូវតែមានផែនការច្បាស់លាស់ ការអនុវត្តត្រឹមត្រូវ និងការត្រួតពិនិត្យជាប្រចាំ។ អ្វីដែលនាំឲ្យ ផាក កាហ្វេ អាចសម្របខ្លួនបានយ៉ាងរហ័សពេលមានវិបត្តិជម្ងឺកូវីដ១៩នេះ សុទ្ធតែមានផែនការ ការអនុវត្ត និងត្រួតពិនិត្យជាប្រចាំនិងច្បាស់លាស់។ យើងសង្ឃឹមថា វិបត្តិជម្ងឺកូវីដ១៩នឹងចប់ក្នុងពេលឆាប់ៗនេះ ហើយការប្រកបអាជីវកម្មនឹងបានប្រសើរឡើង៕

 

X
5s