សែលកាតបើកសម្ពោធ PlayGame App វេទិកាសម្រាប់លេងហ្គេមកម្សាន្ត ដំបូងគេនៅកម្ពុជា​



នាពេលថ្មីៗនេះ ក្រុមហ៊ុនសែលកាត បានពន្លឿនផែនការរបស់ខ្លួន ក្នុងការផ្តល់ជូនដល់សហគមន៍អ្នកគាំទ្រវិស័យហ្គេម នូវវេទិកា (platform) សម្រាប់លេងហ្គេមកម្សាន្ត ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរ កំពុងត្រូវបានជម្រុញឱ្យស្នាក់នៅក្នុងផ្ទះក្នុងអំឡុងស្ថានការណ៍ដ៏ពិបាកនេះ។

PlayGame គឺជាវេទិកា (Virtual gaming platform) សម្រាប់លេងហ្គេមកំសាន្តដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យមនុស្សគ្រប់វ័យ អាចលេងហ្គេមដែលពួកគេចូលចិត្តនៅលើទូរសព្ទ័ស្មាតហ្វូន ហើយថែមទាំងមានឱកាសឈ្នះនូវប្រាក់រង្វាន់ជាច្រើនទៀតផង។

ប្អូនៗយុវជននៅទូទាំងប្រទេសកម្ពុជា សុទ្ធតែអាចចូលរួមនៅក្នុងវេទិការនេះដើម្បីលេងហ្គេមកំសាន្តសប្បាយបាន ដោយពួកគាត់គ្រាន់តែចូលទៅទាញយកកម្មវិធី PlayGame នៅលើហាងកម្មវិធីរបស់ iOS និង Android។

អ្នកប្រើប្រាស់បណ្តាញទូរស័ព្ទចល័តគ្រប់ប្រព័ន្ធទាំងអស់ អាចបង់សេវាដើម្បីចូលរួមលេងកំសាន្ត តាមរយៈការប្រើកាតកោសរបស់សែលកាត ឬការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអនឡាញ។ ក្នុងនោះ អ្នកលេងហ្គេមនឹងទទួលបាននូវជម្រើសជាច្រើនដូចជា ការលេងតែម្នាក់ឯង ការលេងជាក្រុមជាមួយមិត្តភក្តិ ឬការលេងជាមួយអ្នកដទៃផ្សេងទៀតជាដើម។ កាន់តែពិសេសទៀតនោះ អ្នកដែលឈរនៅលើកំពូលគេក្នុងតារាងចំណាត់ថ្នាក់ នឹងទទួលបានប្រាក់រង្វាន់ ដែលនឹងទូទាត់ជូនដោយស្វ័យប្រវត្តិចូលទៅក្នុងគណនី PlayGame របស់ពួកគាត់ ហើយប្រាក់រង្វាន់ទាំងនោះ ក៏អាចដកយកជាសាច់ប្រាក់តាមរយៈវីងបានផងដែរ។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឱ្យដឹងថា PlayGame គឺជាការផ្តល់ជូនដ៏គួរឱ្យរំភើបបំផុតមួយ ដែលឋិតនៅក្នុងយុទ្ធសាស្ត្រនៃការគាំទ្រ និងការពង្រីកវិស័យហ្គេមរបស់សែលកាត។

លោក Watson បានថ្លែងទៀតថា៖ “យើងបានសម្រេចចិត្តក្នុងការបើកសម្ពោធគម្រោងនេះលឿនជាងការរំពឹងទុក ព្រោះយើងចង់ជួយឱ្យប្អូនៗយុវជន ទទួលបានការកំសាន្តរីករាយ បន្ទាប់ពីការសិក្សា និងអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកដោយសុវត្ថិភាពតាមប្រព័ន្ធអនឡាញ”។

 “PlayGame មានផ្តល់ជូននូវហ្គេមគ្រប់ប្រភេទ និងគ្រប់កំរិតដល់ប្អូនៗយុវជន អ្នកគាំទ្រទាំងអស់ ដោយក្នុងនោះមានរាប់បញ្ចូលទាំងអ្នកលេងកីឡាអេឡិចត្រូនិចអាជីព អ្នកលេងកម្រិតធម្មតា និងអ្នកលេងដែលមានបំណងគ្រាន់តែចង់កំសាន្តសប្បាយជាមួយប្រភេទវីដេអូហ្គេមងាយៗជាដើម។ 

សហគមន៍អ្នកគាំទ្រវិស័យហ្គេម ថែមទាំងអាចរីករាយជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន រួមមានទាំងទឹកប្រាក់រហូតដល់ទៅ ១,០០០ ដុល្លារ សម្រាប់ប្រភេទហ្គេមដែលកំពុងពេញនិយមបំផុតដូចជា PUBG, Mobile Legends និង Rules of Survival។

វេទិកា PlayGame នឹងផ្តល់ឱកាសឱ្យសែលកាត អាចរៀបចំនូវកម្មវិធីប្រកួតកីឡាអេឡិចត្រូនិចខ្នាតធំតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមបង្កបរិយាកាសសប្បាយពីសំណាក់បុគ្គលមានប្រជាប្រិយភាព (Game Infuencers)ក្នុងវិស័យហ្គេម និងអ្នកផ្សាយហ្គេមតាមអនឡាញល្បីៗនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក Watson បានថ្លែងថា៖ “PlayGame គឺជាប្រភពនៃការកំសាន្តសប្បាយដ៏អស្ចារ្យ ដែលអាចឱ្យសហគមន៍អ្នកគាំទ្រវិស័យហ្គេមទូទាំងប្រទេសកម្ពុជា អាចប្រមូលផ្តុំ ជួបជុំជជែកគ្នា ឬបង្កើនសមត្ថភាពលេងហ្គេមរបស់ពួកគេ ដើម្បីក្លាយខ្លួនជាកីឡាករអេឡិចត្រូនិចអាជីពដូចក្រុម Orange Esports ជាដើម៕

 

X
5s