បុរសមានហានិភ័យខ្ពស់ឈានទៅរកគ្រោះថ្នាក់ដល់ជីវិតបន្ទាប់ពីឆ្លងវីរុស COVID-19 ព្រោះមូលហេតុនេះ​



អ្នកជំនាញផ្នែករោគរាតត្បាតបាននិយាយថា ពួកគេត្រូវចំណាយពេលបន្តិចទៀតដើម្បីសិក្សាស្វែងយល់ពីដើមទង និងលក្ខណៈចម្លងជាក់លាក់នៃវីរុសកូវីដ ១៩។ ការសិក្សារបស់អ្នកជំនាញបានបង្ហាញទិន្នន័យថា បុរសនិងនារីមានឱកាសប្រហាក់ប្រហែលគ្នាក្នុងការឆ្លងវីរុសមួយនេះ តែសម្រាប់អត្រានៃការទទួលមរណភាពឬប៉ះពាល់ដល់ជីវិតគឺបុរសមានអត្រាខ្ពស់ជាងស្ត្រី។

ការចេញផ្សាយពីសារព័ត៌មាន CNN បានឲ្យដឹងថា នៅពេលដែលអ្នកវិទ្យាសាស្ត្រពិនិត្យមើលអ្នកជំងឺ ៤៤ ៦៧២ នាក់បានបញ្ជាក់ថាមានជំងឺនេះពួកគេបានរកឃើញថាមានបុរស ១០៦ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានស្ត្រី ១០០ នាក់។ ក្នុងនោះដែរ ផលប៉ះពាល់លើបុរសហាក់ដូចជាអាក្រក់ជាងស្រ្តី ព្រោះតាមរយៈការសិក្សា ២.៨% នៃបុរសដែលបានឆ្លងវីរុសកូវីដ ១៩ បានស្លាប់ ខណៈស្រ្តីដែលរងផលប៉ះពាល់ដល់ជីវិតមានត្រឹមតែ ១.៧% ប៉ុណ្ណោះ។

លោកស្រី Sabra Klein ជាអ្នកវិទ្យាសាស្ត្រដែលសិក្សាពីភាពខុសគ្នាលើអត្រានៃការ និងស្លាប់ផ្អែកតាមភេទ នៅសកលវិទ្យាល័យ Johns Hopkins បាននិយាយថា៖ «បុរសមានលទ្ធភាពទទួលរងហានិភ័យដោយសារកូវីដ ១៩»។ លោកស្រី Sabra Klein មានប្រសាសន៍ប្រាប់ទៅសារព័ត៌មាន Bloombergថា មូលហេតុដែលនាំឲ្យបុរសងាយរងគ្រោះជាងស្ត្រី ខណៈអត្រាឆ្លងវីរុសនេះមានស្ទើរតែស្មើគ្នា ក៏ព្រោះតែស្រ្តីមានប្រព័ន្ធភាពស៊ាំរឹងមាំជាងបុរស (គិតធៀបក្នុងលក្ខខណ្ឌអាយុដូចគ្នា)។ ក្រៅពីនេះ គេបានរកឃើញមូលហេតុមួយចំនួនផ្សេងទៀតគឺ បុរសជាអ្នកដែលជក់បារីច្រើនជាងមនុស្សស្រី បូករួមជាមួយការរក្សាអនាម័យរបស់បុរសដូចជាការលាងដៃជាដើម គឺមិនសូវជាហ្មត់ចត់ដូចស្រ្តី។

ប្រភពរូបពី៖ CNN

តាមទិន្នន័យពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា កូវីដ ១៩ មានអត្រានៃការឆ្លងខ្ពស់ តែជាង ៨០% នៃអ្នកឆ្លងមានអាការៈនិងរោគសញ្ញាស្រាល ងាយជាសះស្បើយ ១៤% អាចវិវត្តិទៅជាធ្ងន់ និង ៥%ទៀតអាចឈានដល់កម្រិតគ្រោះថ្នាក់ដល់ជីវិត។ តែទោះជាយ៉ាងណា គេនៅតែចាត់ទុកថាការការឆ្លងនៃវីរុសមួយនេះជាក្តីបារម្ភខ្លាំងសម្រាប់ពិភពលោក ជាក់ស្តែងនៅទីក្រុង Bergamo ភាគខាងជើងនៃប្រទេសអ៊ីតាលីត្រូវបានរងគ្រោះយ៉ាងខ្លាំងដោយសារការឆ្លងនេះ ហើយពួកគេក៏បានបញ្ជូនអ្នកជំងឺដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស ដើម្បីទទួលការថែទាំនិងព្យាបាលកម្រិតខ្ពស់។

ប្រភពរូបពី៖ CNN

ដោយឡែកអ្នកស្រាវជ្រាវក៏បានរកឃើញថា កុមារនៅក្នុងប្រទេសចិនបង្ហាញរោគសញ្ញាមិនសូវធ្ងន់ធ្ងរជាងមនុស្សពេញវ័យទេ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រកុមារបានបង្ហាញកាលពីថ្ងៃច័ន្ទថា ពួកគេបានពិនិត្យលើកុមារដែលវិជ្ជមានលើករណី Covid-19 ចំនួន ៧៣១ នាក់ក្នុងចំណោម ១ ៤១២ ករណីដែលមានការសង្ស័យលើការឆ្លង។ ជាមួយគ្នានេះដែរជាង ៩០ ភាគរយនៃអ្នកជំងឺកុមារទាំងអស់គ្រាន់តែមានអាការៈមិនស្រួលខ្លួន ឬបង្ហាញពីរោគសញ្ញាជំងឺស្រាលឬទូទៅ។ ប្រហែលជា ១៣% នៃអ្នកជំងឺដែលបានធ្វើតេស្តវិជ្ជមានចំពោះវីរុសមិនបានបង្ហាញរោគសញ្ញានៃជំងឺនោះទេ ក្នុងចំណោមអ្នកជំងឺជាកុមារ ២ ១៤៣ ករណី មានតែក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់បានស្លាប់ និងជិត ៦% ទៀតឈានចូលករណីធ្ងន់ធ្ងរ។

ប្រភពរូបពី៖ CNN

ទិន្នន័យចុងក្រោយពីប្រទេសអ៊ីតាលីចេញផ្សាយដោយសារព័ត៌មាន CNN ជាប្រទេសដែលកំពុងទទួលរងរងគ្រោះខ្លាំងបំផុតនៅអឺរ៉ុបបានបង្ហាញថាពីអត្រាមរណភាពបែងចែកតាមវ័យ និងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នកជំងឺ ពោលគឺបញ្ហាសុខភាព។ យោងតាមវិទ្យាស្ថានសុខភាពជាតិអ៊ីតាលី អាយុជាមធ្យម (Median) របស់អ្នកដែលបានស្លាប់បន្ទាប់ពីឆ្លងវីរុសនៅប្រទេសអ៊ីតាលីមានអាយុ ៨០.៥ឆ្នាំ ខណៈអាយុកម្រិតមធ្យម (Median) នៃអ្នកដែលឆ្លងជំងឺមានអាយុ ៦៣ ឆ្នាំ។ ក្នុងនោះអ្នកជំងឺជនជាតិអ៊ីតាលី ដែលជាស្ត្រីមានតែ ៣០% នៃចំនួនអ្នកស្លាប់សរុប និងអាយុជាមធ្យមនៅពេលស្លាប់គឺខ្ពស់ជាងបុរសគឺ ៨៣,៦ ឆ្នាំ។

ប្រភពរូបពី៖ CNN

រដ្ឋាភិបាលអ៊ីតាលីក៏បានរកឃើញដែរថា អ្នកដែលស្លាប់បន្ទាប់ពីឆ្លងកូវីដ ១៩ ភាគច្រើនជាអ្នកដែលមានបញ្ហាសុខភាពពី ២ ទៅ ៣ ពោលគឺជាមនុស្សដែលមានជំងឺប្រចាំកាយដូចជា អ្នកដែលមានបញ្ហាលើសសម្ពាធឈាមរ៉ាំរ៉ៃ (អត្រាខ្ពស់ជាងគេ) ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ អ្នកជំងឺដែលមានជំងឺប្រចាំកាយមួយ ឬ ពីរក្នុងចំណោមនេះ ឬក៏មានទាំងបីតែម្តង ងាយទទួលរងគ្រោះថ្នាក់បំផុត។

ប្រភពរូបពី៖ CNN

ផ្ទុយទៅវិញ របាយការណ៍ពីមន្រ្តីសុខាភិបាលនៅប្រទេសបារាំងបានរកឃើញថាពាក់កណ្តាលនៃអ្នកជំងឺដែលមានផ្ទុកវីរុសកូវីដ ១៩ ដែលកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅទូទាំងប្រទេសគឺមានអាយុក្រោម ៦០ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាក្តីព្រួយបារម្ភសម្រាប់បារាំង។ លោក Geneviève Chêne អគ្គនាយកសុខាភិបាលសាធារណៈបារាំងបានមានប្រសាសន៍ថា៖ «យើងកំពុងស្ថិតក្នុងស្ថានការណ៍លំបាកមួយ ព្រោះការឆ្លងរាលដាលនៃកូវីដ ១៩ ក្នុងប្រទេសបារាំងនៅពេលនេះព្រោះវាកំពុងដើរទៅរកភាពធ្ងន់ធ្ងរ ហើយក្រុមមនុស្សដែលមានវ័យក្មេងក៏កំពុងរងផលប៉ះពាល់ដែរ» លោកបានថ្លែងបែបនេះក្នុងបទសម្ភាសន៍តាមវិទ្យុ។

ក្រុមអ្នកជំនាញបានព្រមានទៅដល់អ្នកដែលមានវ័យក្មេង (យុវវ័យដែលគិតថាខ្លួនមានប្រព័ន្ធភាពស៊ាំខ្លាំង) ថា ទោះបីជាពួកគេភាពច្រើនអាចនឹងមានសភាពជំងឺស្រាលបន្ទាប់ពីឆ្លងក៏ពិតមែន តែពួកគេនៅតែមានអត្រាទទួលហានិភ័យខ្ពស់ដដែល។ ក្នុងករណីដែលពួកគេឆ្លង គឺមានអត្រាខ្ពស់ក្នុងការចម្លងទៅអ្នកដទៃព្រោះពួកគេអាចនឹងចេញរោគសញ្ញាតិច ឬអ្នកខ្លះគ្មានរោគសញ្ញាគួរឲ្យកត់សម្គាល់សោះក៏មាន៕

ដោយ៖ យ៉ាយ៉ា

X
5s