មូលនីធិ ជែក ម៉ា និងអាលីបាបា មកដល់កម្ពុជាដើម្បីប្រយុទ្ធនឹងកូវីដ១៩
កញ្ចប់ធ្វើតេស្តដែលជាអំណោយប្រគល់ជូនដោយមូលនីធិ ជែកម៉ា (Jack Ma) និងមូលនីធិ អាលីបាបា (Alibaba Foundation) បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃនេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ ១៩។
ថ្ងៃនេះ នៅក្នុងពិធីដែលចូលរួមដោយ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រគល់កញ្ចប់ធ្វើតេស្តឲ្យជាផ្លូវការដល់ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជានៅឯទីស្តីការក្រសួងសុខាភិបាល។ ហើយក្រសួងសុខាភិបាលកម្ពុជានឹងបែងចែកឧបករណ៍ធ្វើតេស្តទាំងនេះទៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង មានប្រសាសន៍ថា “យើងកំពុងចាត់គ្រប់វិធានការដែលចាំបាច់ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវិដ ១៩ និងបង្ការមិនឲ្យឆ្លងបន្តទៀត។ សម្ភារវេជ្ជសាស្រ្តដែលទើបតែមកដល់នេះ គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ និងបង្ការមេរោគនេះបានយ៉ាងទាន់ពេលវេលា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបាបា ចំពោះការជួយឧបត្ថម្ភនេះ។”
តំណាងមូលនីធិ ជែក ម៉ា បានថ្លែងថា “កិច្ចសហប្រតិបត្តិការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ ១៩ នេះ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា អំណោយនេះនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសហគមន៍របស់ខ្លួន។ ជាមួយនឹងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យយើងមានលទ្ធភាពនាំចូល និងដឹកជញ្ជូនឧបករណ៍ធ្វើតេស្តដែលគេកំពុងតែត្រូវការទាំងនេះបានយ៉ាងឆាប់រហ័ស។”
អំណោយប្រគល់ជូនប្រទេសកម្ពុជាលើកនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តពីសំណាក់មូលនីធិទាំងនេះក្នុងការផ្តល់ជូននូវសម្ភារវេជ្ជសាស្រ្តទៅដល់ប្រទេសនៅអាស៊ីចំនួន ១០ប្រទេស ដែលទើបបានប្រកាសនៅថ្ងៃទី ២១ ខែមីនា ថ្មីៗនេះ។ ប្រទេសទាំង ១០នោះរួមមាន កម្ពុជា អាហ្គានីស្ថាន បង់ក្លាដេស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្ការ។ ជារួមប្រទេសទាំង ១០នេះនឹងទទួលម៉ាសសរុបចំនួន ១,៨ លានបន្ទះ, កញ្ចប់ធ្វើតេស្តចំនួន ២១០ ០០០ កញ្ចប់, និងសំលៀកបំពាក់ការពារខ្លួនចំនួន ៣៦ ០០០ សម្រាប់ ក៏ដូចជាឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗដ៏ទៃទៀតដូចជា កង្ហារខ្យល់ និងទែរម៉ូម៉ែត្រវាស់កម្តៅថ្ងាស់។
អំណោយទាំងនេះគឺជាកិច្ចផ្តួចផ្តើមផ្តល់ជំនួយពីមូលនីធិ ជែក ម៉ា និងមូលនីធិ អាលីបាបា ដើម្បីគាំទ្រដល់តំបន់នានានៅលើពិភពលោកដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិកូវីដ ១៩។ អំណោយទាំងនេះរួមមានការយក និងប្រគល់សម្ភារវេជ្ជសាស្ត្រផ្សេងៗឲ្យទៅប្រទេស និងតំបន់នានានៅអាស៊ី, អាមេរិកខាងជើង, អាមេរិកឡាទីន, អ៊ឺរ៉ុប, និងអាហ្រ្វិក។
មូលនីធិទាំង ២ បានបោះពុម្ពផ្សាយ និងចែកចាយកូនសៀវភៅដែលណែនាំលម្អិតអំពីមេរៀន និងការអនុវត្តន៍ល្អៗពីមន្ទីរពេទ្យ First Affiliated Hospital, សាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជឺជាំង (Zhejiang University School of Medicine), សម្រាប់អ្នកជម្ងឺមេរោគកូវីដ ១៩៖ https://covid-19.alibabacloud.com/
កិច្ចផ្តួចផ្តើម និងអំណោយថ្មីៗជាច្រើនទៀតត្រួវបានគេរំពឹងថាមានចេញប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ។
គួរឲ្យដឹងផងដែរថា មូលនីធិនេះបង្កើតឡើងដោយលោក ជែក ម៉ា ស្ថាបនិកនៃអាលីបាបាគ្រុប នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ហើយផ្តោតអារម្មណ៍លើវិស័យអប់រំ, សហគ្រិនភាព, ភាពជាអ្នកដឹកនាំរបស់ស្រ្តី, និងបរិស្ថាន។ មូលនីធិនេះចង់ក្លាយខ្លួនទៅជាអង្គការសប្បុរសធម៌មួយដែលអាចទុកចិត្តបាន និងមានការចូលរួម។ រហូតមកដល់ពេលនេះ មូលនីធិ ជែក ម៉ា បានគាំទ្រគម្រោងជាច្រើននៅលើពិភពលោករួមមាន កម្មវិធីអប់រំនៅជនបទរបស់លោក ជែក ម៉ា, កិច្ចផ្តួចផ្តើមពានរង្វាន់សហគ្រិនអនឡាញនៅអាហ្រ្វិក (Africa Netpreneur Prize Initiative), កម្មវិធីអាហារូបករណ៍ ម៉ា និងម៉ូលី, និងមូលនីធិ រ៉ានីញ៉ា របស់ម្ចាស់ក្សត្រីប្រទេសហ្សកដង់។ លើសពីនេះមូលនីធិនេះបានផ្តល់ថវិកាឧបត្ថម្ភដល់គម្រោងមួយចំនួននៅតំបន់អាទិភាពរបស់ខ្លួន។ មូលនីធិ ជែក ម៉ា មានការប្តេជ្ញាចិត្តពង្រឹងសេចក្តីអង់អាចអ្នកអប់រំនៅជនបទ, សហគ្រិន, កុមារជនបទ, អ្នកទើបចាប់ផ្តើមអាជីវកម្មវ័យក្មេង, និងស្រ្តីដើម្បីឲ្យពួកគេកសាងនូវសង្គមមួយនាពេលអនាគតប្រកបដោយសុភមង្គលជាងមុន, សុខភាពល្អជាងមុន, មាននិរន្តរភាពជាងមុន, និងបរិយាបណ្ណជាងមុន។
មូលនីធិ អាលីបាបា ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១១ ក្នុងគោលបំណងបង្កើតវប្បធម៌មួយដែលលើកទឹកចិត្តប្រជាជននានាឲ្យចូលរួមក្នុងវិស័យសប្បុរសធម៌, ធ្វើឲ្យវាមាននិរន្តរភាព និងចូលរួមចំណែកទៅនឹងសង្គមស៊ីវិល និងធម្មជាតិយ៉ាងពិតប្រាកដ។ ទិដ្ឋភាពផ្តល់ថវិកាគាំទ្ររបស់មូលនីធិនេះរួមមាន៖ ការការពារទឹក, ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន, និងការអភិវឌ្ឍន៍អង្គការ/ស្ថាប័ន បៃតង។ អាលីបាបាគ្រុបមានការប្តេជ្ញាចិត្តបរិច្ចាកមួយភាគរយនៃចំណូលប្រចាំឆ្នាំរបស់ខ្លួនទៅឲ្យមូលនីធិអាលីបាបា ដើម្បីធានាឲ្យមានចរន្តថវិការយៈពេលវែង និងស្ថិរភាពដែលនឹងអនុញ្ញាតឲ្យមានការឆ្លើងតបទៅនឹងព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិបានទាន់ពេលវេលា ឬដើម្បីពង្រីកគម្រោងសប្បុរសធម៌នានា៕