កូវីដ១៩៖ បទពិសោធន៍ដែលមិននឹកស្មានដល់
វីរុសកូរ៉ូណាជាក្រុមវីរុសម្យ៉ាងមានទ្រង់ទ្រាយដូចជាម្កុដនៅពេលដែលមើលតាមអតិសុខុមទស្សន៍ ហើយត្រូវបានរកឃើញដំបូងនៅចុងបណ្តាឆ្នាំ១៩៦០។ វាជាប្រភេទនៃវីរុសអាចបណ្តាលជាជម្ងឺទាំងលើសត្វនិងមនុស្ស។ ជម្ងឺសារ (SARS) ដែលបានរាតត្បាតពិភពលោកនៅឆ្នាំ២០០២-២០០៣ ជាឧទាហរណ៍នៃវីរុសកូរ៉ូណាមួយ។
ទំនងជាដោយសារម៉ាស់ថ្លៃ ស្ត្រីខ្មែររូបនេះប្រើស្បោងប្លាស្ទិចជាជំនួស
ការលេចឡើងនៃវីរុសកូរ៉ូណាថ្មីត្រូវបានសម្គាល់ថា SARS-CoV-2 នៅចុងឆ្នាំ២០១៩។ ការឆ្លងពីវីរុសក្រោយនេះត្រូវបានសង្កេតឃើញផ្តើមចេញពីក្រុងវូហាន ដោយករណីអ្នកឆ្លងជំងឺដំបូងនៅក្នុងខែធ្នូឆ្នាំកន្លងមក។ នៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានផ្តល់ជាផ្លូវការ ឈ្មោះជំងឺបណ្តាលឡើងពីវីរុសកូរ៉ូណាថ្មីនេះថា COVID-19 ដែលជាពាក្យបំព្រួញនៃពាក្យ Coronavirus Disease 2019។
វីរុសកូរ៉ណាថ្មី បានឆ្លងរាលដាលយ៉ាងលឿនទៅតំបន់ជាច្រើននៅក្នុងពិភពលោក។ នៅថ្ងៃទី១១ ខែមិនា អង្គការពិភពលោកខាងដើមប្រកាសអាសន្នថា កូវីដ ១៩ ជាជំងឺឆ្លងមួយ ដែលអាចបង្កការរាតត្បាតទៅកាន់តំបន់ផ្សេងៗនៃពិភពលោក។ ចេញពីចិន ជំងឺនេះ ឆ្លងទៅប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង ខាងជើង ជប៉ុន អ៊ីរ៉ង់ និងអឺរ៉ុប ។ល។ កម្ពុជាក៏មានករណីនៃជំងឺឆ្លងនេះដែរ។
ប្រភព៖ pixabay
របៀបនៃការឆ្លង
នៅពេលអ្នកផ្ទុកជំងឺដកដង្ហើម ក្អក កណ្តាស់ ជាការរុញច្រានដំណក់តូចៗដែលមានវីរុសមកខាងក្រៅ។ នៅពេលដែលវីរុសទាំងនេះចូលមាត់ឬច្រមុះនរណាដែលនៅជិត ហើយខ្វះការប្រុងប្រយ័ត្ននោះ វាបង្កើតជាការឆ្លងទៅមនុស្សផ្សេងទៀត។ ការចាប់ដៃជាមួយអ្នកមានជំងឺក៏ជាផ្នែកមួយនាំដល់ការឆ្លងនេះដែរ។ ក្រៅពីនេះ វាក៏ឆ្លងតាមរូបភាពប្រយោល ដូចជាការចាប់ ពាល់ កាន់វត្ថុដែលដិតដាមដោយវីរុសរួចទៅហើយ ដូចជាបង្កាន់ដៃ ដៃទ្វារ រួចហើយយកមកប៉ះពាល់ច្រមុះ មាត់ ឬភ្នែកខ្លួនឯង។ ការស្ថិតក្នុងបន្ទប់ជាមួយអ្នកមានជំងឺ ក៏ធ្វើឱ្យហានិភ័យនៃការឆ្លងកើនឡើងបានដែរ។ ការជួបជុំនៅកន្លែងសាធារណៈដូចជានៅផ្សារ សាលារៀន កន្លែងធ្វើការ បុណ្យនិងពិធីផ្សេងៗ ជាបច្ច័យដល់ការចម្លង កាន់តែលឿននិងទ្រង់ទ្រាយធំ។
ប្រភពរូប៖ Pixabay
វិធានការការពារនិងអន្តរាគមន៍
វិធានការការពារត្រូវប្រកាន់យកដោយបុគ្គល ក្រុមគ្រួសារ អង្គភាព/សហគ្រាសនិងរដ្ឋាភិបាល។ ករណីជាបុគ្គល និងក្រុមគ្រួសារគួរប្រកាន់អនាម័យ ការប្រុងប្រយ័ត្នការរក្សាខ្លួននៅដាច់ឆ្ងាយពីមនុស្សម្នាផ្សេងៗ ការបរិភោគវត្ថុចម្អិនបានល្អនិងការហាត់ប្រាណ។ ការពាក់ម៉ាស់ឬលាងដៃមិនគ្រប់គ្រាន់ទេ គួរបរិភោគនិងសម្រាកគ្រប់គ្រាន់ ដើម្បីរក្សាអង្គបដិបក្សក្នុងខ្លួនឱ្យរឹងមាំផង។ គួរចៀសវាងចូលរួមព្រឹត្តិការណ៍សង្គមឱ្យបានជាអតិបរមា។
កុំភ្លេចថា បើមានសមាជិកគ្រួសារណាឆ្លង វាងាយនឹងបណ្តាលឱ្យសមាជិកដទៃឆ្លង និងមានជំងឺដូចគ្នា។ អង្គភាពក៏ដូចគ្នាដែរគួរកាត់បន្ថយការប្រជុំ សម្អាតវត្ថុដែលប្រើជាមួយគ្នា ដាក់សាប៊ូ ទឹកអាកុល សម្អាតកន្លែងដូចជា បង្កាន់ដៃ បន្ទប់យោង សាលប្រជុំ ឬអាចឱ្យធ្វើការពីលំនៅដ្ឋានក៏ជាជម្រើសមួយល្អដែរ។
ចំណែកវិធានការសុខភាពសាធារណៈ ដែលកំហិតការឆ្លងរាលដាល គឺការធ្វើការអប់រំឱ្យបានទូលាយ ធ្វើតេស្តនិងកំណត់ពីអ្នកឆ្លងជំងឺឱ្យបានរហ័ស ដាក់នៅដោយឡែកនូវអ្នកមានជំងឺកូវីដ១៩ ផ្តល់ការព្យាបាលយ៉ាងមានប្រសិទ្ធភាព កាត់ផ្តាច់និងឯកោផ្នែកសង្គម ដូចជាបិទសាលារៀន ធុរកិច្ចនិងការប្រជុំធំៗ ការជួបជុំសាសនា កាត់ផ្តាច់ការចរាចរណ៍ពីកន្លែងមួយទៅមួយក៏ដូចជាផ្អាកចរន្តនៃការចេញ/ចូលទៅក្រៅតំបន់ឬប្រទេស។ ក្រៅពីនេះ រដ្ឋាភិបាលក៏ត្រូវមានវិធានការរយៈពេលខ្លីដូចជាសម្រាលដល់ធុរកិច្ចជាពិសេសខ្នាតតូចដើម្បីអាចរស់រាន ក៏ដូចជាពលរដ្ឋងាយរងគ្រោះដែរ។ សម្រាប់រយៈពេលវែង គឺការជួយសហគ្រាសទាំងឡាយតាមនយោបាយសារពើពន្ធនិងរូបិយវត្ថុដើម្បីដំណើរការបានក្រោយដែលការរាតត្បាតដោយជំងឺត្រូវបានបញ្ចប់។
ទ្រឹស្តីនៃការសមគំនិត ( Conspiracy theories)
ទ្រឹស្តីពីការសមគំនិត គឺជាជំនឿដែលថាព្រឹត្តិការណ៍ ឬស្ថានការណ៍ណាមួយរៀបចំដោយអ្នកណាមួយ។ មានទ្រឹស្តីពីការសមគំនិតផ្សេងៗ លេចឡើងជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដូចជាថា មន្ទីរពិសោធន៍វីរុសសាស្ត្រជាប្រភពដើមនៃការលេចធ្លាយ និងសាយភាយវីរុសថ្មីនេះ។ វាក៏មានការសង្ស័យថា វិជ្ជាស្ថានវីរុសសាស្ត្រវូហាន ថាជាកន្លែងបង្កឱ្យលេចឡើង និងប្រភពជាក់ស្តែងនៃវីរុសថ្មីស្ថិតនៅជាអាថ៌កំបាំងដែលមិនទាន់អាចបំបាត់ក្តីមន្ទិលនៅឡើយ។ ជាមួយគ្នានោះដែរ មានការសង្ស័យថា ចិនមានមហិច្ឆតាបង្កើតអាវុធជីវសាស្ត្រស្របគ្នានឹងការប្រឈមគ្នាកាន់តែតានតឹងជាមួយអាមេរិក ក៏ដូចជាមហិច្ឆតាគ្រប់គ្រងពិភពលោករបស់អ្នកដឹកនាំ លោកស៊ីជិងពិងដែរ។
ពាក្យចចាមអារ៉ាមត្រូវបានចែកចាយតាមអ៊ិនធឺណែតពីចិនផងដែរ។ The South China Morning Post នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មិនបានចាត់ពត៌មានថា នាយិកាវិជ្ជាស្ថានគឺអ្នកស្រី Wang Yanyi បានលក់សត្វដែលរងការពិសោធន៍របស់វិជ្ជាស្ថានទៅទីផ្សារលក់សត្វនិងអាហារសមុទ្ទហ៊ូណានថា ត្រឹមត្រូវទេ។ ចំណែក អ្នកវីរុសសាស្ត្រដែលពិនិត្យទម្រង់ហ្សែន (Genome) និងអ្នកឯកទេសផ្នែកជំងឺឆ្លងដែលសិក្សាពីវីរុសកូរ៉ូណា សន្និដ្ឋានថា ពួកគេមានភ័ស្តុតាងថា វីរុសថ្មីនេះកើតចេញពីធម្មជាតិ។ ពួកអ្នកឯកទេសខាងលើជាច្រើនលើកឡើងថា ការវិភាគលើហ្សែន (Genome analyses) នៃវីរុសពីបណ្តាប្រទេសជាច្រើនដែលឆ្លងជំងឺនេះ ថ្មីៗនេះដែរអះអាងនៅក្នុងទស្សនាវដ្តី The Lancet ថា វីរុសមានប្រភពចេញពីសត្វព្រៃ។
បើតាមភស្ត័តាង និងពត៌មានពីការរាតត្បាតសរសេរដោយអ្នកស្រាវជ្រាវបីនាក់នៅក្នុងទស្សនាវដ្តី New England Journal of Medicine ថា វីរុសថ្មីដែលមានប្រភពពីសត្វប្រជៀវនេះបានឆ្លងទៅសត្វអម្បូរផ្សេងដែលលក់នៅទីផ្សារសត្វរស់នៅចិន។ បើតាមអ្នកឯកទេសវិភាគហ្សែន Tanja Stadler នៅក្រុង Zurich (ស្វ៊ីស) ថា វីរុសបានឆ្លងទៅកាន់មនុស្សរួចទៅហើយក្នុងប្រទេសចិនតាំងពីពាក់កណ្តាលទី១ នៃខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ។
ម្យ៉ាងទៀត នៅពេលដែលជំងឺនេះសាយភាយពេញពិភពលោក ចិនដែលពីដំបូងគ្មានប្រតិកម្មទេនៅពេលដែលគេនិយាយថា «វីរុសវូហាន» នោះ ប៉ុន្តែចុងក្រោយបានឆ្លៀតបំផ្លាតពត៌មានថា ជំងឺនេះមិនមានប្រភពនៅប្រទេសចិនទេព្រមទាំងចោទថាមកពីអាមេរិកវិញ។ ទ្រឹស្តីនៃការសមគំនិតបានទាញអារម្មណ៍ប៉ុន្មានសប្តាហ៍នេះ ក្រោយពេលដែលអ្នកឯកទេសចិនផ្នែកជំងឺឆ្លងដ៏គួរឱ្យគោរពម្នាក់គឺ Zhong Nanshan និយាយនៅសន្និសិទសារពត៌មានថ្ងៃទី២៧ ខែកុម្ភៈថា បើទោះបីជាចិនជាកន្លែងដែលជំងឺនេះលេចឡើង ប៉ុន្តែវាក៏អាចដែរថា មិនមានប្រភពពីប្រទេសចិននោះទេ។ ក្រោយមកលោកបញ្ជាក់ថា ដើមដំបូងនៃការរកឃើញជំងឺនៅចិន តែមិនមែនបានសេចក្តីថា ចិនត្រូវតែជាប្រភពនោះទេ ។ គាត់និយាយបន្ថែមទៀតថា ប៉ុន្តែ យើងមិនអាចសន្និដ្ឋានថា វីរុសត្រូវបាននាំចូលពីក្រៅនោះក៏ទេដែរ។ ទាល់តែមានការអង្កេត និងពិនិត្យមើលដានរបស់វាទើបយើងអាចឆ្លើយសំណួរនេះ។ ចំណែក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន មន្ត្រីការទូតចិន ផ្តោតតែលើប្រយោគខាងដើមរបស់អ្នកប្រាជ្ញខ្លួនប៉ុណ្ណោះ ហើយលើកទឹកចិត្តពួកមន្ត្រីខ្លួនឱ្យបង្កើនការចែកចាយពត៌មាននេះ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការបដិសេធមិនឱ្យក្រុមគ្រូពេទ្យនិងអ្នកវិទ្យាសាស្ត្រអាមេរិកក្នុងការចូលទៅជួយចិនពីដំបូង អ្វីៗស្ថិតក្រោមការបញ្ជាពីបក្សកុំម្មុយនិស្ត សង្គមគ្មានតម្លាភាពនិងការបិទពត៌មាននៅតែធ្វើឱ្យពិភពលោកបន្តក្តីសង្ស័យលើចិនដដែល។
គ្រូពេទ្យ Li Wenliang ដែលផ្តល់ភេរវសញ្ញាមុនគេពីមេរោគកូរ៉ូណាថ្មីបានស្លាប់នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០
ការមើលស្រាលលើជំងឺ និងសកលភាវូបនីយកម្មជាកត្តាមួយនាំឱ្យការឆ្លងកាន់តែងាយនិងលឿន
ការធ្វើដំណើរពាសពេញពិភពលោក ក្នុងន័យ ការទូត នយោបាយ ពាណិជ្ជកម្មទេសចរណ៍ ឬ សាសនា និងក្នុងបំណងផ្ទាល់ខ្លួនជាការបង្កលក្ខណៈងាយស្រួលក្នុងការចម្លងពីតំបន់មួយទៅមួយពីប្រទេសមួយទៅមួយដែរ។ ម្យ៉ាងទៀតបញ្ហាសមត្ថភាព កង្វះប្រសិទ្ធភាព និងកិច្ចសហការរវាងបណ្តាប្រទេស និងក្នុងរង្វង់ប្រទេសធ្វើឱ្យការរាតត្បាតមានលក្ខណៈលឿនបំផុត។ វាក៏ជាមេរៀនដែលយើងអាចរៀនសូត្របានខ្លះដែរ។
យើងអាចលើកសំណួរថា ហេតុអ្វីបានជានៅទ្វីបអឺរ៉ុបនិងអាមេរិកដែលជាកន្លែងមានវេជ្ជសាស្ត្រជឿនលឿនបំផុតមានការឆ្លងលឿនក្នុងរយៈពេលខ្លីនោះ? មូលហេតុអាចមាន៖
- ពួកគេធ្វើដំណើរមកក្រៅប្រទេសច្រើន។ ដោយសារកិច្ចការធុរកិច្ច មួយចំនួនចេញចូលប្រទេសចិន។ ក្រៅពីនេះ ចុងខែមករា និងខែកុម្ភៈ ពួកអឺរ៉ុបខ្លះធ្វើជាទេសចរណ៍នៅតំបន់ផ្សេងដែលមានអាកាសធាតុក្តៅជាង។
- ជនជាតិចិនរស់នៅស្ទើរគ្រប់តំបន់ នៃពិភពលោកហើយអ្នកជាពាណិជ្ជករក៏ច្រើនដែរដែលធ្វើដំណើរច្រើនដូចគ្នា។
- ការប្រកាសអាសន្នពីកូវីដ១៩ ជាផ្លូវការរបស់រដ្ឋាភិបាលចិនធ្វើនៅថ្ងៃទី២៣ ខែមករា ដែលយឺតបន្តិចទៅហើយ ហើយការកំណត់ថា ជាជំងឺឆ្លងរាតត្បាតដោយអង្គការសុខភាពពិភពលោកទាល់តែដល់ថ្ងៃ១១ ខែមិនាដែរ។
- ការធ្វេសប្រហែសរបស់មនុស្សទាំង អាជ្ញាធរ ទាំងប្រជាជន។ កត្តាមួយគឺ អត្រានៃអ្នកស្លាប់ក្នុងបណ្តាអ្នកឆ្លងជំងឺកូវីដ១៩ មានតែជិត៤% នៅពេលដែលអ្នកស្លាប់ដោយផ្តាសាយមាន ០.១% និងទាបជាងជំងឺប្រល័យដទៃដូចជាជំងឺ SARS មាន ១០% និងជំងឺ MERS មានរហូតដល់ទៅ ៣៤% ឬគ្រុនឈាមដែលមានអត្រាអ្នកស្លាប់ពី ៣០ ទៅ ៥០ភាគរយ។ ជាបន្ថែម គេមិនបានចាប់ភ្លឹកគ្រប់គ្រាន់ថា អត្រានៃការឆ្លងកូវីដ១៩ ខ្ពស់ ដោយសាររយៈពេលបង្ករោគ (Incubation period) វែងដែលជួយសម្រួលដល់ការឆ្លងបានទូលាយនោះ។ យុវជនអាមេរិកខ្លះធ្វើដំណើរដោយគ្មានរអែង រីករាយនឹងថ្លៃដឹកជញ្ជូនចុះថោក។
- ម្យ៉ាងទៀត នៅអឺរ៉ុបដូចជានៅអ៊ីតាលី ជាដើម អត្រាខ្ពស់នៃអ្នកមានវ័យចំណាស់ គឺពួកនេះហើយដែលងាយរងគ្រោះនៃជំងឺនេះ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០១៥ បង្ហាញថា ប្រជាជនអ៊ីតាលីអាយុ ៦០ ឆ្នាំឬចាស់ជាងនេះមាន ២៨,៦%នៃប្រជាជនសរុប។ តួលេខនេះនាំឲ្យអ៊ីតាលីឈរលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីប្រទេសជប៉ុន។
- ការអនុវត្តដាក់តំបន់ដែលរាតត្បាតដោយជំងឺកូវីដ១៩ ឱ្យនៅឯកោនៅតំបន់ខ្លះនៅអឺរ៉ុបមិនសូវមានប្រសិទ្ធភាពដូចនៅចិនទេ ព្រោះអ្នកនៅតំបន់ត្រួត ត្រានេះខ្លះអាចលួចចេញទៅរស់នៅក្រុងផ្សេង។ គួរកត់សម្គាល់ថា នៅពេលដែលប្រទេសដទៃកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩ នៅប្រទេសចិនវិញការឆ្លងរាលដាលបានថយចុះ។
ផលវិបាកចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
សេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មពិភពលោករងការប៉ះពាល់ជាអវិជ្ជមាន។ យើងអាចសង្កេតឃើញជាទូទៅ។ ផលប៉ះពាល់ដោយសារកត្តាពីរសំខាន់គឺ ការប៉ះពាល់ លើផ្នែកផ្គត់ផ្គង់ (Supply chain shock) និង (Demand shock)។ កាលពីមុន ផលប៉ះពាល់នៃ ជំងឺឆ្លងនានាមិនបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងគ្រោះខ្លាំងនោះទេ។ ការលេចឡើង នៃ ជំងឺសារ (SARS) ថ្វីបើកើតមានដំបូងនៅប្រទេសចិនដែរក៏ដោយ តែចិនកាលនោះមានតួនាទីតិចជាងសព្វថ្ងៃនៅក្នុងវិភាគទាននៃសេដ្ឋកិច្ចពិភពលោក។ កាលឆ្នាំ២០០២- ២០០៣ ចិនមានលំដាប់ទី ៦ នៅក្នុងពិភពលោក ក្នុងបណ្តាប្រទេសឈានមុខខាងសេដ្ឋកិច្ច។ តែបច្ចុប្បន្នចិនជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ចិនឥឡូវជាមជ្ឈមណ្ឌលផ្គត់ផ្គង់វត្ថុធាតុដើម វត្ថុ/សម្ភារៈពាក់កណ្តាលសម្រេច ឬទាំងផលិតផលសម្រេចទៅទីផ្សារពិភពលោក។ ជំងឺ កូវីដ១៩ បាននាំទៅដល់ការកាត់ផ្តាច់ ផ្អាកជាបណ្តោះអាសន្ននូវការជួបប្រាស្រ័យការដឹកជញ្ជូន និង ខ្សែច្រវ៉ាក់ផលិតកម្មក្រុមហ៊ុនពហុជាតិ និងមិនពហុជាតិនានាដែរ។ ផលិតកររថយន្តដែលមានអ្នកផ្គត់ផ្គង់នៅចិនដូចជាតូយ៉ូតា ហុងដា និងផលិតករជាច្រើនទៀត មិនអាចផ្គត់ផ្គង់ទៅទីផ្សារខ្លួនបានដូចពេលមុនវិបត្តិនេះទេ។ រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ដែលស្ទើរតែទាំងអស់មានអ្នកផ្គត់ផ្គង់នៅចិនជួបការលំបាក។
ជាទូទៅ គេសង្កេតឃើញភាពសកម្មតែក្នុងវិស័យមួយចំនួនតូចដូចជា អាហារ ថែរក្សាសុខភាព ឱសថ និងមធ្យោបាយផ្សព្វផ្សាយប៉ុណ្ណោះ។ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះ (Economic recession)។
ប្រភពរូប៖ BBC
កត្តាមួយទៀត គឺអ្នកទិញ/អ្នកប្រើ បានផ្លាស់ប្តូរឥរិយាបថចាយវាយរបស់ខ្លួនដូចជាមិនផ្លាស់ទីធ្វើដំណើរជាទេសចរណ៍ដូចមុនទេ ជាទូទៅ។ ប្រការនេះ ប៉ះពាល់មុនគេលើសហគ្រាសដឹកជញ្ជូនអ្នកដំណើរតាមអាកាស ឬផ្លូវដែក ផ្លូវគោក សណ្ឋាគារ ភោជនីយដ្ឋាន និងរោងភាពយន្តជាដើម។ តម្រូវការរថយន្ត និងអចលនវត្ថុធ្លាក់ចុះ។ ជាមួយគ្នានេះ គេផ្តោតលើការទិញ ឬទិញស្តុកនូវស្បៀង គ្រឿងអនាម័យ និងការពារសុខភាពដូចជា ម៉ាស់ ថ្នាំសម្លាប់មេរោគ សាប៊ូ អាកុល ក្រដាសអនាម័យ និងថ្នាំសង្កូវមានលក្ខណៈបន្ទាន់ខ្លះ។
ផលប៉ះពាល់ខាងសេដ្ឋកិច្ច និងធុរកិច្ ចអាចធ្ងន់ឬស្រាលអាស្រ័យទៅនឹងកម្រិតនៃការគ្រប់ គ្រងជំងឺនិងរយៈពេលរាតត្បាតរបស់ជំងឺ ព្រមទាំងប្រសិទ្ធភាពនៃអន្តរាគមន៍របស់រដ្ឋាភិបាល។
ប្រភពរូប៖ Pixabay
ការរាតត្បាតនៃកូវីដ១៩នាំមកនូវភាពអាត្មានិយម!
នៅកម្ពុជាក៏ដូចនៅតំបន់ខ្លះទៀតនៃពិភពលោក អ្នកលក់ផលិតផលចាំបាច់មួយចំនួនបានតម្លើងថ្លៃ ផលិតផលរបស់ខ្លួន លើកលែងតែអ្នកលក់មួយចំនួនតូចដែលរក្សាថ្លៃដដែល។ អ្នកលក់ខ្លះមានទំនិញចាំបាច់ដូចជា ម៉ាស់ អាកុល ជែលលាងដៃ បែរជាតម្លើងថ្លៃ អ្នកលក់ខ្លះទៀត បែកគំនិតយករបស់គ្មានគុណភាព អាកុលមិនសុទ្ធ យកមកបោកប្រាស់អ្នកទិញដែលហាក់គ្មានជម្រើស។
ទីផ្សារប្រងឥន្ធនៈពិភពលោកដែលរងការប៉ះពាល់ច្រើនដោយសារតម្រូវការនៅចិនធ្លាក់ចុះខ្លាំង ក៏ដូចជាការដឹកជញ្ជូនទូទៅធ្លាក់ចុះដែរនោះ តាំងពីខែមករា មកម្ល៉េះ ចំណែកនៅកម្ពុជាវិញ ចាប់ពីថ្ងៃទី១៦ ខែមិនាទើបគេឃើញថ្លៃប្រេងសាំងបានចុះបន្តិចក្រោយដែលមានវិធានការរបស់ក្រសួងពាណិជ្ជកម្ម។ នេះជាពេលដែលធុរជនទាំងឡាយបង្ហាញគុណធម៌និងទំនួលខុសត្រូវសង្គមដែរហើយ។ លោក Warren Buffett ដែលជាមហាសេដ្ឋីលំដាប់ពិភពលោកម្នាក់ពោលថា «គួរឱ្យភ័យនៅពេលដែលមនុស្សទាំងឡាយកាន់តែលោភលន់ឡើងនៅពេលដែលអ្នកដទៃកំពុងតែភ័យខ្លាចនោះ!» ( Be fearful when others are greedy, and greedy when others are fearful)។
តាមបណ្តាប្រទេសមួយចំនួនជាពិសេសដែលមានការគំរាមខ្លាំងពីកូវីដ១៩ អ្នកទិញខិត ខំទិញវត្ថុរបស់ចាំបាច់កាន់តែច្រើនតាមតែអាចធ្វើបាន មិនខ្វល់ថានរណាទិញមិនបានក៏រស់តាមនោះទៅ។ ទូរទស្សន៍ CNN បានស្រង់ពត៌មានថា ស្រ្តីម្នាក់នៅផ្សារទំនើបអូស្ត្រាលីនា ក្រុងឡុង អង់គ្លេស បានដកកាំបិតគំរាមបុរសម្នាក់ក្នុងការប្រឈមគ្នាក្នុងការទិញក្រដាសអនាម័យ។ ពីក្រុងឡុងដដែល និស្សិតសាំងហ្កាពួរ មានស្រឡាយចិនម្នាក់ត្រូវបានគេវាយនៅតាមដងផ្លូវដោយបន្សល់នូវការបែកមុខមាត់។កង្វះវិចារណញ្ញាណ និងអាត្មានិយម ហាក់កើនឡើងពីគ្រួសារមួយទៅកាន់ប្រជាជាតិមួយបន្សល់ទុកនូវសំណួរមួយថាតើពិភពលោកមានសមត្ថភាពរួមគ្នាដូចម្តេចទៅដើម្បីកាត់បន្ថយការរីករាលដាល់នៃកូវីដ១៩រវាងបណ្តាប្រទេស ដែលជាបញ្ហាប្រឈមរួមរបស់ពិភពលោកនោះ?
កូវីដ១៩ ហាក់ដូចជាសត្រូវរួមប៉ុន្តែកិច្ចកិច្ចសហការរវាងប្រទេសមួយទៅមួយហាក់ដូចជាគ្មាន ជាអាទិ៍ដូចជាក្នុងបណ្តាប្រទេសអាស៊ានជាដើម។
ប្រភពរូប៖ Pixabay
កាលានុវត្តន៍ល្អសម្រាប់ផលិតករថ្នាំនិងវ៉ាក់សាំង
រាល់ប្រការអវិជ្ជមានតែងមានចំណុចវិជ្ជមាន។ នៅពេលដែលជំងឺ កូវីដ ១៩ផ្ទុះឡើង គ្រូពេទ្យខ្លះបានប្រើឱសថសម្រាប់ព្យាបាលជំងឺអេដស៍ និងគ្រុនចាញ់ទៅលើការព្យាបាលអ្នកជំងឺនេះដែរ។ មានលទ្ធផលគួររំពឹងទុកខ្លះដែរ។ បើតាមកាសែត The Guardian អាជ្ញាធរផ្នែកវេជ្ជសាស្ត្រចិនបាននិយាយថា ថ្នាំផលិតដោយបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Fujifilm មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺនៅក្រុងវូហាន់ និងសិនហ្សិន (Shenzhen) ចំនួន ៣៤០នាក់។
ក្រៅពីនេះ ក្រោយដែលអង្គការសុខភាពពិភពលោកប្រកាសថា កូវីដ១៩ ជាអ្នកបង្កជំងឺឆ្លងពាសពេញពិភពលោក អ្នកឯកទេសជាច្រើនសំឡឹង (ខ្លះបានសំឡឹងមុននោះមកម្ល៉េះ) ទៅរកអនាគតវ៉ាក់សាំងមួយព្រោះថាមានតែវ៉ាក់សាំងនេះទេដែលអាចការពារមនុស្សមិនឱ្យឈឺបាន។ មន្ទីរពិសោធន៍ តាមបណ្តាប្រទេសជាច្រើនកំពុងតែរូតរះក្នុងការផលិតវ៉ាកសាំងនេះ។ ក្នុងនោះក៏មាននៅចិនដែលជាប្រទេសដែលវីរុសកូវីដ១៩ ផ្ទុះឡើងដែរ។
ជាក់ស្តែង មានក្រុមហ៊ុន ៣៥ និងស្ថាប័នសិក្សាស្រាវជ្រាវ (Academic institutions) ប្រញាប់ប្រញាល់ក្នុងការបង្កើតវ៉ាក់សាំង ហើយយ៉ាងហោចបួនក្នុងចំណោមនោះ ដែលមានអ្វីសម្រាប់ធ្វើតេស្តសាកល្បងលើសត្វជាបថម។ ក្រុមហ៊ុនមួយក្នុងនោះគឺ Moderna ដែលជាសហគ្រាសផ្នែកបច្ចេកវិជ្ជាជីវសាស្ត្រនៅបូស្តុន អាមេរិក ដែលនឹងឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស។ ដំណើរបានរហ័សនេះ មួយផ្នែកគឺដោយសារចិនបានចែករំលែកពត៌មានពីការវិវត្តផ្នែកហ្សេនេទិចនៃវីរុសថ្មី Sars-CoV-2 ដែលបង្កជាជំងឺកូវីដ១៩។
ប៉ុន្តែវ៉ាក់សាំង សម្រាប់ប្រើការពារវីរុសកូវីដ ១៩ ទំនងជាអាចប្រើបានយ៉ាងឆាប់បំផុតក៏នៅដើមឆ្នាំ២០២១ ដែរ។ ជាបន្ថែម វីរុសកូវីដ១៩ បានប្រែប្រួលជាពីរសណ្ឋាន មួយសណ្ឋានជាប្រភេទសម្គាល់ដោយអក្សរ L និងមួយទៀតដោយ S ។ ប្រភេទ S មានចំណាស់ជាង មានសភាពស្លូតជាងនិងមិនសូវឆ្លងខ្លាំងទេ។ ផ្ទុយទៅវិញ ប្រភេទ L ដែលលេចឡើងក្រោយ មានសភាពសាហាវ និងបច្ចុប្បន្នមានប្រមាណ ៧០% នៃអ្នកជំងឺ។ ជាបន្ថែមការវិភាគហ្សែនរបស់បុរសជនជាតិអាមេរិកម្នាក់ដែលបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២០នេះរកឃើញថា វីរុសនៅក្នុងខ្លួនរបស់គេមានទាំងពីរប្រភេទ។
អ្នកឯកទេសជាច្រើនលើក យោបល់ថា ការប្រែប្រួលរបស់កូវីដ១៩ ធ្វើឱ្យកាន់តែលំបាកក្នុងការផលិតវ៉ាក់សាំង ប៉ុន្តែវានៅមានឱកាសនៅឡើយ។ វេជ្ជបណ្ឌិត Stephen Griffin មកពីវិជ្ជាស្ថានផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រ Leeds (Leeds Institute of Medical Research) ហើយក៏ជាប្រធានផ្នែកវីរុសនៅ The Microbiology Society និយាយថា ការវិវត្តនៃប្រភេទទាំងពីរ S និង L គឺទាក់ទងទៅនឹងប្រូតេអ៊ីនមួយបែបដែលគេឱ្យឈ្មោះថា Spike ដែលមានមុខនាទីគន្លឺះនៅក្នុងដំណើរការឆ្លង ហើយវាក៏ជាគោលដៅរបស់វ៉ាក់សាំងនេះដែរ។
តើរយៈពេលណាដែលវ៉ាក់សាំងនៃវីរុសកូរ៉ូណាថ្មីនេះអាចរួចរាល់ប្រើបានទូទៅនោះ?
អ្នកវិទ្យាសាស្ត្រ អ្នកនយោបាយ និងធុរជនមានក្តីរំពឹងទុកផ្សេងគ្នា។ អ្នកយោបាយ និងផលិតករឬធុរជនចង់តែឱ្យអាចប្រើបានតែក្នុងពេលប៉ុន្មានខែតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះអ្នកវិទ្យាសាស្ត្រវិញ ផ្អែកលើចំណេះដឹង និងបទពិសោធន៍របស់គេ គេសន្និដ្ឋានថា ការអភិវឌ្ឍវ៉ាក់សាំងអាចត្រូវការពេលពី ១២ទៅ១៨ខែ ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។
បើតាមនីតិវិធីរបស់រដ្ឋបាលខាងអាហារនិងថ្នាំពេទ្យអាមេរិក (Food and Drug Administration (FDA)) ក្រោយធ្វើតេស្តលើសត្វមានផលវិជ្ជមានហើយ ត្រូវតែឆ្លងកាត់
តេស្តជាស៊េរីបីដំណាក់ទៀតលើមនុស្ស៖
ដំណាក់កាលទី១៖ តេស្តក្នុងក្រុមតូច ដើម្បីវាយតម្លៃពីសុវត្ថិភាពនិងសមត្ថភាពក្នុងការបង្កើតប្រព័ន្ធស៊ាំក្នុងខ្លួនមនុស្ស។
ដំណាក់កាលទី២៖ តេស្តលើមនុស្សជាច្រើនអាចខ្ទង់រយ ដើម្បីកំណត់កម្រិតបរិមាណថ្នាំចាំបាច់ត្រូវប្រើសម្រាប់មនុស្សម្នាក់ (Right dosage levels)
ដំណាក់កាលទី៣៖ តេស្តលើមនុស្សរាប់ពាន់នាក់ដើម្បីវិភាគពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងឬថ្នាំ។ ជោគជ័យលើដំណាក់កាលទាំងនេះ ទើបអាចឆ្លងទៅការផលិតនិងដាក់ឱ្យប្រើជាផ្លូវការ៕
អត្ថបទទាក់ទង៖ លោកសាស្រ្តាចារ្យ Li Zhong ៖ ស្រាពិតជាអាចសម្លាប់កូរ៉ូណាបាន តែមិនមែនយកទៅផឹកទេ
ដោយ៖ យិនឆេងស៊ន
សាស្ត្រាចារ្យ អ្នកផ្តល់ការពិគ្រោះយោបល់លើផ្នែកគ្រប់គ្រងនិងធុរកិច្ច
ប្រភព៖ CNN, theGuardian, Vox