លោកត្រាំព្យាយាមទិញវ៉ាក់សាំងកូវីដ១៩ពីអាល្លឺម៉ង់ ផ្ដាច់មុខនៅអាមេរិក?
មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ខឹងសម្បារ ចំពោះសេចក្តីរាយការណ៍ដែលរដ្ឋបាលរបស់លោក Donald Trump ព្យាយាមទិញសិទិ្ធផ្តាច់មុខប្រើប្រាស់វ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលកំពុតតែផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់មួយ។
ពត៌មានដែលផ្ទុះឡើងក្នុងការសែតអាល្លឺម៉ង់ Welt am Sonntag បានដកស្រង់សម្តីរបស់ប្រភព រដ្ឋាភិបាលអាល្លឺម៉ង់ដែលបានលើកឡើងថា “រដ្ឋបាលលោក Donald Trump ស្នើរសុំទិញសិទ្ធិប្រើ ប្រាស់វ៉ាក់សាំងការពារវីរុសកូរ៉ូណាផ្តាច់មុខ ពីក្រុមហ៊ុន CureVac ក្នុងតម្លៃ១ប៊ីលានដុល្លារ។”
បន្ថែមពីលើរបាយការណ៍នេះលោក Heiko Maas មន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់កាល ពីថ្ងៃអាទិត្យកន្លងទៅថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនអនុញ្ញាតឲ្យលោកDonald Trump ធ្វើរឿងបែប នេះបានឡើយ។
បន្ថែមពីនេះ លោក Peter Altmaier រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ទៅកាន់ទូរទស្សន៍ARDកាលពី ថ្ងៃអាទិត្យថា “អាល្លឺម៉ង់មិនមែនសម្រាប់លក់ដូរនោះទេ។”
លោក Karl Lauterbach ជាអ្នកនយោបាយជាន់ខ្ពស់ ហើយ ជាសាស្រា្តចារ្យផ្នែកសេដ្ឋកិច្ច សុខភាព និង រោគរាតត្បាតបានសេរសេរក្នុងបណ្តាញ Twitterថា “ត្រូវតែហាមទប់ស្កាត់ការលក់សិទ្ធិផ្តាច់មុខវ៉ាក់សាំងការពារវីរុសកូរ៉ូណាទៅកាន់សហរដ្ឋអាមេរិចឲ្យបានជាដាច់ខាត។ គំនិតមូលធននិយម មានដែនកំណត់”។
ខណៈនោះដែរ មន្រ្តីអាមេរិកម្នាក់ បានប្រាប់ទៅកានសារពត៌មានAFPថា «សេចក្តីរាយការណ៍នេះគឺជាការបំផ្លើស» ហើយបានបដិសេធ ចំពោះការទិញសិទ្ធិប្រើប្រាស់វ៉ាក់សាំងផ្តាច់មុខសម្រាប់សហរដ្ឋអាមេរិក។
លោកបានបន្តថា យើងនៅតែបន្តជជែកជាមួយក្រុមហ៊ុនទាំងឡាយ ដែលអាចជួយដោះស្រាយរឿងនេះ ហើយបើសិនជាដំណោះស្រាយណាមួយត្រូវបានរកឃើញ វានឹងត្រូវបានចែករំលែកទៅដល់ពិភពលោកទាំងមូល។”
លោក Florian von der Muelbe ជាស្ថាបនិក និង ជាប្រធានផ្នែកផលិតកម្មក្រុមហ៊ុនCureVacបានប្រាប់ ទៅកាន់រ៉យទ័រ កាលពីសប្តាហ៍មុនថា ពួកយើងសង្ឃឹមថាការស្រាវជ្រាវពីវ៉ាក់សាំងការពារនេះនឹង រួចរាល់ត្រឹមខែមិថុនា ឬ កក្តដា ដើម្បីអាចចាប់ផ្តើមធ្វើតែស្តសាកល្បងលើមនុស្សបាន៕
អត្ថបទទាក់ទង៖ អាមេរិកធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្សមួយរូបដំបូង ខណៈលោកត្រាំកំពុងជំរុញសកម្មភាពនេះ
ដោយ៖ ជា ឧត្តម្ភ