កូរ៉ូណាគ្រោះថ្នាក់ តែអ្នកកំពុងធ្វើរឿងដ៏គ្រោះថ្នាក់ជាងកូរ៉ូណាទៅទៀត​



មានការព្រួយបារម្ភជាច្រើនបានកើនមានឡើង ហើយសំណួរមិនតិចដែរដែលចោទសួរថា តើយើងគួរនៅផ្ទះ មិនចេញទៅណាមកណាដើម្បីការពារការឆ្លងវីរុសកូវីដ ១៩ មែនទេ? ចម្លើយគឺថាយើងគួរ តែចម្លើយមួយនេះ ត្រូវបានប្រើក្នុងលក្ខខណ្ឌប្រជាជនដែលរស់នៅក្នុងប្រទេសដែលកំពុងរងការឆ្លងរាតត្បាតខ្លាំងនៃជំងឺមួយនេះប៉ុណ្ណោះដូចជា ចិន អ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន និងប្រទេសមួយចំនួនទៀត។ 

តែសម្រាប់ប្រជាជនកម្ពុជាមួយចំនួន ហាក់មានការព្រួយបារម្ភខ្លាំងហួសហេតុ ខ្លះបង្កើតជាព័ត៌មានមិនពិត តំឡើងថ្លៃទំនិញជាដើម និងបង្កជាបរិយាកាសផ្សេងៗ។ លើសពីនេះ ភាពភ័យខ្លាចហួសនេះបានធ្វើឲ្យប្រជាជនភាគច្រើនបាននាំគ្នាខំចំណាយលើការទិញម៉ាស អាល់កុលលាងដៃ និងទឹកលាងដៃអស់ជាច្រើន តែបែរជាកាត់បន្ថយការធ្វើសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ។ 

ជាក់ស្តែងងាកទៅមើលសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ហាងមួយចំនួន និងរបរចាប់ហួយតាមផ្ទះមួយចំនួនបែរជាមានភាពស្ងប់ស្ងាត់ ព្រោះភ័យខ្លាចពីការឆ្លងវីរុសកូរ៉ូណាក្រោយពេលមានផ្ទុះមួយករណីវិជ្ជ មានលើបុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំមួយរូប ទាំងដែលបុរសរូបនោះពុំទាន់មានការប្រែប្រួលអ្វីសោះលើបញ្ហាសុខភាពរបស់គាត់។  វាពិតជាគ្រោះថ្នាក់បំផុតសម្រាប់ការធ្វើបែបនេះ ព្រោះភាគច្រើនប្រើភាពភ័យខ្លាចមកបន្លាចខ្លួនឯង ទាំងដែលជំងឺមួយនេះអាចព្យាបាលបានសោះ។ 

ជាមួយគ្នានេះដែរ លោក Jean-François Tain បានលើកឡើងក្នុងគណនីហ្វេសប៊ុករបស់លោកថាដូចខាងក្រោមនេះថា៖ 

“Covid-19 មិនមែនជាជំងឺប្រល័យលោកទេ”

“កូរ៉ូណាវីរុសថ្មី ជាគ្រោះភ័យធំ តែជាគ្រោះថ្នាក់តូច។ ជំងឺដែលគេហៅថា Covid-19 បណ្តាលឲ្យស្លាប់តិចណាស់មកទល់ពេលនេះ(ថ្ងៃ១០មីនា) នៅក្នុងពិភពលោកគឺប្រមាណតែជាង ៤០០០នាក់។ មិនដល់៣% ផងនៃចំនួនអ្នកមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងខ្លួនត្រូវស្លាប់។ សឹង ១០០% នៃអ្នកស្លាប់សុទ្ធតែជាមនុស្សចាស់ជរាឬអ្នកមានជំងឺប្រចាំកាយ បានន័យថា ជិត៩៨% ជាសះស្បើយដោយខ្លួនឯង ឬក៏គ្មានរោគសញ្ញាសូម្បីតែបន្តិច។ ដើម្បីប្រៀបធៀបមើល គេគួរដឹងថាពីដើមខែធ្នូឆ្នាំ ២០១៩ ដល់ដើមខែមករាឆ្នាំ២០២០ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ អ្នកស្លាប់ដោយជំងឺផ្តាសាយធំ (grippe saisonnière) នៅបារាំងមានចំនួន ៣០០០នាក់ នៅពេលដែល មកទល់ពេលនេះ(ថ្ងៃ១០មីនា) Covid-19 ទើបតែសម្លាប់ប្រជាជនបារាំងអស់៣០នាក់ប៉ុណ្ណោះ។

ចុះហេតុអ្វីបានជាមនុស្សជាតិភិតភ័យខ្លាំងម្ល៉េះ? ម្យ៉ាងពីព្រោះ គ្មានទេថ្នាំព្យាបាល និងគ្មានទេវ៉ាក់សាំងបង្ការ។ ម្យ៉ាងទៀត ពីព្រោះកូរ៉ូណាវីរុសថ្មីឆ្លងលឿននិងឆ្លងជាសកល ម្ល៉ោះហើយចៀសមិនរួចពីក្លាយជារឿងពេញនិយមរបស់ប្រព័ន្ធផ្សព្វផ្សាយអាជីព និងជារឿងពេញនិយមបែបប៉ាតណាប៉ាតណីនៃបណ្តាញសង្គម។ ម្យ៉ាងចុងក្រោយ ពីព្រោះជំងឺCovid-19 ចង់ឬមិនចង់ ក្លាយជារឿងរ៉ាវនយោបាយ។ និយាយបែបផ្សេង នៅចំពោះមុខការ

រីករាលដាលនៃបាតុភាពភ័យខ្លាចជ្រុល ថ្នាក់ដឹកនាំគ្រប់ប្រទេសត្រូវបង្ខំចិត្តចាត់វិធានការ ៖ វិធានការសុខាភិបាល ដើម្បីព្យាបាលអ្នកជំងឺនិងដើម្បីទប់ស្កាត់ការឆ្លង, វិធានការនយោបាយ ដើម្បីរំងាប់ការភិតភ័យដែលអាចក្លាយជាការភ័យឆោឡោ រហូតអាចប៉ះពាល់ដល់សន្តិសុខជាតិ តំបន់ ឬអន្តរជាតិ។ គឺមានតែវិធានការនយោបាយជួនកាលប្រកបដោយវិសាលភាព បែបលើសនិងបែបជ្រុលនេះហើយ (ឧទាហរណ៍ ការដាក់ឲ្យនៅឯកា តំបន់មួយទាំងមូលឬប្រជាជនច្រើនសិបលាននាក់ ដូចជានៅចិនឬក្រោយមកទៀតនៅអ៊ីតាលី) ដែលអាចទប់ស្កាត់ការវាយលុកនៃកូរ៉ូណាវីរុសថ្មីបាន និងដែលអាច នៅទីបំផុត រំងាប់ភាពភ័យខ្លាច របស់មហាជនបាន។

យ៉ាងណាមិញ បញ្ហាធំដែលហូរចេញពីវិធានការយក្សបែបសុខាភិបាលនិងបែបនយោបាយអស់ទាំងនេះ គឺការខាតបង់សេដ្ឋកិច្ច ៖ ផលិតកម្មឧស្សាហកម្មប្រែប្រួល, ទេសចរណ៍ដួលរលំ, រោងចក្រនិងក្រុមហ៊ុនផុយស្រួយជាងគេខ្លះអាចបិទទ្វារ, ទីផ្សារភាគហ៊ុនជ្រួលច្របល់, តម្លៃវត្ថុធាតុដើមជាពិសេសតម្លៃប្រេងឆៅធ្លាក់ដាំដូង...។ នៅទីបំផុត ដោយហេតុតែកូរ៉ូណាវីរុសថ្មី សេដ្ឋកិច្ចពិភពលោកនឹងអាចបាត់បង់កំណើនពី ០,៥(បើវិបត្តិកូរ៉ូណាឆាប់ចប់) ទៅ១,៥ពិន្ទុ (បើវិបត្តិកូរ៉ូណាអូសបន្លាយ) នៅក្នុងឆ្នាំ២០២០នេះ។ ជាសំណាងល្អហើយ ដែលលើកនេះ កូរ៉ូណាវីរុស ថ្មីសម្លាប់សេដ្ឋកិច្ចខ្លាំងជាងសម្លាប់មនុស្ស។ ផ្ទុយទៅវិញ បើសិនជាវាសម្លាប់មនុស្សរាប់លាននាក់ ពិភពលោកទាំងមូលប្រហែលជាក្រឡាប់ចាក់បាត់ទៅហើយ។ តែនេះ មិនមែនបានន័យថា នឹងគ្មាននោះទេ វីរុសប្រល័យលោកមួយ នាពេលអនាគត ជិតឬឆ្ងាយ”

 

ទោះជាកម្រិតនៃភាពភ័យខ្លាចលើការឆ្លងនៃវីរុសនេះមានច្រើនក៏ពិតមែន តែកម្ពុជាគឺស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងស្ថានការណ៍អាសន្នបានល្អនៅឡើយ ហើយការឆ្លងរាលដាលក៏នៅមានតិច។ វាមានហេតុផលមួយចំនួនដែលយើងគួរដឹងដូចជា៖ 

លោកវេជ្ជបណ្ឌិត John Nicholls ដែលជាសាស្រ្តាចារ្យរោគសាស្រ្តនៃសកលវិទ្យាល័យហុងកុង University of Hong Kong លោកបាននិយាយថា បីយ៉ាងដែលវីរុសរួមទាំងកូរ៉ូណាមិនចូលចិត្តគឺ ពន្លឺថ្ងៃក្ដៅ សីតុណ្ហភាពក្ដៅ និងការលាងសម្អាត។ 

១) កត្តាពន្លឺថ្ងៃ 
លោកបានមានប្រសាសន៍បន្តថា៖ “កំដៅថ្ងៃ នឹងកាត់បន្ថយសមត្ថភាពនៃការរីកលូតលាស់កោសិការបស់វីរុសបានពាក់កណ្តាល ជីវិតដែលវីរុសអាចរស់នៅបានក្រោមពន្លឺថ្ងៃត្រឹមតែពី ២.៥នាទីទេ ដូច្នេះកម្ដៅថ្ងៃពិតជាជម្រើសល្អខ្លាំងណាស់ក្នុងការសម្លាប់មេរោគ និងពពួកវីរុស។ 

កម្ពុជា គ្មានលក្ខខណ្ឌសីតុណ្ហភាពដូច ប្រទេសចិន អ៊ីតាលី ​ កូរ៉េខាងត្បូង សហរដ្ឋ​អាមេរិក​​ និង​បណ្ដា​ប្រទេស​ដែល​កំពុង​ត្រូវ​បាន​វីរុស​វាយប្រហារ​ខ្លាំង​ នាពេលនេះទេ ពោលកម្ពុជាជាប្រទេសដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ដែលមិនអំណោយផលសម្រាប់ការរស់នៅរបស់វីរុសកូរ៉ូណា ឬពពួកវីរុសផ្សេងៗទៀតបានយូរឡើយ។ 

២) កត្តាអាកាសធាតុក្តៅ
លោក Deutsche Welle ក៏បានដកស្រង់សម្តីរបស់លោក Thomas Pietschmann អ្នកជំនាញខាងរោគសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍រោគឆ្លងនៃប្រទេសអាឡឺម៉ង់ដែលបាននិយាយថាមេរោគនេះមិនមានភាពធន់នឹងកំដៅខ្លាំងទេដែលមានន័យថាមេរោគឆាប់ងាប់នៅពេលសីតុណ្ហភាពឡើងខ្ពស់។

ប្រទេសដែលកំពុងមានការឆ្លងរាលដាលខ្លាំងទាំងប៉ុន្មានក្នុងពិភពលោកនាពេលនេះ សុទ្ធសឹងជាប្រទេសដែលមានអាកាសធាតុត្រជាក់ ឯសីតុណ្ហភាពស្ទើរតែមិនបាន ១០អង្សារផង ជាហេតុធ្វើឲ្យប្រទេសទាំងនោះមានលទ្ធភាពខ្ពស់ក្នុងការរក្សាជីវិត និងបង្កើនអត្រាឆ្លងរាលដាល។ ដោយឡែកប្រទេសកម្ពុជា ពិសេសបច្ចុប្បន្ន មានសីតុណ្ហភាពក្តៅចន្លោះពី ២៥ ទៅ ៣៩អង្សារ ដែលជាកត្តាល្អមួយជួយរារាំង ទប់ស្កាត់រស់រានមានជីវិតនៃវីរុសកូរ៉ូណា។ 

៣) ការលាងសម្អាត
ទោះបីជាយ៉ាងណា យើងទាំងអស់គ្នាបានដឹងហើយថាការលាងសម្អាតដៃ និងខ្លួនប្រាណជារឿងមួយចាំបាច់បំផុតដេលយើងត្រូវធ្វើដើម្បីការពារ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ ការណែនាំពីមន្ត្រីនៃក្រសួងសុខាភិបាល គឺទាមទារឲ្យមនុស្សគ្រប់គ្នារក្សាអនាម័យ ឲ្យបានជាប់លាប់បំផុតពិសេស និងជំហានដំបូងបំផុតគឺការសម្អាតដៃរបស់យើងតែម្តង។ 

តាមរយៈអត្ថបទមួយនេះ សង្ឃឹមថាប្រជាពលរដ្ឋខ្មែរ “កុំខ្លាចពេក ហើយក៏កុំហ៊ានពេក តែព្យាយាមការពារ” ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺមួយនេះតាមដែរអាចធ្វើទៅបាន។ ហើយអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ គឺព្យាយាមធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់យើងមានដំណើរការជាប្រក្រតី ជាជាងភ័យខ្លាចដោយផ្អាក ឬបញ្ឈប់សកម្មភាពសេដ្ឋកិច្ចស្ទើរទាំងស្រុង ព្រោះវាមិនបានជួយឲ្យយើងគេចផុត ឬធូរស្រាលពីជំងឺមួយនេះទេ តែវាបែរជាធ្វើឲ្យសេដ្ឋកិច្ចកាន់តែជាប់គាំង និងដុនដាបទៅវិញទេ៕

ដោយ៖ យ៉ាយ៉ា

X
5s