រឿង ៥យ៉ាង អ្នកមានធ្វើ ប្រហែលអ្នកក្រមិនដឹង
អ្វីៗកើតឡើងសុទ្ធតែមានហេតុ មានផលរបស់វាជានិច្ច។ មូលហេតុដូចគ្នា នឹងផ្តល់ផលដូចគ្នា ឬ ផលដែលដូចគ្នា តែងតែបណ្តាលមកពីមូលហេតុដែលដូចគ្នា។ នេះវាជាច្បាប់របស់ធម្មជាតិ។ ភាពមានបានស្តុកស្តម្ភរបស់បណ្តាអ្នកមានទាំងឡាយ ក៏មានមូលហេតុផងដែរ។ បើអ្នកធ្វើសកម្មភាពដូចពួកអ្នកមាន អ្នកក៏នឹងទទួលបានលទ្ធផលដូចជាពួកអ្នកមានដូច្នោះដែរ។ ខាងក្រោមនេះគឺជា ទម្លាប់៥យ៉ាង ដែលបណ្តាពួកអ្នកមានចូលចិត្តធ្វើ៖
- អានជាប្រចាំ
ភាពមានបានមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ភាពមានបានកើតឡើងបានអាស្រ័យលើអ្វីដែលអ្នកបានធ្វើ ឯអ្វីដែលអ្នកអាចធ្វើបាន វាអាស្រ័យលើអ្វីដែលអ្នកអាចគិតបាន។ ហេតុនេះហើយទើបអ្នកមាន តែងតែមានទម្លាប់មួយ គឺទម្លាប់អាន។ ការអានគឺជាការហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យរៀនគិត។ មនុស្សដែលចូលចិត្តអាន ប្រៀបដូចជាមនុស្សដែលចូលចិត្តហាត់ប្រាណអីចឹង។ ខួរក្បាលរបស់មនុស្សដែលចូលចិត្តអានតែងតែមានភាពឈ្លាសវៃ និងមានភាពឆ្នៃប្រឌិតជាងមនុស្សដែលមិនដែល អាន។ អ្នកកាន់តែអាន អ្នកកាន់តែគិត កាន់តែស្វែងយល់ អ្នកក៏កាន់តែមានការយល់ដឹងច្រើនដែរ។ សៀវភៅប្រមូលផ្តុំទៅដោយផ្នត់គំនិត និងទស្សនៈល្អៗជាច្រើន របស់បុគ្គលល្បីៗដែលអាចជំរុញដល់ការគិតរបស់អ្នកបាន។ មានសៀវភៅល្អៗជាច្រើនដូចជា ទស្សនៈវិទ្យា ចិត្តវិទ្យា ហិរញ្ញវត្ថុ សេដ្ឋកិច្ច នយោបាយ វិទ្យាស្រាស្ត ចំណេះដឹងទូទៅ ហើយនឹងសៀវភៅដទៃជាច្រើនប្រភេទទៀត ដែលជួយជំរុញដល់ការគិតរបស់អ្នកឲ្យមាន ការគិតទូលំទូលាយ ស៊ីជម្រៅ ចេះថ្លឹងថ្លែង មានហេតុផល មានការស្រមើលស្រមៃខ្ពស់ ឬចេះយល់ពីអារម្មណ៍របស់អ្នកដទៃជាដើម។ នេះហើយជាហេតុផលដែលអ្នកមាន តែងតែមានគំនិតអស្ចារ្យ អាចធ្វើរឿងអស្ចារ្យៗ ហើយទទួលបានលទ្ធផលអស្ចារ្យក្នុងជីវិត។ ក្នុងការជ្រើសរើសសៀវភៅយកមកអាន អ្នកក៏គួរតែដឹងដែរថា អ្នកអានសៀវភៅបែបណាអ្នកក៏នឹងមានការយល់ដឹង ទាក់ទងនឹងរឿងបែបនោះ។ - កំណត់គោលដៅប្រចាំថ្ងៃ
គ្រប់គ្នាតែងតែមានគោលដៅចំបងណាមួយក្នុងជីវិត ប៉ុន្តែសម្រាប់អ្នកមាន ពួកគេមិនត្រឹមតែមាន គោលដៅធំក្នុងជីវិតនោះទេ ពួកគេថែមទាំងមានគោលដៅរយៈពេលខ្លី ហើយនិងគោលដៅប្រចាំថ្ងៃ ថែមទៀត។ ពួកគេគឺជាមនុស្សដែលឲ្យតម្លៃលើពេលវេលា ហើយប្រើប្រាស់ពេលវេលារបស់ពួកគេ យ៉ាងមានប្រសិទ្ធភាព។ ពួកគេដឹងថាតើពួកគេបានធ្វើអ្វីខ្លះ ឬសម្រេចអ្វីខ្លះក្នុងថ្ងៃនេះ ហើយត្រូវសម្រេច អ្វីទៀតនៅថ្ងៃស្អែក។
អ្នកមានមិនត្រឹមតែប្រើប្រាស់ពេលវេលារបស់ពួកគេប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែម ទាំងតាមដាន និងធ្វើការកែតម្រូវសកម្មភាពប្រចាំរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ទៀតផង។ ការនេះធ្វើឲ្យពួកគេកាន់ងាយស្រួលក្នុងការសម្រេចនូវគោលដៅរបស់ពួកគេថែមទៀត។ វាគឺជាការពុះបំបែកគោលដៅរបស់ពួកគេអោយទៅជាបំនែកតូចៗ។ គោលដៅរយៈពេលវែងនឹងបង្ហាញឲ្យអ្នកមើលឃើញពីរូបភាពធំ ឬ ក៏ទិសដៅដ៏វែងអន្លាយដែលអ្នកត្រូវដើរទៅ ចំនែកឯគោលដៅរយៈពេលខ្លី ឬ ក៏គោលដៅប្រចាំថ្ងៃ នឹងបង្ហាញអ្នកឲ្យឃើញ ពីជំហាននីមួយៗដែលអ្នកត្រូវឈានដើរដើម្បីឆ្ពោះ ទៅសម្រេចគោលដៅរយៈពេលវែងរបស់អ្នក។ - មានផែនការចំណូលចំណាយ
អ្នកមានមិនត្រឹមតែជាអ្នកដែលពូកែក្នុងការរកលុយទេ ប៉ុន្តែថែមទាំងជាអ្នកដែលពូកែក្នុងការគ្រប់គ្រងលុយថែមទៀត។ លុយកាក់ដែលអ្នករកបាន វាមិនមែនរកបានដោយចៃដន្យទេ ឯលុយកាក់ដែលអ្នកចំណាយទៅជារៀងរាល់ថ្ងៃក៏វាមិនមែនចេញទៅដោយគ្មានមូលហេតុនោះដែរ។ អីចឹងហើយ អ្នកត្រូវតែគ្រប់គ្រងវាឲ្យបានល្អមិនថាជាចំណូល ឬក៏ជាចំណាយនោះទេ។ ត្រូវតែរកឲ្យឃើញមូលហេតុទាំងឡាយដែលទាក់ទងនឹងចំណូល ចំណាយរបស់អ្នក។ តើអ្នករកបានប៉ុណ្ណា វាមានប្រភពមកពីណាខ្លះ ចំណាយច្រើនប៉ុណ្ណា ចំណាយលើអ្វីខ្លះជាខ្លះជាដើម ហើយធ្វើការតាមដាននូវរាល់បម្រែបម្រួលទាំងឡាយដែលទាក់ទងនឹងចំណូលចំណាយរបស់អ្នក។ អ្នកមិនអាចធ្វើអ្វីមួយឥ្យបានល្អប្រសើរ ទាំងដែលអ្នកមិនអាចគ្រប់គ្រងវាបាននោះទេ កុំថាឡើយ រឿងលុយកាក់ សូម្បីតែជីវិតរបស់អ្នកក៏ដូចគ្នាដែរ បើអ្នកមិនអាចគ្រប់គ្រង និងតាមដានខ្សែរជីវិតរបស់ អ្នកឲ្យបានល្អពីមួយពេលទៅមួយពេលទេ នោះអ្នកនឹងត្រូវរេរាតាមបម្រែបម្រួលនៃបរិយាកាសជុំវិញខ្លួនជាមិនខាន។ សូមកុំឲ្យបរិយាកាសជុំវិញខ្លួនអ្នក មកកំណត់ជោគវាសនាហិរញ្ញវត្ថុរបស់ អ្នកគឺជាម្ចាស់នៃជោគវាសនារបស់អ្នកហើយក៏ជាអ្នកតែម្នាក់គត់។ - បង្កើនប្រភពចំណូល
អ្វីៗនៅជុំវិញខ្លួនសុទ្ធតែជាឱកាសដែលអាចរកចំណូលបន្ថែមបាន។ អ្នកមានសម្លឹងស្វែងរក និងចាប់យកឱកាសដែលអាចទាញប្រយោជន៍បាន។ ការបង្កើនប្រភពចំណូលមិនត្រឹមតែបង្កើនចំណូលរបស់ពួកគេទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេកាន់តែរឹងមាំថែមទៀត។ មានអ្នកមានស្តុកស្តម្ភជាច្រើនដែលមានអាជីវកម្មជាច្រើនក្នុងដៃ ហើយថែមទាំងជាម្ចាស់អាជីវកម្មផង និងជាវិនិយោគិនផងដែរ។ - បង្កើតអាជីវកម្ម
អ្នកមានស្តុកស្តម្ភអាចនឹងចាប់ផ្តើមពីការធ្វើការឲ្យអ្នកដទៃ ជាអ្នកជូតតុ ជាអ្នកអនាម័យ ឬជាសន្តិសុខជាដើម។ ប៉ុន្តែគ្មានអ្នកណាដែលធ្វើការឲ្យអ្នកដទៃរហូតក្លាយទៅជាអ្នកមាន ស្តុកស្តម្ភនោះទេ។ ការបង្កើតអាជីវកម្មគឺជាមាគ៌ាឆ្ពោះទៅរកភាពស្តុកស្តម្ភ និងភាពជាមហាសេដ្ឋីក្នុងលោក។ ប្រសិនបើភាពមានបានស្តុកស្តម្ភគឺជាអ្វីដែលអ្នកប្រាថ្នាចង់បាន នោះមាគ៌ានេះគួរតែជាជម្រើសរបស់អ្នកហើយ។ ប៉ុន្តែអ្នកក៏មិនគួរប្រលោកចូលវិស័យនេះទាំងងងឹតងងល់ ឬទាំងដែលខ្លួនឯងនៅខ្ចីសមត្ថភាពនោះដែរ។ ការធ្វើអាជីវកម្មវាពោរពេញទៅដោយការប្រកួតប្រជែង និងហានិភ័យ ដែលទាមទារឲ្យអ្នកត្រូវតែមានសមត្ថភាព មានភាពឆ្នៃប្រឌិត មានយុទ្ធសាស្ត្រ ចំណេះដឹង ជំនាញ ភាពជាអ្នកដឹកនាំ ដៃគូរសហការ ការចេះទំនាក់ទំនង និងជំនាញចរចាជាដើម ដើម្បីអាចដឹកនាំអាជីវកម្មរបស់អ្នកទៅរកភាពជោគជ័យបានយូរអង្វែង។ ប៉ុន្តែបើអ្នកនៅមិនទាន់មានចំនុចទាំងអស់នេះទេ នោះការធ្វើការឲ្យអ្នកដទៃដើម្បីរៀនសូត្រពីកត្តាទាំងអស់នេះសិនគឺជាជម្រើសដ៏ប្រសើរបំផុត៕
ដោយ៖ ជា ឧត្តម្ភ