គន្លឹះ៥ យ៉ាងកែច្នៃខ្លួនអ្នកឲ្យក្លាយជាអ្នកដឹកនាំល្អមួយរូប​



ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំម្នាក់ពិតជាពិបាក ប៉ុន្តែដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដែលល្អវារឹតតែមិនស្រួលទៀត។ អ្នកដឹកនាំត្រូវតែមនុស្សដែលខ្លាំងពូកែទាំងចំណេះដឹង ជំនាញ បទពិសោធន៍ និងការទំនាក់ទំនងជាដើម។ ប៉ុន្តែអ្នកដឹកនាំល្អត្រូវការធាតុផ្សំសំខាន់ៗផ្សេងទៀត។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលអាចច្នៃខ្លួនអ្នកឲ្យក្លាយជាអ្នកដឹកនាំល្អម្នាក់បាន៖ 

  1. ផ្ដល់តម្លៃអ្នកដទៃ
    អ្នកដឹកនាំត្រូវតែជាមនុស្សដែលមានចិត្តទូលាយ។ មនុស្សគ្រប់គ្នាសុទ្ធតែមានតម្លៃរបស់ខ្លួនរៀងៗខ្លួន។ មិនថាជាសត្វ រុក្ខជាតិ ឬធម្មជាតិជុំវិញខ្លួនសុទ្ធតែមានតម្លៃរបស់វា ចុះទម្រាំតែមនុស្សយើងវិញនោះ។ ក្នុងនាមជាអ្នកដឹកនាំ បើអ្នកស្គាល់តម្លៃមនុស្ស១០នាក់ អ្នកអាចដឹកនាំមនុស្សបានត្រឹមតែ១០ប៉ុណ្ណោះ ប៉ុន្តែបើអ្នកស្គាល់តម្លៃមនុស្សគ្រប់គ្នា នោះអ្នកនឹងអាចដឹកនាំមនុស្សគ្រប់គ្នាបាន។

    អ្នកដឹកនាំដែលពូកែគឺជាអ្នកដែល មានកែវភ្នែកភ្លឺថ្លាអាចមើលឃើញពីតម្លៃទាំងអស់នោះ ហើយអ្វីដែលរឹតតែ សំខាន់ជាងនេះទៅទៀតនោះ គឺគេអាចទាញយកប្រយោជន៍ពីអ្វីៗទាំងអស់នោះបាន។ អ្នកដឹកនាំពូកែ អាចមើលឃើញពីតម្លៃ របស់មនុស្សគ្រប់គ្នា ហើយអាចរួបរួមតម្លៃទាំងអស់នោះ តាមភាពពិសេស នីមួយៗរបស់ពួកគេ ដើម្បីអាចសម្រេចកិច្ចការរួមជាមួយគ្នា។ អ្នកដឹកនាំល្អអាចប្រើប្រាស់សក្តានុពល របស់សមាជិកគ្រប់គ្នាក្នុងក្រុម ប៉ុន្តែអ្នកដឹកនាំដែលរិតតែល្អវិសេសទៅទៀតនោះគឺអាចប្រើប្រាស់អ្វីៗដែលនៅជុំវិញខ្លួនឲ្យក្លាយជាប្រយោជន៏បានមិនថាជាបរិយាកាសក្នុងធម្មជាតិបរិយាកាសក្នុងសង្គម ឬក៏សូម្បីតែគូរប្រកួតប្រជែងរបស់ខ្លួនផងដែរ។
  2. គិតពីប្រយោជន៍រួម
    ពាក្យថា «អ្នកដឹកនាំ» វាបានបង្កប់អន្ថ័យនៃ ការជួយអ្នកដទៃ រួចស្រេចទៅហើយ។ អ្នកដឹកនាំអ្នកណា? ហើយហេតុអ្វីបានអ្នកទាំងអស់នោះត្រូវការអ្នក? បើពួកគេអាចធ្វើវាដោយខ្លួនឯងបាន ពួកគេមិន ចាំបាច់មករកអ្នកទេ ហើយបើអ្នកគ្មានទឹកចិត្តនឹងជួយអ្នកដទៃទេ អ្នកក៏មិនចាំបាច់មកធ្វើជាអ្នកដឹកនាំគេដែរ។ យើងជាមនុស្សតែងតែមានចំណង់ មានតណ្ហា មានសេចក្តីប៉ងប្រាថ្នាការគិតគូរពីប្រយោជន៍ផ្ទាល់ខ្លួនវាត្រូវតែមានហើយ ប៉ុន្តែនៅក្នុងការដឹកនាំអ្នកដទៃប្រយោជន៍របស់អ្នកដទៃឬក៍ប្រយោជន៍រួមវាត្រូវតែជាអាទិភាពទីមួយមុនប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច។ បើអ្នកអាចជួយអ្នកដទៃបានអ្នកក៏អាចជួយខ្លួនឯងបានដូចគ្នា។ វាជារឿងដែលកើតឡើងដោយស្វ័យប្រវត្តិនៅក្នុងបរិបទនៃការ ដឹកនាំអ្នកដទៃ។
  3. ជួយអ្នកដទៃឲ្យរីកចម្រើន
    គ្មានឪពុកម្តាយណាចង់ឃើញកូនខ្លួនឯងទន់ខ្សោយឡើយ។ អ្នកដឹកនាំដូចគ្នា គ្មានអ្នកដឹកនាំល្អឬអ្នកដឹកនាំដែលមានចិត្តចង់ជួយអ្នកដទៃណា ចង់ឃើញក្រុមការងាររបស់ខ្លួនសមត្ថភាពទន់ខ្សោយនោះដែរ។ ដូចឃ្លាមួយគេនិយាយថា៖ «អ្នកដឹកនាំទន់ខ្សោយបង្កើតអ្នកដើរតាម ប៉ុន្តែអ្នកដឹកនាំដែលអស្ចារ្យបង្កើតអ្នកដឹកនាំ»។
  4. ចែករំលែកស្នាដៃ
    ជាអ្នកដឹកនាំម្នាក់ មិនថាអ្នកបានសម្រេចនូវស្នាដៃធំធេងយ៉ាងណានោះទេ វាមិនមែនជាស្នាដៃរបស់ អ្នកតែម្នាក់ឯងឡើយ។ វាជារឿង ដែលគួរឲ្យអាម៉ាស និងខ្មាសអៀនជាទីបំផុតដែលអ្នកដឹកម្នាក់ទាមទារយកមុខយកមាត់តែម្នាក់ឯងពេលដែលអង្គភាពទទួលបានភាពជោគជ័យ ហើយវាជារឿងដែលគួរឲ្យអស់សំណើចជាទីបំផុត ដែលអ្នកដឹកនាំម្នាក់គេចវេសពីទំនួលខុសត្រូវរបស់ខ្លួន ពេលដែលអង្គភាពជួបភាពបរាជ័យ។
  5. មានទំនួលខុសត្រូវ
    ថ្វីត្បិតតែគ្រប់គ្នាក្នុងស្ថាប័នមួយតែងតែមានទំនួលខុសត្រូវរៀងខ្លួនទៅលើសមិទ្ធផលរបស់ស្ថាប័ន ប៉ុន្តែបើនិយាយពីលទ្ធផលជារួមរបស់ស្ថាប័ននោះត្រូវតែជាអ្នកដឹកនាំតែម្នាក់គត់ដែលទទួលទាំងខុសទទទួលទាំងត្រូវ។ អ្នកដឹកនាំដែលពូកែប្រកបដោយទំនួលខុសត្រូវនិងភាពឈ្លាសវៃ ពួកគេមិនអោបក្រសោបស្នាដៃតែម្នាក់ឯងទេ ប៉ុន្តែពេលដែលអង្គភាពបរាជ័យក៏ពួកគេមិនទំលាក់កំហុសទៅអ្នកណាដែរ។ ពួកគេមានភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលយកកំហុសឆ្គងជារួមរបស់ស្ថាប័នទាំងមូល។ អ្នកដឹកនាំដើរតួជាអ្នកចាត់ចែងឬដឹកនាំអ្វីគ្រប់បែបយ៉ាងក្នុងស្ថាប័ន អីចឹងបើលទ្ធផលជារួមរបស់ស្ថាប័នទាំងមូលមានភាពអវិជ្ជមាននោះអ្នកដឹកនាំត្រូវតែហ៊ានទទួលយកកំហុសឆ្គងទាំងនេះមិនអាចទំលាក់វាទៅអ្នកណាផ្សេងទៀតឡើយព្រោះអ្នកគឺជាក្បាលម៉ាស៊ីនជាកាពីតែនអ្វីៗវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជានិច្ច៕

 

 

 

X
5s