តិកនិកវៃឆ្លាត ៣យ៉ាងជួយកាត់បន្ថយចំណាយ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាពបំផុត
ការចំណាយគឺជាតម្រូវការចាំបាច់របស់មនុស្សម្នាក់ៗ ដោយគ្មាននរណាដែលថាមិនត្រូវការចាយវាយនោះឡើយ ហើយវាពិតជាលំបាកបើអ្នកចង់កាត់បន្ថយចំណាយ ឬកាត់បន្ថយទម្លាប់នៃការចាយវាយតាមធម្មតារបស់អ្នក ពិសេសវាកាន់តែលំបាកចំពោះអ្នកដែលចូលចិត្តចាយលុយដូចក្រដាស។
តែត្រូវចាំថា គ្មានអ្វីដែលអ្នកធ្វើមិនបាននោះទេឲ្យតែមានការតាំងចិត្ត ពុះពារ និងពិតជាចង់ធ្វើវាឲ្យសម្រេចលទ្ធផលជាផ្លែផ្កាមែន។ ខាងក្រោមនេះជាគន្លឹះតិកនិកខ្លីៗ តែមានប្រសិទ្ធភាពសម្រាប់អ្នកដែលចង់កាត់បន្ថយទម្លាប់ចំណាយរបស់ខ្លួន ហើយក៏កាន់តែល្អសម្រាប់អ្នកដែលមានទម្លាប់ចាយលុយខ្ជះខ្ជាយ និងអ្នកដែលចង់បង្កើតទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។
- បង្កើតវប្បធម៌នៃការកាត់បន្ថយចំណាយ
គ្រប់យ៉ាងត្រូវចាប់ផ្តើមពីការបង្កើតទម្លាប់បន្តិចម្តងៗ ឬការបង្កើតជាវប្បធម៌សម្រាប់ខ្លួនឯងដើម្បីអនុវត្តជាប្រចាំ ហើយអ្នកអាចបង្កើនវប្បធម៌នៃការកាត់បន្ថយចំណាយនេះបាន តាមរយៈការបង្កើតផ្នត់គំនិតផ្ទាល់ខ្លួន ពន្យល់ខ្លួនឯងបន្តិចម្តងៗថាអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីពីការកាត់បន្ថយចំណាយដែលមិនចាំបាច់នេះ។ ដឹងថាដំបូងវាពិតជាលំបាក តែដើម្បីធ្វើវាបានប្រកបដោយប្រសិទ្ធភាព អ្នកអាចជ្រើសយកការលើកទឹកចិត្តខ្លួនឯងដោយផ្តល់ជារង្វាន់ដល់ខ្លួនឯងនៅពេលដែលអ្នកធ្វើវាបាន តែអ្នកអាចនឹងដាក់ពិន័យខ្លួនឯងតាមវិធីណាមួយនៅពេលដែលអ្នកធ្វើមិនបាន។ - កុំបង្ខំ ឬដាក់កំហិតឲ្យខ្លួនឯងខ្លាំង (ផ្តោតខ្លាំងលើចំនួន) ត្រូវតែសន្សំ
នៅពេលដែលអ្នកដាក់កំហិតលើខ្លួនឯងឲ្យធ្វើអ្វីមួយវាអាចថាជាការតាំងចិត្ត តែបើគិតពីប្រសិទ្ធភាពនិងលទ្ធផលវិញអាចនឹងមិនសូវជាល្អប្រសើរទេ ពេលខ្លះអ្នកអាចនឹងងាយបោះបង់ចោលព្រោះវាហាក់ជាសម្ពាធសម្រាប់ដល់ការអនុវត្ត។ ដូច្នេះអ្នកគួរកុំបង្ខំខ្លួនឯងក្នុងការសន្សំខ្លាំងពេក។ ឧទាហរណ៍ ថាមួយខែត្រូវតែដកសន្សំ ៥០ដុល្លារ ឬ ១០០ដុល្លារជាដើម តែអ្វីដែលអ្នកគួរធ្វើគឺ “មិនថាតិចឬច្រើនខ្ញុំនឹងដកសន្សំ ហើយអ្វីដែលខ្ញុំចង់បានគឺលទ្ធផលនៃការតាំងចិត្តរបស់ខ្ញុំ"។ - ធ្វើការចំណាយដើម្បីបង្កើតចំណូល
ត្រូវចាំថា ពេលខ្លះវិធីដ៏ល្អបំផុតដើម្បីសន្សំគឺការចំណាយខ្លះ។ វាហាក់កំប្លែងបន្តិច តែអ្វីដែលអ្នកត្រូវគិតពេលនេះគឺអ្នកត្រូវធ្វើការចំណាយខ្លះលើអ្វីដែលចាំបាច់ ឬវិនិយោគអ្វីមួយដែលនឹងផ្តល់ផលច្រើននាពេលអនាគត។ ឧទាហរណ៍ថា មនុស្សមួយចំនួនគិតថាការប្រើប្រាស់របស់របរចាស់ៗជាការសន្សំ តែគេមិនដឹងទេថាការធ្វើបែបនេះជាការចំណាយទៅវិញដូចជា ការប្រើប្រាស់ទូរទឹកកកចាស់ជាដើមដែលនាំឲ្យមានការស៊ីភ្លើងកាន់តែច្រើន ដូច្នេះអ្នកគួរចំណាយប្រាក់មួយចំនួនទិញទូរទឹកកកថ្មីដើម្បីសន្សំការចំណាយថ្លៃអគ្គិសនី។ ដោយឡែកវិញទៀត ការវិនិយោគក៏ដូចគ្នាអ្នកគួរគិតពីការចំណាយមួយចំនួនលើការវិនិយោគដូចជា ការសិក្សាជំនាញ ការវិនិយោគអាជីវកម្មមួយចំនួនដែលអាចបង្កើតចំណូលអកម្ម ជាអ្វីដែលអ្នកត្រូវគិតគូរខ្លាំងបំផុត ព្រោះទាំងនេះជាកត្តានាំឲ្យស្ថានភាពហិរញ្ញវត្ថុនាថ្ងៃអនាគតរបស់អ្នកកាន់តែប្រសើរ៕
ដោយ៖ យ៉ាយ៉ា