សែលកាតក្លាយជាប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាចបញ្ចូលទឹកប្រាក់ដោយប្រើរូបិយប័ណ្ណអេឡិចត្រូនិច​



សែលកាតបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាចប្តូររូបិយប័ណ្ណអេឡិចត្រូនិចជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូលប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។

គំនិតច្នៃប្រឌិតថ្មីនេះអាចលេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុនបម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង 340,000នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេបានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់នៅក្នុងប្រទេសកម្ពុជា។

អ្នកប្រើប្រាស់គ្រប់រូបសុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។

សម្រាប់អ្នកដែលតែងតែសកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 3 ដុល្លារក្នុងមួយខែ ហើយរង្វាន់នេះអាចប្រើប្រាស់បានសម្រាប់បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទក្នុងប្រព័ន្ធសែលកាត។ 

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីជួយផ្តល់ជូនអតិថិជននូវតម្លៃបន្ថែមនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ដូចជាជួយបង្កើនចំណេះដឹងផ្នែកឌីជីថលដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។ 

លោក Watson បានបន្តឱ្យដឹងទៀតថាថា៖ “ប្រាក់ចំនួនបីដុល្លារក្នុងមួយខែគឺគ្រប់គ្រាន់សម្រាប់អតិថិជនទូទៅអាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោងសម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។ នេះគឺជាមធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃនិងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់បណ្តាញសែលកាត។

លោក Watson បានថ្លែងថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយមចំពោះវិធីសាស្រ្តរបស់ពួកគេក្នុងការគិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យឌីជីថលរបស់អតិថិជន។

“អាជីពដែលកូនចៅជំនាន់ក្រោយៗរបស់យើងជ្រើសរើសយកដើម្បីចិញ្ចឹមជីវិតនិងវិធីសាស្រ្តប្រើប្រាស់សម្រាប់រកប្រាក់ចំណូល នឹងមានភាពខុសគ្នាឆ្ងាយជាមួយពេលបច្ចុប្បន្ននេះ។

“ជំនួសឱ្យវិញ ពួកគេនឹងចូលរួមហើយក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណនិងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួលនិងឆាប់រហ័សបំផុតនៅលើប្រព័ន្ធទីផ្សារសកល។

លោក Richard Ellis នាយកប្រតិបត្តិ Electroneum បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងាររបស់លោកពិតជាមានក្តីរំភើបរីករាយជាខ្លាំងក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនសែលកាតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់លោកបានដំណើរការដោយជោគជ័យនៅក្នុងប្រទេសប្រេស៊ីល ទួរគី និងប្រទេសក្នុងតំបន់អាហ្វ្រិកចំនួនបួនទៀត។

លោក Ellis បានបន្តទៀតថា៖ “យើងបានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់និងសហគមន៍ជាច្រើនអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយការប្រើប្រាស់ Electroneum ជារូបិយប័ណ្ណប្រចាំថ្ងៃ ហើយយើងក៏រំពឹងទុកថាវិស័យសហគ្រាសនៅក្នុងប្រទេសកម្ពុជានឹងអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សដូចគ្នា” ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ីដែលមានក្រុមហ៊ុនទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងមានសមត្ថភាពឈានមុខគេ ដែលយើងពុំធ្លាប់បានជួបប្រទះកន្លងមក។

យើងប្រមើលមើលឃើញថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត គឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយក្នុងការធានានូវការរួមបញ្ចូលប្រទេសកម្ពុជាទៅក្នុងសេដ្ឋកិច្ចសកលដ៏ធំសម្បើម ហើយក៏ដើម្បីផ្តល់ការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ជាពិសេសយុវជន ដែលនឹងក្លាយជាអ្នកដឹកនាំសេដ្ឋកិច្ចឌីជីថលនាពេលអនាគតផងដែរ។

ព័ត៌មានបន្ថែមអំពីការចាប់ដៃគូរវាង Electroneum និងក្រុមហ៊ុនសែលកាត៖

អ្នកប្រើប្រាស់អាចទាញយកកម្មវិធី Electroneum បានដោយឥតគិតថ្លៃពីហាងកម្មវិធីរបស់ Android និង iOS។ ការចុះឈ្មោះប្រើប្រាស់ត្រូវការចំណាយពេលប្រហែល 7នាទីដើម្បីសម្រេច។ អ្នកដែលសកម្មក្នុងការប្រើប្រាស់ អាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 1 ដុល្លារ រៀងរាល់រយៈពេលចាប់ពី 10 ទៅ 14 ថ្ងៃ។

សម្រាប់ប្រទេសកម្ពុជា អ្នកប្រើប្រាស់អាចប្តូរ ETN Rewards ទៅជាប្រាក់សម្រាប់បញ្ចូលទូរស័ព្ទ បានតែជាមួយប្រព័ន្ធសែលកាតប៉ុណ្ណោះ។ អតិថិជនអាចបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួនឬមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេបាន ដរាបណាវាជាលេខទូរស័ព្ទដែលបានចុះឈ្មោះជាមួយសែលកាតរួច។

អ្នកប្រើប្រាស់ត្រូវមានស្មាតហ្វូនដើម្បីអាចទាញយកកម្មវិធីមកប្រើប្រាស់បាន៕

 

X
5s