សមាគម អ្នកវិនិយោគកម្ពុជា ចុះអនុស្សារណៈយោគយល់គ្នាក្នុងគោលបំណងជំរុញភាពរឹងមាំអាជីវកម្ម
ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០២០ មានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលធ្វើឡើងរវាង ៣ភាគីគឺ សមាគម អ្នកវិនិយោគកម្ពុជា អង្គការ អុកស្វាមកម្ពុជា និង ក្រុមហ៊ុន ផ្លេតហ្វម។
ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះនឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពលោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងនៃសមាគម អ្នកវិនិយោគកម្ពុជា លោក ម៉ាឆឺ វ៉ែកហ្សេ (Mathieu Vergez) នាយកគ្រប់គ្រងស្តីទីរបស់អ្នកសម្របសម្រួលការអភិវឌ្ឍន៍អាជីវកម្ម អង្គការអុកស្វាម ប្រចាំនៅប្រទេសកម្ពុជា និងលោក ហាសាន ហាចាម (Hassan Hajam) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផ្លេតហ្វម។ ក្រៅពីនេះ ក៏នឹងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសមាជិករបស់សមាគមអ្នកវិនិយោគកម្ពុជា ក៏ដូចជាសាធារណជនដែលមានចំណាប់អារម្មណ៍ និងមានបំណងអំពីស្វែងយល់អំពី Social Enterprise ផងដែរ។
គោលបំណងសំខាន់នៃការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ គឺដើម្បីជំរុញឲ្យមានការរីកដុះដាលនូវសហគ្រាសសង្គម (Social Enterprise) នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី Social Enterprise Accelerator Program ។ កម្មវិធីនេះនឹងជួយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់សហគ្រិនសង្គម (Social Entrepreneurs) ដោយផ្តល់នូវឱកាសចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសិលាផ្សេងៗ ការប្រឹក្សាយោបល់ពីអ្នកជំនាញទៅលើផែនការអាជីកម្ម ការពង្រីកបណ្តាញអាជីកម្ម ការសែ្វងរកដៃគូវិនិយោគ ក៏ដូចជាទៅលើការគ្រប់គ្រងទូទៅ។
គួររំលឹកផងដែរថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដោយផ្តើមពីភាពជោគជ័យកន្លងមករបស់កម្មវិធីពន្លឿនល្បឿននៃការអភិវឌ្ឈអាជីវកម្ម BIO ដែលផ្តួចផ្តើមឡើងដោយ សមាគម អ្នកវិនិយោគកម្ពុជា កាលពីឆ្នាំ ២០១៨ ពង្រឹងសមត្ថភាពវិនិយោគិន និងជាពិសេស សហគ្រិន ក្នុងការគ្រប់គ្រង និងការវិនិយោគ ក៏ដូចជាដើម្បីឈានទៅចាប់យកទុនវិនិយោគពីវិនិយោគិនឯកជន និងស្ថាប័នវិនិយោគក្នុងស្រុក និងក្រៅស្រុក។
ដោយឡែក សមាគម អ្នកវិនិយោគកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០១៣ គឺជាទម្រង់នៃការវិនិយោគក្នុងស្រុកទីមួយ ដែលបាននិងកំពុងដើរចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្នកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។ ទស្សនវិស័យចំបងរបស់សមាគម គឺប្រមូលផ្តុំអ្នកវិនិយោគក្នុងស្រុក និងបង្កើតអោយមាននូវទម្រង់វិនិយោគមួយដែលគួរអោយទុកចិត្ត សម្រាប់សហគ្រិន និងអ្នកវិនិយោគអាចចូលរួមយ៉ាងសកម្មក្នុងការបង្កើតផលប្រយោជន៍សេដ្ឋកិច្ច។
អុកហ្វាំមគឺជាសហករណ៍អន្តរជាតិនៃសាខាចំនួន ២០ ដែលប្រតិបត្តិការរួមគ្នានៅក្នុង ៩៤ ប្រទេសដែលមានកម្មវិធីអភិវឌ្ឍន៍នៅ អាហ្រ្វិកមជ្ឈឹមបូព៌ា អាមេរិកឡាទីន ពាសពេញទ្វីបអាស៊ី និង នៅផ្នែកខ្លះនៃអឺរ៉ុបខាងកើត។ យើងកំពុងធ្វើការរួមគ្នាដើម្បីបញ្ចប់ភាពក្រីក្រនិងភាពអយុត្តិធម៌ក្នុងពិភពលោក។ នៅប្រទេសកម្ពុជាអង្គការអុកហ្វាំម បានគាំទ្រការអភិវឌ្ឍប្រទេសអស់រយៈពេលជិត ៤ ទសវត្សហើយ ហើយវានៅតែបន្តដោយមានការប្តេជ្ញាចិត្តខ្ពស់ចំពោះប្រជាជនកម្ពុជាជាពិសេស ស្ត្រីនិងយុវជនក៏ ដូចជាក្រុមបាត់បង់ឱកាសដទៃទៀត។ ដូច្នេះហើយ ជនពិការ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និង ក្រុមស្ត្រីដែរប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពាន ឬ អំពើហឹង្សា និង ក្រុមងាយរងគ្រោះដោយការរើសអើង កំពុងត្រូវបានផ្តល់សិទ្ធិសេរីភាព ពីរដ្ឋាភិបាល និង អ្នកដទៃទៀតក្នុងសង្គម ដើម្បីអោយពួកគេអាចដឹងពីសិទ្ធិរបស់ពួកគេក្នុងការកសាងសង្គមរបស់ខ្លួន អោយរួចផុតពី ភាពក្រីក្រនិងភាពអយុត្តិធម៌។
ចំណែកឯ ផ្លេតហ្វម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្នុងគោលបំណងគាំទ្រទៅលើការកកើតអាជីវកម្មសង្គម (Social Business) តាមរយៈការផ្តល់នូវអំណាច និងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅដល់សហគ្រាសប្រភេទនេះដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ហេតុដូច្នេះហើយ កិច្ចសហប្រតិបត្តិការរវាងភាគីទាំង ៣ ត្រូវបានមើលឃើញ និងរំពឹងទុកថានឹងផ្តល់ផលជាវិជ្ជមាននិងចូលរួមចំនែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍសេដ្ធកិច្ច និងសង្គមកម្ពុជា៕