ការពិត ១៦ ចំណុចដែលអ្នកមិនបានដឹងអំពីសហគ្រិនភាពនៅលើពិភពលោក​



ការចាប់ផ្តើមអាជីវកម្មគឺជាការដើរលើវិថីជីវិតដ៏គួរឲ្យភ័យខ្លាចមួយ។ ពេលខ្លះសូម្បីតែសហគ្រិនពូកែម្នាក់មានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមិនគេចផុតពីការបរាជ័យដែរ។ ស្ថិតិបន្តទៅទៀតនេះហាក់មិនសូវផ្តល់ទំនុកចិត្តខ្លាំងប៉ុន្មានទេសម្រាប់អ្នកដើម្បីសម្រេចជ្រើសរើសលើមាគ៌ាជីវិតជាសហគ្រិននេះឡើយ ត្បិតអីការស្រាវជ្រាវបានបង្ហាញថា ក្រុមហ៊ុនអាជីវកម្មថ្មីថ្មោង ៩០% បានបិទទ្វារទៅវិញនៅក្នុងរយៈពេល ៥ឆ្នាំដំបូង។

ថ្វីបើមានទិន្នន័យខាងលើបង្ហាញតួលេខដ៏គួរឲ្យខកចិត្តយ៉ាងណាកក្តី សព្វថ្ងៃនេះក្នុងចំណោមប្រជាជនប្រមាណជាង ៧,៦ ពាន់លាននាក់ មានសហគ្រិនកំពុងរកស៊ីដល់ទៅ ៦០០ លាននាក់ឯណោះនៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះប្រសិនបើអ្នកដាក់ចិត្តដាក់កាយធ្វើជាអ្នកជំនួញចេញរកស៊ីដោយខ្លួនឯង សូមកុំឲ្យទិន្នន័យខាងលើនេះមកបំផ្លាញគោលដៅរបស់អ្នក។ ក៏ប៉ុន្តែនៅអ្វីដែលអ្នកគួរពិចារណាមុនពេលចាប់ផ្តើមជំនួញនោះគឺសាកសួរខ្លួនឯងនូវសំនួរទាំងនេះ៖
-ហេតុអ្វីបានជាអ្នកចង់ធ្វើជាសហគ្រិន?
-តើអ្នកអាចផ្តល់គុណតម្លៃអ្វីខ្លះទៅឲ្យសង្គមជាតិ?
-តើជំនួញរបស់អ្នកមានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យខុសប្លែកពីគេ? 
-តើអ្នកមានថាមពលឬ ធនធានគ្រប់គ្រាន់ដើម្បីប្រឈមមុខទៅនឹងឧបសគ្គដំបូងៗក្នុងនាមជាសហគ្រិនដែរឬទេ?

នៅមានសំនួរសំខាន់ៗជាច្រើនទៀតដែលស្រដៀងគ្នានេះដែលអ្នកអាចជ្រើសរើសមកចោទសួរខ្លួនឯង។ ទន្ទឹមនឹងនេះអត្ថបទនេះក៏បានផ្តល់អំណះអំណាងចំនួន ៤០ ចំណុចសម្រាប់ឲ្យអ្នកយកមកពិចារណានៅមុនពេលអ្នកសម្រេចចិត្តប្រឡូកក្នុងវិស័យនេះ។

១.ចំនួនសហគ្រិនជុំវិញពិភពលោក៖ ក្នុងចំណោមប្រជាជនសរុបប្រមាណ ៧,៦ ពាន់លាននាក់នៅជុំវិញពិភពលោក មនុស្ស ៦០០ លាននាក់គឺជាសហគ្រិន។ នេះមានន័យថា ១ ក្នុងចំណោម ១៣ នាក់មានមុខរបរបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

២.អាយុដែលជោគជ័យបំផុតសម្រាប់ធ្វើជំនួញ៖ ការសិក្សារកឃើញថា ជាមធ្យមអាយុដែលសហគ្រិនជោគជ័យបំផុតក្នុងមុខជំនួញគឺនៅអាយុខ្ទង់ ៤២ ទៅ ៤៥ ឆ្នាំ។ 

៣.វិស័យដែលរីកចម្រើនឆាប់រហ័សជាងគេបំផុតនៅលើពិភពលោក៖ វិស័យដែលរីកចម្រើន និងមានទីផ្សារខ្ពស់ជាងគេបំផុតនៅលើពិភពលោកមាន៥គឺ វិស័យថាមពលកកើតឡើងវិញ (Renewable Energy) សន្តិសុខតាម ប្រព័ន្ធអ៊ីនធឺណេត (Cybersecurity) ជីវបច្ចេកវិទ្យា (Biotechnology) Virtual reality និង បច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត (Artificial Intelligence)។   

៤.តួលេខដែលក្រុមហ៊ុនថ្មីថ្មោងបរាជ័យ៖ ការស្រាវជ្រាវបានបង្ហាញថា ក្រុមហ៊ុនអាជីវកម្មថ្មីថ្មោង ៩០% បានបិទទ្វារទៅវិញនៅក្នុងរយៈពេល ៥ឆ្នាំដំបូង។ ដូចនេះបើអ្នកមិនចង់បរាជ័យ ត្រូវធ្វើឲ្យជំនួញរបស់អ្នកដើរលើផ្លូវត្រូវ។

៥.ហេតុផលដែលធ្វើឲ្យជំនួញបរាជ័យ៖ មិនមានតម្រូវការលើទីផ្សារ(៤២%) ខ្វះទុន(២៩%) កាលៈទេសៈមិនអំណោយផល(២៣%) ការប្រកួតប្រជែងខ្ពស់(១៩%) និងបញ្ហាតម្លៃ (១៨%)។

៦.ប្រទេសដែលមានក្រុមហ៊ុនបង្កើតថ្មីច្រើនជាងគេ៖ សហរដ្ឋអាមេរិក(៤៥ ៥៧៩ ក្រុមហ៊ុន) ឥណ្ឌា(៥ ៥៧២ក្រុមហ៊ុន) អង់គ្លេស(៤ ៧៧៧ក្រុមហ៊ុន) កាណាដា(២ ៣៧១ក្រុមហ៊ុន) អាល្លឺម៉ង់(១ ៩៣៤ក្រុមហ៊ុន)។

៧.រយៈពេលសហគ្រិនធ្វើការក្នុងមួយសប្តាហ៍៖ ធ្វើជាសហគ្រិនត្រូវការពេលវេលាច្រើនណាស់ ហើយតួលេខនេះ មានលក្ខណៈខុសៗគ្នាទៅតាមប្រទេស តំបន់ និងបុគ្គលម្នាក់ៗ។ ១៩% ធ្វើការ ៦០ម៉ោងឡើងទៅក្នុងមួយសប្តាហ៍ ៣០% ធ្វើការចន្លោះពី៥០-៥៩ម៉ោង ៣៣%ធ្វើការចន្លោះពី៤០-៤៩ម៉ោង ១៤% ធ្វើការចន្លោះពី៣០-៣៩ម៉ោង  និង ៥% ធ្វើការតិចជាង៣០ម៉ោង។

៨.កម្រិតសញ្ញាប័ត្ររបស់សហគ្រិន៖ យោងតាមការស្ទង់មតិរកឃើញថា សហគ្រិន ៩៥,១% មានបរិញ្ញាប័ត្រ ហើយ ៤៧% មានសញ្ញាប័ត្រខ្ពស់ជាងនេះ។

៩.តួលេខមហាសេដ្ឋីដែលរកលុយដោយខ្លួនឯង៖ យោងតាមទស្សនាវដ្តី Forbes មានមហាសេដ្ឋីសរុបចំនួន ២,២០៨ នាក់នៅលើពិភពលោក។ ជាមធ្យមមហាសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិ ៤,១ ពាន់លានដុល្លារ ហើយក្នុងនោះ ៦៧% (១ ៤៩០នាក់) នៃមហាសេដ្ឋីទាំងនោះបានកសាងទ្រព្យសម្បត្តិដោយខ្លួនឯង។

១០.ទីតាំងចាប់ផ្តើមជំនួញដំបូងរបស់សហគ្រិន៖ ដោយសារតែការចាប់ផ្តើមជំនួញដំបូងៗមានការលំបាកខ្លាំងពេកហេតុដូច្នេះហើយបានគេរកឃើញថា អ្នករកស៊ីដំបូងដៃ ៥១,៦% ចាប់ផ្តើមជំនួញដោយការជួលផ្ទះរបស់នរណាម្នាក់។ ក្រៅពីនោះពួកគេចាប់ផ្តើមជំនួញចេញពីផ្ទះខ្លួនឯង ចំណតរថយន្ត និងពីការ៉ាសសាំងជាដើម។

១១.សហគ្រិនដែលបើកជំនួញចេញពីគំនិតផ្ទាល់ខ្លួន៖ ស្ថិតិស្ថាបនិកដែលបង្កើតជំនួញដោយខ្លួនឯង គឺមានចំនួនច្រើនណាស់ ពោលគឺ ៨៣,១% បានបង្កើតអាជីវកម្មដោយខ្លួនឯង ១១,៣% ទិញក្រុមហ៊ុនទាំងមូល  ២,៨% ទទួលមរតកបន្ត និង ៤,៤% ផ្ទេរកម្មសិទ្ធិ ឬអំណោយ។ 

១២.បទពិសោធន៍អ្នកធ្វើជំនួញ៖ ក្នុងចំណោមសហគ្រិន ៩០% ដែលបរាជ័យគឺដោយសារភាគច្រើនពួកគេខ្វះបទពិសោធន៍ក្នុងមុខជំនួញរបស់ខ្លួន។ ការស្រាវជ្រាវរកឃើញថា ស្ថាបនិកដែលមានបទពិសោធន៍ច្រើន ធ្វើឲ្យជំនួញទទួលបានឱកាសជោគជ័យច្រើន។ នេះជាមូលហេតុដែលធ្វើឲ្យសហគ្រិនជាច្រើនត្រូវធ្វើការឲ្យគេច្រើនឆ្នាំជាមុនសិនមុនចេញរកស៊ី។ មានសហគ្រិនដល់ទៅ ៧៥% បានធ្វើការឲ្យគេយ៉ាងហោចណាស់ ៦ឆ្នាំសិនទើបចេញរកស៊ីផ្ទាល់ខ្លួន។

១៣.ផលប្រយោជន៍សង្គម៖ សហគ្រិនភាគច្រើនចាប់ផ្តើមអាជីវកម្មរបស់ពួកគេដើម្បីចូលរួមដោះស្រាយបញ្ហាដែលមានស្រាប់នៅក្នុងសង្គម។ ក្រុមហ៊ុនរបស់ពួកគេកាន់តែមានតម្លៃនៅពេលដែល ពួកគេបានផ្តល់សេវាកម្ម ឬផលិតជាក់លាក់មួយដែលឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើតឱកាសការងារកាន់តែច្រើន ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជួយឲ្យសាធារណៈជនទទួលបានការអប់រំ និងពន្លឺសម្រាប់ភាពរីកចម្រើនរបស់ពួកគេ។

១៤.ឧបសគ្គជាទូទៅរបស់សហគ្រិន៖  បារម្ភពីអ្វីដែលនឹងកើតឡើងបន្ទាប់ ការភ័យខ្លាចនឹងការបរាជ័យ បញ្ហាហិរញ្ញវត្ថុ បញ្ហាកសាងក្រុមការងារដែលត្រឹមត្រូវ ភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត និងការព្យាយាត្រៀមខ្លួន ឲ្យបាន ១០០% មុនពេលធ្វើសកម្មភាព។

១៥.យុវជនក្នុងវិស័យសហគ្រិនភាព៖ ការយល់ឃើញរបស់យុវជនមានការផ្លាស់ប្តូរច្រើនជាងមុន ហើយចំនួនអ្នកដែលបានជម្រុះចោលផ្នត់គំនិតចាស់ ពោលគឺខំរៀនឲ្យពូកែដើម្បីធ្វើការឲ្យគេក៏មានកាន់តែច្រើនដែរ។ មានយុវជន ៣៦% បើកជំនួញខ្លួនឯងពេលកំពុងសិក្សា ២០% បើកជំនួញដោយសារតែគ្មានការងារធ្វើ និង៦៩% ចង់ធ្វើការឲ្យក្រុមហ៊ុនអាជីវកម្មបង្កើតថ្មី។ 

១៦.ប្រវត្តិរូបរបស់អ្នករកស៊ី៖ ការស្ទង់មាតិបានបង្ហាញថា អ្នករកស៊ីតិចជាង ១% ចេញមកពីត្រកូលគ្រូសារមានបំផុត ឬក្រីក្រខ្លាំងបំផុត៕

ប្រភព៖ startupknock

 

X
5s