ជីវិតអាជីវកម្មនឹងត្រូវស្លាប់ បើសហគ្រិនមិនយល់ពីទំនាក់ទំនងអន្តរវប្បធម៌​



សកលភាវូបនីយកម្មបានច្របាច់ពិភពលោកឲ្យកាន់តែនៅកៀកគ្នា ការភ្ជាប់ទំនាក់ទំនងជាមួយគ្នាក៏កាន់តែមានច្រើន ដែលអាចបង្កើតឱកាសការងារ និងធ្វើជំនួញឆ្លងប្រទេសឆ្លងទ្វីបក៏មានកាន់តែច្រើនឡើងៗ។ ត្រឹមមនុស្សក្នុងគ្រួសារតែមួយពេលមានបញ្ហានៅពិបាកនិយាយគ្នា ព្រោះការដែលមិនបានសិក្សាពីគ្នាឲ្យបានច្បាស់លាស់ ចុះទម្រាំមនុស្សដែលមានជាតិសាសន៍ផ្សេងគ្នា និយាយភាសាផ្សេងគ្នាទៀតវាច្បាស់ជាមានផលលំបាកច្រើនក្នុងការប្រាស្រ័យទាក់ទងគ្នា។

ជាធម្មតាការប្រាស្រ័យទាក់ទងឆ្លងប្រទេសឆ្លងទ្វីបបែបនេះ វាទាមទារឲ្យសហគ្រិនដែលជាម្ចាស់អាជីវកម្ម ឬអ្នកចរចារជំនួញ ចាំបាច់ត្រូវយល់ឲ្យស៊ីជម្រៅពីរបៀបនៃការទាក់ទងជាមួយជាតិសាសន៍ដទៃនោះ។

ហេតុអ្វីបានជាទំនាក់ទំនងអន្តរវប្បធម៌សំខាន់សម្រាប់ជីវិតអាជីវកម្ម?
ដើម្បីទទួលបានជោគជ័យលើអាជីវកម្ម សហគ្រិនត្រូវស្គាល់ពីអ្វីដែលជាបរិយាកាសសកល អ្វីជាការផ្លាស់ប្ដូររបស់ពិភពលោក ហើយក៏ត្រូវដឹងពីរបៀបនៃការភ្ជាប់ទំនាក់ទំនង ចរចាតាមបែបផែនផ្សេងគ្នានៃជាតិសាសន៍នីមួយៗ។ សហគ្រិន ឬអ្នកចរចាអាជីវកម្មដាច់ខាតត្រូវស្វែងយល់ពីសង្គមជាតិសាសន៍ព្រោះសារៈសំខាន់នៃការយល់ដឹងពីវប្បធម៌សំខាន់បំផុតនៅក្នុងការអាជីវកម្ម។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនពីភាពខុសគ្នានៃវប្បធម៌តាមប្រទេស និងតំបន់ផ្សេងៗគ្នា៖

វប្បធម៌ប៉ែកអាស៊ី 
វប្បធម៌នៃការសន្ទនារបស់ប្រជាជនប៉ែកអាស៊ី ភាគច្រើនគឺចូលចិត្តភាពស្ងៀមស្ងាត់ជាជាងការនិយាយឮៗ ឬប្រើកាយវិការលើកដៃលើកជើងខ្លាំង តែជនជាតិអាស៊ីច្រើនប្រើភាពស្ងៀមស្ងាត់នេះដើម្បីបង្ហាញពីការស្ដាប់ដោយយកចិត្តទុកដាក់របស់ខ្លួន។ ក្នុងការចរចាជំនួញ ជនជាតិអាស៊ីច្រើនមិនចូលចិត្តផ្តល់ចម្លើយបែបត្រង់ៗពេកទេ ភាពស្ងៀមស្ងាត់រវាងសំណួរនិងចម្លើយត្រូវបានគេចាត់ទុកថាការចរចាអាចទទួលយកបាន ហើយក៏បង្ហាញថាមនុស្សដែលចូលរួមការចរចាកំពុងយកចិត្តទុកដាក់និងពិចារណាលើអ្វីដែលពួកគេនិយាយ។ 

វប្បធម៌ជនជាតិជប៉ុន
ជាធម្មតា ការចរចាលើអាជីវកម្ម ឬគម្រោងអ្វីមួយជាមួយជនជាតិជប៉ុន ពេលវេលាដ៏ល្អបំផុតគឺចរចាក្នុងការទទួលទានអាហារពេលល្ងាច ជាការចរចាដែលនិយាយគ្នាបណ្ដើរទទួលទានបណ្ដើរ។ ជប៉ុនជាជនជាតិមួយដែលមានភាពសុភាពរាបសារ មានការគោរពឱនលំទោនច្រើន រាល់ការជូននាមប័ណ្ណជនជាតិជប៉ុនទាមទារឲ្យភាគីម្ខាងទៀតពិនិត្យមើលនាមប័ណ្ណរបស់ខ្លួនមុនពេលដាក់ទុក។ ជនជាតិជប៉ុនចូលចិត្តឲ្យដៃគូចរចារបស់ខ្លួនទទួលទានអាហាររបស់ជប៉ុន រួមជាមួយការប្រើចង្កឹះតាមបែបជប៉ុន ហើយពួកគេក៏នឹងរីករាយខ្លាំងនៅពេលជនបរទេស ឬភាគីចរចានិយាយភាសាជប៉ុនព្រោះជាការឲ្យតម្លៃ និងជម្រុញឲ្យការចរចាមួយនេះមានអត្រាទទួលបានជោគជ័យច្រើន។ 

វប្បធម៌ឥណ្ឌូនេស៊ី
ជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ តែឥណ្ឌូនេស៊ីមានទំនៀមទំលាប់ប្លែកជាងប្រទេសកម្ពុជា ឬ ថៃព្រោះក្នុងការចរចាអាជីវកម្ម ឬគម្រោងណាមួយទាមទារឲ្យមានអ្នកតំណាងម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ដើម្បីធ្វើជាអន្តរការី ទោះបីអ្នកអាចនិយាយភាសាឥណ្ឌូនេស៊ីបានដោយខ្លួនឯងក៏ការចរចាគ្មានប្រសិទ្ធិភាពដែរក្នុងករណីអ្នកចរចាដោយខ្លួនឯង ព្រោះជនជាតិឥណ្ឌូនេស៊ីជាតិនិយមក្នុងការប្រើប្រាស់ភាសាជាតិរបស់គេជាងប្រើភាសាអង់គ្លេស។ ជាមួយគ្នានេះដែរ ជនជាតិឥណ្ឌូនេស៊ីមិនទម្លាប់ឲ្យមនុស្សស្រីមកធ្វើជាអ្នកចរចា ឬអន្តរការីក្នុងការចរចានោះឡើយ។ លើសពីនេះ ក្នុងការចរចានីមួយៗត្រូវការការពិភាក្សាឲ្យបានត្រឹមត្រូវតាមឋានានុក្រម ពោលគឺបើក្រុមប្រឹក្សាភិបាលក្រុមហ៊ុនត្រូវជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលដូចគ្នា ឬយ៉ាងហោចណាក៏មានឋានៈត្រឹមនាយកប្រតិបត្តិក្រុមហ៊ុនដែរ។ 

វប្បធម៌អឺរ៉ុប
ដោយឡែក សម្រាប់ជនជាតិសហរដ្ឋអាមេរិក ប្រេស៊ីល ឬបារាំងចាត់ទុកភាពស្ងៀមស្ងាត់ជាភាពឆ្គាំឆ្គងនៃការសន្ទនា ដូច្នេះពួកគេទាមទារឲ្យដៃគូសន្ទនាផ្តល់ការឆ្លើយតប ឆ្លើយឆ្លងយ៉ាងល្អបំផុតតាមដែលអាចធ្វើបាន។ ជាមួយគ្នានេះដែរ ភាពស្ងៀមស្ងាត់ក្នុងការសន្ទនាត្រូវបានគេចាត់ទុកថាជាការមិនឲ្យតម្លៃ និងមិនយកចិត្តទុកដាក់លើការសន្ទនាមួយនេះ។

វប្បធម៌ជនជាតិអារ៉ាប់
ការចរចាជំនួញជាមួយជនជាតិអារ៉ាប់អាចនឹងមានភាពស្មុគស្មាញបន្តិច ព្រោះការចរចាជាមួយពួកគេមិនអាចធ្វើឡើងតែម្តង ឬពីរដងហើយទទួលបានលទ្ធផលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតនៅក្នុងការចរចាជាមួយអ្នកប៉ែកមជ្ឈឹមបូព៌ាភាគច្រើនគឺជាការចរចាជាមួយបរិយាកាសដ៏រីករាយ ដោយសារភាពរួសរាយរាក់ទាក់ និងចរិសុភាពរាបសារដែលពួកគេតែងមានការស្វាគមន៍ និងទទួលភ្ញៀវយ៉ាងល្អ។ 

ជនជាតិអារ៉ាប់កើតមកដើម្បីធ្វើពាណិជ្ជកម្ម នេះជាអ្វីដែលធ្វើឱ្យពួកគេមានលក្ខណៈគួរឱ្យទុកចិត្តនៅបើអ្នកជាដៃគូក្នុងតុចរចាជាមួយពួកគេ ព្រោះនរណាក៏ដឹងដែរថាក្រៅពីចិន ជនជាតិអារ៉ាប់ក៏ជាពូជអំបូរអ្នកជំនួញហើយសុទ្ធតែជាអ្នកមាន ដូច្នេះហើយពួកគេមានបទពិសោធន៍ពេញខ្លួននៃជំនាញចរចានេះ។ ម្ចាស់អាជីវកម្មជនជាតិអារ៉ាប់មិនដែលធ្វើការចរចាដោយផ្ទាល់ជាមួយជនបរទេសទេ ព្រោះការចរចាទាំងឡាយចាំបាច់ត្រូវមានអន្តរការី ហើយការចរចានេះច្រើនទាមទារឲ្យអូសបន្លាយពេលវេលាដើម្បីទទួលជោគជ័យ។

នៅមានវប្បធម៌ផ្សេងទៀតដែលតម្រូវឲ្យអ្នកជាសហគ្រិនយល់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីទទួលបានជោគជ័យលើការធ្វើពាណិជ្ជកម្ម ឬជំនួញជាមួយគ្នា ហើយការយល់ដឹងពីវប្បធម៌នៃជាតិសាសន៍នៅនីមួយៗសំខាន់ខ្លាំងណាស់សម្រាប់សហគ្រិនគ្រប់រូប។ មធ្យោបាយល្អបំផុតក្នុងការប្រាស្រ័យទាក់ទងគឺការកសាងទំនុកចិត្តជាមួយដៃគូអាជីវកម្មរបស់អ្នក។ អ្នកអាចធ្វើវាបានដោយស្រាវជ្រាវភាពខុសគ្នានៃការប្រាស្រ័យទាក់ទងរវាងវប្បធម៌ និងដឹងមុនឲ្យបានច្រើនមុនពេលចរចាជាមួយគ្នា។ ស្រដៀងគ្នានេះដែរវាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលគួរចៀសវាង ការរៀបចំបានល្អមុនពេលជួបចរចានឹងនាំឱ្យអាជីវកម្មទទួលបានជោគជ័យ៕

ដោយ៖ យ៉ាយ៉ា

 

X
5s