Google ស្រាវជ្រាវរកឃើញថា អ្នកគ្រប់គ្រងឆ្នើមម្នាក់ត្រូវមានលក្ខណៈសម្បត្តិ១០នេះ
ក្រុមហ៊ុនមួយអាចចំណាយប្រាក់យ៉ាងច្រើនដើម្បីជ្រើសរើសបុគ្គលិក សម្ភាសន៍ និងជួលមនុស្សល្អបំផុតមកធ្វើការតាមការចង់បានរបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុននោះខ្វះសមត្ថភាពជាអ្នកគ្រប់គ្រង ហានិភ័យជាច្រើននឹងកើតមានឡើង។ ដើម្បីឆ្លើយតបថា ធ្វើដូចម្តេចដើម្បីក្លាយជាអ្នកគ្រប់គ្រងឆ្នើមម្នាក់ ក្រុមហ៊ុន Google បានធ្វើការស្រាវជ្រាវអស់រយៈពេលជាង ១០ឆ្នាំ លើគម្រោងរបស់ខ្លួនមួយ (Project Oxygen) ហើយជាលទ្ធផលបានបង្ហាញថា អ្នកគ្រប់គ្រងឆ្នើមត្រូវមានគុណសម្បត្តិពិសេស ១០ ចំណុចនេះ៖
១. គ្រូបង្វឹកដ៏ល្អម្នាក់
ជាជាងដោះស្រាយបញ្ហាទាំងអស់ភ្លាមៗនៅពេលវាកើតមានឡើង អ្នកគ្រប់គ្រងដ៏ល្អបំផុតម្នាក់ចេះប្រើបញ្ហាឲ្យទៅជាឱកាសមួយសម្រាប់រៀនសូត្រ។ អ្នកគ្រប់គ្រងអស្ចារ្យម្នាក់ធ្វើការណែនាំក្រុមការងារ និងចែករំលែកចំណេះដឹងនៅពេលចាំបាច់។ នេះអនុញ្ញាតឲ្យក្រុមការងាររបស់ពួកគេទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងរីកចម្រើន។
២. ផ្តល់សិទ្ធិអំណាចឲ្យក្រុមការងារ និងមិនប្រើគោលការណ៍គ្រប់គ្រងបែបផ្តាច់ការ
អ្នកគ្រប់គ្រងដ៏អស្ចារ្យម្នាក់ ត្រូវផ្តល់សេរីភាពពេញលេញឲ្យក្រុមការងាររបស់ខ្លួនតាមការចង់បានរបស់ពួកគេ ពោលគឺសេរីភាពក្នុងការស្វែងរកគំនិតថ្មីៗ ការប្រឈមមុខទៅនឹងហានិភ័យ និងចេះបង្កើតកំហុស។ ក្រៅពីនេះ អ្នកគ្រប់គ្រងដ៏ល្អឥតខ្ចោះម្នាក់ក៏ត្រូវផ្តល់ឧបករណ៍ផ្សេងៗទៀតតាមតម្រូវការរបស់កូនចៅ និងអនុញ្ញាតឲ្យមានកាលវិភាគការងារ និងបរិយាកាសការងារមានលក្ខណៈបទបែន។
៣. បង្កើតបរិយាកាសក្រុមការងាររឹងមាំមួយដែលយកចិត្តទុកដាក់ចំពោះភាពជោគជ័យ និងសុខមាលភាព
ក្រុមហ៊ុន Google រកឃើញថា កូនសោរដ៏សំខាន់តែមួយគត់ចំពោះការអនុវត្តការងាររបស់ក្រុមការងារ គឺការបង្កើតបរិយាកាសការងារដែលមាន “សុវត្ថិភាពផ្លូវចិត្តសាស្ត្រ”។ ក្រុមការងារដែលមានសុវត្ថិភាពផ្លូវចិត្តខ្ពស់ នឹងធ្វើឲ្យក្រុមការងារម្នាក់ៗហ៊ានប្រឈមមុខទៅនឹងហានិភ័យ ផ្តល់ទំនុកចិត្ត លុបបំបាត់ចោលភាពខ្មាស់អៀន កាត់បន្ថយសម្ពាធ ហ៊ានបញ្ចេញមតិយោបល់ លើកឡើងជាគំនិត និងមិនភ័យខ្លាចក្នុងការបង្កើតកំហុសដែលទាំងនេះគឺជាគ្រឹះមួយនៃភាពជោគជ័យរបស់ក្រុមការងារទាំងមូល។
៤. ការងារមានផលិតភាព និងផ្តោតលើលទ្ធផល
អ្នកគ្រប់គ្រងឆ្នើមម្នាក់ គឺត្រូវដើរតួនាទីច្រើនជាងក្រុមការងារឆ្ងាយណាស់ដែលធ្វើយ៉ាងណាឲ្យក្រុមការងារអនុវត្តការងារបានកាន់តែប្រសើរផងដែរ។ អ្នកគ្រប់គ្រងត្រូវធ្វើដូច្នេះដើម្បីផ្តល់ភាពជាគំរូដ៏ល្អមួយសម្រាប់ក្រុមការងារ ឲ្យបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ ផ្តោតលើផលិតភាព និងលទ្ធផលជាធំ។ អ្នកដឹកនាំល្អម្នាក់មិនខ្លាចនឿយហត់ក្នុងការលះបង់កម្លាំងកាយចិត្តដើម្បីចាំជួយ និងលើកទឹកចិត្តក្រុមការងារនោះឡើយ។
៥. មនុស្សពូកែទំនាក់ទំនង ស្តាប់ និងចែករំលែកព័ត៌មាន
អ្នកគ្រប់គ្រងដ៏ល្អបំផុតម្នាក់ គឺជាមនុស្សពូកែស្តាប់ម្នាក់។ ការស្តាប់អាចជួយឲ្យមេដឹកនាំនោះយល់ច្បាស់ពីក្រុមការងាររបស់ខ្លួន ហើយបង្ហាញសណ្តានចិត្តប្រកបដោយការយល់ចិត្តយល់ថ្លើមគ្នា។ លើសពីនេះទៅទៀតអ្នកគ្រប់គ្រងដ៏ល្អម្នាក់ដឹងថា ចំណេះដឹងគឺជាអំណាច។ នោះហើយជាមូលហេតុដែលពួកគេត្រូវមានតម្លាភាព និងមានឆន្ទៈក្នុងការចែករំលែកព័ត៌មានដោយមិនលាក់លៀមជាមួយក្រុមការងារដែលការធ្វើដូច្នេះធ្វើឲ្យមនុស្សក្រោមបង្គាប់របស់ខ្លួន ដឹងហេតុផលនៅពីក្រោយការងាររបស់ពួកគេ។
៦. គាំទ្រដល់ការអភិវឌ្ឍអាជីពការងារ និងពិភាក្សាលើលទ្ធផលនៃការអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗ
អ្នកគ្រប់គ្រងដ៏ពូកែម្នាក់ លើកទឹកចិត្តក្រុមការងារទាំងមូលដោយការចែករំលែកការកោតសរសើរប្រកបដោយភាពស្មោះត្រង់ និងជាក់លាក់។ ប៉ុន្តែពួកគេក៏មិនខ្លាចក្នុងការចែករំលែកមតិយោបល់រិះគន់ក្នុងន័យស្ថាបនាទៅកាន់ក្រុមការងារដែរដើម្បីឲ្យប្រាកដថា ក្រុមការងារអាចអនុវត្តការងារបានត្រឹមត្រូវតាមយុទ្ធសាស្រ្ត។ ទន្ទឹមនឹងនេះមេដឹកនាំល្អមា្នក់ក៏ត្រូវជួយឲ្យក្រុមការងាររបស់ខ្លួនផងដែរដើម្បីឲ្យពួកគេម្នាក់ៗទទួលបានការអភិវឌ្ឍក្នុងអាជីពការងាររបស់ពួក។
៧. ចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ក្រុមការងារ
មេដឹកនាំល្អម្នាក់ដឹងច្បាស់ថា តើក្រុមការងាររបស់ខ្លួនកំពុងឈរនៅទីតាំងណា? តើត្រូវដឹកនាំពួកគេទៅកន្លែងណា? តើពួកគេត្រូវធ្វើអ្វីខ្លះដើម្បីដល់គោលដៅនោះ? តាមរយៈការបង្កើតឲ្យមានប្រាស្រ័យទំនាក់ទំនងជាប់លាប់ល្អជាមួយក្រុមការងារ ជួយឲ្យពួកគេអាចដើរឆ្ពោះតាមកន្លងផ្លូវបានត្រឹមត្រូវតាមគោលដៅដែលចង់បាន។ ជាមួយគ្នានេះ មេដឹកនាំល្អម្នាក់ក៏ត្រូវធ្វើឲ្យប្រាកដថា សមាជិកក្រុមការងារនីមួយៗយល់ពីតួនាទីការងាររបស់ពួកគេម្នាក់ៗក្នុងការអនុវត្តយុទ្ធសាស្ត្រការងារនោះ។
៨. មានជំនាញបច្ចេកទេសសំខាន់ៗដើម្បីជួយណែនាំក្រុមការងារ
អ្នកគ្រប់គ្រងដ៏ពូកែម្នាក់យល់ពីការងាររបស់ក្រុមការងារ រួមទាំងការងារផ្សេងៗទៀត និងបញ្ហាប្រឈមប្រចាំថ្ងៃ។ ប្រសិនបើអ្នកគ្រប់គ្រងត្រូវបានផ្លាស់ប្តូរទៅកាន់កាប់គ្រប់គ្រងនៅកន្លែងមួយទៀត អ្នកគ្រប់គ្រងនោះនឹងចំណាយពេលដើម្បីស្វែងយល់ពីរបៀបការងារដែលត្រូវបំពេញ និងកសាងទំនុកចិត្តជាមុន មុនពេលធ្វើការផ្លាស់ប្តូរ ឬផ្តល់យោបល់ដល់មនុស្សក្រោមបង្គាប់របស់ខ្លួន។
៩. បង្កើតការសហការប្រកបដោយប្រសិទ្ធភាព
មេដឹកនាំល្អម្នាក់មិនចាត់ទុកក្រុមការងាររបស់ខ្លួនថា ជាក្រុមប្រឆាំង ឬទៅបំផ្លាញក្រុមការងារផ្សេងទៀតដែលកំពុងជ្រកនៅក្រោមដំបូលក្រុមហ៊ុនតែមួយនោះឡើយ។ ផ្ទុយទៅវិញ អ្នកគ្រប់គ្រងដ៏អស្ចារ្យម្នាក់បានឃើញក្នុងរូបភាពវែងឆ្ងាយជាងនេះ ។ ពួកគេខិតខំបំពេញការងារ និងបង្កើតការសហាករឲ្យកាន់តែទូលំទូលាយជាមួយផ្នែកផ្សេងទៀតដើម្បីកសាងភាពរីកចម្រើនឲ្យក្រុមហ៊ុនទាំងមូល ហើយលើកទឹកចិត្តក្រុមការងាររបស់ខ្លួនឲ្យខិតខំបំពេញការងារដូចគ្នាៗ។
១០. មនុស្សពូកែបង្កើតការសម្រេចចិត្ត
អ្នកគ្រប់គ្រងដ៏ឆ្នើមម្នាក់មិនមែនជាមនុស្សស្រពឹកស្រពន់នោះទេ។ ប៉ុន្តែពួកគេជាមនុស្សដែលពូកែសម្រេចចិត្តបានលឿន និងមានប្រសិទ្ធភាព។ បន្ទាប់ពីបានវិភាគទៅអង្គហេតុ និងពិចារណាទៅលើគំនិតយោបល់របស់ក្រុមការងារខ្លួនហើយ មេដឹកនាំនោះត្រូវសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយការទទួលខុសត្រូវបើទោះបីជាការសម្រេចចិត្តនោះមានការមិនយល់ស្របពីក្រុមការងារមួយចំនួនក៏ដោយ។ ចំណែកកិច្ចការបន្ទាប់របស់អ្នកគ្រប់គ្រងឆ្នើម គឺត្រូវប្តេជ្ញាចិត្តចំពោះការសម្រេចចិត្តនោះ៕
ប្រភព៖ Businessinsider