ហេតុផលទាំងនេះ លោកអ្នកត្រូវប្ដូរពូកថ្មី ឬជ្រើសរើសទ្រនាប់ពូកសុខភាព
ការគេង គឺជាផ្នែកមួយយ៉ាងសំខាន់បំផុតនៃសុខុមាលភាពរបស់មនុស្សម្នាក់ៗ។ និយាយដោយឡែក មិនថានៅបណ្ដាប្រទេសជឿនលឿន ឬបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ការគេងត្រូវបានវេជ្ជបណ្ឌិតនិងអ្នកជំនាញសុខភាពទូន្មាន និងផ្ដល់យោបល់ភាគច្រើន ដើម្បីរក្សាបាននូវសុខភាពមាំមួនក្រៅពីរបបអាហារ។ និយាយមួយបែបទៀតផ្អែកតាមការស្រាវជ្រាវ ១ ឱ្យដឹងថា មនុស្ស ៦នាក់ក្នុងចំណោម ១០នាក់ឱ្យតម្លៃការគេងជាជាងការរួមភេទទៅទៀត។
ការជ្រើសរើសពូក គឺជាផ្នែកមួយដែលចាំបាច់បំផុតដើម្បីធានាបាននូវគុណភាពដំណេករបស់មនុស្សម្នាក់ៗ។ ការស្ទង់មតិរបស់មូលនិធិដំណេកជាតិអាមេរិក (The National Sleep Foundation) បានឱ្យដឹងថា មនុស្សជាង ៩០%ដែលត្រូវបានសាកសួរបានឆ្លើយថា គុណភាពនៃដំណេក គឺអាស្រ័យយ៉ាងខ្លាំងទៅលើប្រភេទពូក។ ប៉ុន្តែការស្ទង់មតិដដែលបានឱ្យដឹងទៀតថា មនុស្សភាគច្រើនបានភ្លេច ឬ មិនយកចិត្តទុកដាក់ទៅលើរឿងហ្នឹងនោះទេ។
ហេតុផល១ ក្នុងចំណោម ហេតុផលជាច្រើនទៀត បានបង្ហាញថា ពូកចាស់ ធ្វើឱ្យអ្នកមានភាពតប់ប្រមល់ច្រើន ដោយមិនដឹងខ្លួន ពោលគឺមិនមែនត្រឹមតែការស្ត្រេសដោយសារតែបញ្ហាការងារ លុយកាក់ ឬរឿងគ្រួសារនោះទេ។ ភាពស្ត្រេសនេះគឺកើតចេញពីពូកចាស់ធ្វើឱ្យខ្នងរបស់អ្នកឈឺ ឬមិនស្រួល ដែលបង្កើតនូវកម្រិតអរម៉ូន Cortisol ដែលជាផ្នែកមួយជំរុញឱ្យកើតស្ត្រេសតែម្ដង។
ហេតុផល ១ផ្សេងទៀត គឺថា ពូក ក៏ជំរុញឱ្យអ្នកដែលមានជំងឺ អាលែកហ្សី កាន់តែវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរដែរ។ ច្បាស់ណាស់ថា ពូកចាស់ វាបង្កប់នូវបរាសិត ជាច្រើន។ ការស្រាវជ្រាវរបស់ WedMD បានឱ្យដឹងថា ប្រជាជនអាមេរិកប្រហែល ២០លាននាក់មានបញ្ហាអាលែកហ្សីជាមួយនឹងប្រភេទបរាសិតនៅលើពូក។វាអាចបណ្ដាលឱ្យមានបញ្ហារមាសស្បែក កើតស្រែង និងប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បង្កឱ្យពិបាកដង្ហើម ស្រមុកកាន់តែឮ។
អ្នកជំនាញបានអះអាងថា យូរបំផុត ពូក គួរត្រូវបានផ្លាស់ប្ដូររាល់ ៦ ទៅ ៨ឆ្នាំ ហើយវាកាន់តែល្អចំពោះសុខភាព គឺប្រើទ្រនាប់ពូកដែលធ្វើពីសំឡីទន់ ស្អាត និងមិនធ្វើឱ្យឈឺខ្នង និងផ្ដល់នូវផាសុកភាពដល់ដំណេករបស់លោកអ្នក៕