តៃវ៉ាន់ព្រមានផាកពិន័យ ១ម៉ឺនដុល្លារ បើអ្នកជំងឺលាក់បាំងថាខ្លួនកំពុងមានអាការៈនៃជំងឺរលាកសួតថ្មី
តាមការចេញផ្សាយពីសារព័ត៌មាន Focus Taiwan ទីក្រុងតៃប៉ិ ប្រកាសពីករណីឆ្លងទី ៤ នៃវីរុសកូរ៉ូណាថ្មីកាលពីព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ លើស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ដែលបានទៅទីក្រុងវូហាន ប្រទេសចិនកាលពីពេលថ្មីៗនេះ បន្ទាប់ពីចេញលទ្ធផលវិជ្ជមានលើការធ្វើរោគវិនិច្ឆ័យនោះ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង Chuang Jen-hsiang។ គិតត្រឹមម៉ោង ៤ ល្ងាចថ្ងៃអាទិត្យទី២៦ ខែមករា ២០២០ យោងតាមការបញ្ជាក់ពី មជ្ឈមណ្ឌលបង្ការការរាតត្បាតជំងឺឆ្លងឲ្យដឹងថា មានការសង្ស័យកើនឡើងដល់ ៣៥០ករណីហើយក្នុងប្រទេសតៃវ៉ាន់។
ស្របពេលជាមួយគ្នានេះដែរ តៃវ៉ាន់ក៏បានប្រកាសថានឹងធ្វើការផាកពិន័យ ៣០០,០០០ដុល្លារតៃវ៉ាន់ ឬស្មើ ១០,០០០ដុល្លារក្នុងម្នាក់ លើអ្នកជំងឺណាដែលលាក់បាំងថាខ្លួនកំពុងស្ថិតនៅក្នុងភាពសង្ស័យ ឬលាក់បាំងថាខ្លួនកំពុងមានជំងឺរលាកសួតថ្មីកូរ៉ូណា ហើយសេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរសុខាភិបាលតៃវ៉ាន់កាលពីថ្ងៃសៅរិ៍កន្លងទៅ នេះបើតាមការលើកឡើងពីសារព័ត៌មាន Republic World និង Asia Nikkei។
សារព័ត៌មានក្នុងស្រុកមួយរបស់តៃវ៉ាន់បានលើកឡើងថា គិតមកទល់ពេលនេះមានមនុស្សតែម្នាក់គត់ដែលទទួលរងការផាកពិន័យ ក្រោយពេលធ្វើតេស្តរកឃើញវីរុសថ្មីនៅក្នុងមន្ទីរពេទ្យមួយស្ថិតនៅភាគខាងត្បូងទីក្រុង Kaohsiung ខណៈដែលវីរុសមួយនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅប្រទេសចិន និងប្រទេសផ្សេងទៀតលើពិភពលោក។ ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរត្រូវបានគេមើលឃើញថាជាការបង្ហាញឆន្ទៈយ៉ាងច្បាស់មួយថាប្រធានាធិបតី Tsai Ing-wen និងរដ្ឋបាលរបស់ប្រធានាធិបតីរូបនេះមានបំណងអនុវត្តច្បាប់ដាច់ដោយឡែក និងតឹងរ៉ឹងដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
ការធ្វើបែបនេះអាចនិយាយបានថាជាការដាក់ទណ្ឌកម្ម តែផ្ទុយទៅវិញវាពិតជាមានសារៈសំខាន់ព្រោះប្រជាជនតៃវ៉ាន់ជាច្រើនដែលធ្វើការនៅចិនដីគោក បានត្រឡប់មកផ្ទះវិញដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ យោងទៅតាមនីតិវិធីនៃការដាក់ឱ្យដាច់ពីគ្នាអ្នកដែលបង្ហាញរោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមខាងលើ ឬសង្ស័យថាមានជំងឺនេះត្រូវតែរាយការណ៍ទៅអាជ្ញាធរឱ្យបានត្រឹមត្រូវ។ ដោយឡែកយោងតាមរបាយការណ៍បានឲ្យដឹងថា បុរសដែលត្រូវបានពិន័យមិនធ្វើដូច្នេះទេពេលចូលតៃវ៉ាន់។
ក្រសួងដឹកជញ្ជូនតៃវ៉ាន់កាលពីថ្ងៃសុក្របានណែនាំក្រុមហ៊ុនទេសចរណ៍ទាំងអស់ឱ្យលុបចោលរាល់ការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ដីគោក ហើយក៏បញ្ឈប់ការទទួលយកដំណើរទេសចរណ៍ណាមួយពីទិសដៅផ្សេងទៀតផងដែរ។ គួរបញ្ជាក់ថា ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃឆ្នាំ ២០០៣ នៃរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ (SARS) ដែលស្រដៀងនឹងវីរុសថ្មីនៃកូរ៉ូណាពូជថ្មីនេះ បានធ្វើឲ្យប្រជាជនតៃវ៉ាន់ ៧០ នាក់បានស្លាប់៕
ដោយ៖ យ៉ាយ៉ា