វិទ្យា​ស្ថាន​ប៉ាស្ទ័រ​នឹង​ទទួល​បន្ទុកពិនិត្យ​​ស្រាវ​ជ្រាវ ប្រសិន​ផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​នៅ​កម្ពុជា​



ដោយ​សារ​​ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) នៃ​ទីក្រុង​ហ្វូហាន​ប្រទេស​ចិន​បាន​បង្ក​ឲ្យ​មាន​អ្នក​ជំងឺ​និង​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជា​បន្តបន្ទាប់​ និង​បាន​រាតត្បាត​រហូត​ដល់​៤​ប្រទេស​ធំៗ​ ហើយ​ក្នុង​នោះ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​បាន​ផ្ទុះ​ជំងឺ​នេះ​ប្រមាណ​៤ករណី​រួច​មក​ហើយ ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​កំពុង​តែ​មាន​ការ​ព្រួយ​ខ្លាំង។

ជា​មួយ​គ្នា​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​ជំទាវ ឱ វណ្ណឌីន នា​ឱកាស​សន្និសីទ​សារព័ត៌មាន​ស្ដី​អំពី «វឌ្ឍនភាព​របស់​ក្រសួង​សុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត​ បង្ក​ដោយ​វីរុស​កូរ៉ូណា ប្រភេទ​ថ្មី» នា​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ពេល​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​ករណី​សង្ស័យ​ណា​មួយ​ថា​មាន​ជំងឺ​ដែល​បង្ក​ដោយ​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​នៅ​កម្ពុជា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​គឺ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​ពិនិត្យ​ និង​ជួយ​ស្រាវ​ជ្រាវ​។

លោក​ជំទាវ បាន​បញ្ជាក់​ថា ករណី​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ គឺ​មិន​មែន​បណ្ដាល​មក​តែ​ពី​ជំងឺ​ថ្មី​នេះ​តែ​មួយ​មុខ​នោះ​ទេ ពោល​គឺ​អ្នក​ជំងឺ​ទាំង​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​រួច​ទៅ​ហើយ​មុន​នឹង​កើត​ជំងឺ​នេះ។ ថ្វីត្បិត​តែ​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​នេះ​ត្រូវ​បាន​អះអាង​ថា​ អាច​ចម្លង​ពី​មនុស្ស​ទៅ​កាន់​មនុស្ស​ ប៉ុន្តែ​ក៏​មិនទាន់​មាន​ការ​អះអាង​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ​ថា​ ការ​ឆ្លង​ពី​មនុស្ស​ទៅ​កាន់​មនុស្ស​នេះ​ស្ថិត​នៅ​ក្នុង​សភាព​មួយ​ដែល​ខ្លាំងក្លា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ទើប​តែ​សម្រេច​ដាក់​ម៉ាស៊ីន​ស្គេន​កម្ដៅ​ នៅ​តាម​ច្រក​អាកាសយាន្ដដ្ឋាន​អន្ដរជាតិ​ទាំង៣ រួម​មាន ភ្នំពេញ សៀមរាប និង​ព្រះសីហនុ។ ទន្ទឹម​នឹង​ដាក់​ម៉ាស៊ីន​ស្គេន​ទាំង​៣​នេះ ក៏​មាន​ការ​រៀបចំ​ក្រុម​ការងារ​ប្រចាំការ​នៅ​ទីនោះ​ផង​ដែរ ដើម្បី​តាមដាន​ស្ថានភាព​អ្នក​ដំណើរ ដែល​គាត់​ហោះហើរ​ចុះ​មក​នឹង ជា​ពិសេស ជើង​ហោះ​ហើរ​ ដែល​មក​ពី​ទី​ក្រុង​វូហាន៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s