គ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ បើកសិករនៅតែបន្តបាញ់ថ្នាំកសិកម្មតាមវិធីនេះទៀត
កម្ពុជាជាប្រទេសកសិកម្ម ទោះជាមកទល់ពេលនេះវិស័យសំណង់ និងវាយនភណ្ឌកាត់ដេរកំពុងមានសន្ទុះ និងដើរតួជាអ្នកជួយជំរុញសេដ្ឋកិច្ចជាតិក្តី ក៏កម្ពុជានៅតែត្រូវការពឹងផ្អែកមួយផ្អែកធំលើវិស័យកសិកម្មដដែល។
គិតមកទល់ពេលនេះ ផ្ទៃដីដាំដំណាំក្នុងប្រទេសគិតទាំងស្រូវ បន្លែបង្ការ និងដំណាំផ្សេងទៀតបានរួមតូចជាងមុនដោយសារការពង្រីកផ្ទៃដីវិនិយោគលើវិស័យឧស្សាហកម្មរោងចក្រ ជាហេតុនាំឲ្យការបង្កបង្កើនផលលើវិស័យកសិកម្មត្រូវប្រឈមនឹងការធ្លាក់ចុះដូចគ្នា។ ជាដំណោះស្រាយសម្រាប់បញ្ហាមួយនេះគឺមានតែការប្រើប្រាស់ជីនិងថ្នាំកសិកម្មជំនួយ ដើម្បីទទួលបានផលស្របតាមតម្រូវការអ្នកប្រើប្រាស់។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយក្រុមការងារ BizKhmer លោក កាំង វណ្ណៈ ស្ថាបនិកក្រុមហ៊ុននីលីដា ខូ អិលធីឌី ជាក្រុមហ៊ុនផ្គត់ផ្គង់ និងឯកទេសថ្នាំកសិកម្ម បានមានប្រសាសន៍ថា ឆ្លងតាមការសង្កេតផ្ទាល់របស់លោកផ្ទាល់ ការយល់ដឹងរបស់ប្រជាកសិករខ្មែរនៅពេលបច្ចុប្បន្នលើការប្រើប្រាស់ជី ក៏ដូចជាថ្នាំកសិកម្មមានការរីកចម្រើនច្រើនបើធៀបនឹងរយៈពេល ១០ឆ្នាំមុន។
ប្រជាកសិករអាចប្រើប្រាស់ថ្នាំកសិកម្មបានត្រូវតាមប្រភេទឧទាហរណ៍ដូចជា ការប្រើប្រាស់ថ្នាំស្មៅ ថ្នាំសម្លាប់សត្វល្អិត ថ្នាំព្យាបាលជំងឺលើរុក្ខជាតិ និងបរិមាណនៃការប្រើប្រាស់ជាដើម។ ដោយសារក្រសួងកសិកម្ម ជាពិសេសនាយកដ្ឋាននីតិកម្មកសិកម្មបានផ្តល់បរិយាកាសអំណោយផលច្រើន ដល់ក្រុមហ៊ុនឯកជនក្នុងស្រុកលក់ជី លក់គ្រាប់ពូជ បានចុះទៅផ្សព្វផ្សាយ ជួបផ្ទាល់ជាមួយប្រជាកសិករនៅមូលដ្ឋាន និងផ្តល់ជូនជារបៀបនៃការធ្វើស្រែបង្ហាញ -ល- និង-ល-។
ដោយឡែកនៅមានបញ្ហាប្រឈមមួយសម្រាប់ប្រជាកសិករគឺ នៅលើបច្ចេកទេសនិងរបៀបនៃការប្រើប្រាស់ថ្នាំទាំងនោះមិនទាន់ស្របតាមក្បួនខ្នាតសុវត្ថិភាពនៅឡើយ ពោលគឺការបាញ់ថ្នាំលើដំណាំរបស់ពួកគាត់តែម្តង។ ស្ថាបនិកក្រុមហ៊ុននីលីដា ក៏បានជម្រាបបន្ថែមដែរថា ការបាញ់ថ្នាំកសិកម្មដែលមិនបង្ក ឬបង្ការការប៉ះពាល់ដល់សុខភាពមានដូចខាងក្រោម៖
១) ស្លៀកសំលៀកបំពាក់ឲ្យបានជិតខ្លួន៖ កសិករមួយចំនួនគាត់ហាក់មិនសូវមានការព្រួយបារម្ភពីសុខភាព ឬខ្លាចថ្នាំកសិកម្មនោះទេ កសិករខ្លះពេលទៅបាញ់ថ្នាំស្លៀកខោខ្លី និងខ្លះទៀតស្ទើរតែមិនពាក់អាវផង។ តែអ្វីដែលប្រជាកសិករត្រូវធ្វើគឺត្រូវពាក់អាវដៃវែង ស្លៀកខោវែង បើគ្មានអាវការពារត្រូវជំនួសដោយការពាក់អាវភ្លៀង។
២) ពាក់ម៉ាស់ ពាក់មួក និងការពារផ្លូវដង្ហើមឲ្យបានល្អបំផុត ចៀសវាងការភាយចំហាយថ្នាំនាំឲ្យមានការប៉ះពាល់ដល់សុខភាព។
៣) ចៀសវាងការទទួលទាន ឬជក់បារីពេលកំពុងបាញ់ថ្នាំ៖ ការធ្វើបែបនេះវាប៉ះពាល់ណាស់ ព្រោះការទទួលទានចំណីអាហារ ឬជក់បារីងាយធ្វើឲ្យជាតិថ្នាំជ្រាបចូលទៅក្នុងខ្លួនបង្កជាបញ្ហាដល់សុខភាពខ្លាំង។
៤) ងូតទឹក លាងសំអាតខ្លួន៖ បន្ទាប់ពីបាញ់ថ្នាំរួច៖ កសិករឬអ្នកបាញ់ថ្នាំត្រូវធ្វើការលាងសំអាតខ្លួន និងងូតទឹកដុសសាប៊ូឲ្យបានស្អាត។ ចំណែកសំលៀកបំពាក់ដែលប្រើសម្រាប់បាញ់ថ្នាំ ក៏ត្រូវធ្វើការបោកគក់សំអាតឲ្យបានស្អាត និងហាលឲ្យត្រូវពន្លឺថ្ងៃល្អដូចគ្នា។
លោក កាំង វណ្ណៈ ក៏បានជម្រាបបន្ថែមទៀតដែរថា ការបាញ់ថ្នាំកសិកម្មឲ្យមានប្រសិទ្ធិភាពត្រូវធ្វើឡើងនៅពេលព្រឹក និងពេលល្ងាចពោលគឺបាញ់នៅពេលមេឃត្រជាក់ ហាមបាញ់មុនពេលភ្លៀងព្រោះទឹកភ្លៀងធ្វើឲ្យថ្នាំកសិកម្មបាត់បង់ប្រសិទ្ធិភាព។ បើប្រជាកសិករគោរពតាមគោលការណ៍នៃការប្រើប្រាស់ថ្នាំកសិកម្មបានល្អ កសិករនឹងចំណេញប្រាក់កាស មិនប៉ះពាល់ដល់សុខភាព និងមិនបង្កឲ្យប៉ះពាល់ដល់បរិស្ថាន៕
ដោយ៖ យ៉ាយ៉ា