ធ្វើជាអ្នកគ្រប់គ្រងគេគួរជៀសវាងនិយាយពាក្យ ១៤ ឃ្លានេះទៅកាន់កូនចៅ​



មានពាក្យមួយឃ្លាគេនិយាយថា “មនុស្សនឹងមិនខ្វល់ថាអ្នកនិយាយអ្វីទេ ប៉ុន្តែពួកគេនឹងចាំមិនភ្លេចប្រសិនបើពាក្យសម្តីរបស់អ្នកធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពួកគេ”។ នេះពិតជាត្រឹមត្រូវ ជាពិសេសសម្រាប់អ្នកគ្រប់គ្រងតែម្តង។ ការប្រើភាសាមិនសមរម្យ ឬគ្មានវិជ្ជាជីវៈដោយការធ្វេសប្រហែសណាមួយនោះ នឹងធ្វើឲ្យអ្នកដឹកនាំនោះបាត់បង់តម្លៃត្បិតអីវាបានធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តដល់បុគ្គលិក។

ដូច្នេះហើយនៅ ពេលប្រើភាសាទំនាក់ទំនង អ្នកគ្រប់គ្រងគ្រប់រូបគួរយកចិត្តទុកដាក់បន្តិចដើម្បីធានាថា ភាសាដែលនិយាយចេញទៅក្រៅវាមិនមានលក្ខណៈឆ្កាំឆ្គងនោះឡើយ។ សូមពិនិត្យមើលឃ្លា ១៤ខាងក្រោមនេះ ហើយជៀសវាងប្រើឃ្លាទាំងនេះទៅកាន់បុគ្គលិករបស់អ្នក។ 

១.“អ្នកនោះធ្វើល្អជាងអ្នកឯង”
សូមចាំថា អ្នកមិនគួរប្រើភាសាប្រៀបធៀបនិយាយចំៗចំពោះមុខកូនចៅបែបនេះនោះទេ យកល្អមិនចាំបាច់និយាយតែម្តង។ វិធីល្អបំផុតតែមួយគត់ដែលអ្នកគួរធ្វើ គឺជំរុញលើកទឹកចិត្តបុគ្គលិករូបណាដែលអ្នកសង្កេតឃើញថា នៅមានចំណុចខ្វះខាត បើមិនដូច្នេះទេ បុគ្គលិករូបនោះនឹងអាក់អន់ស្រពន់ចិត្តនឹងអ្នកជាមិនខាន។

២.“បង្ហាញដំណោះស្រាយបញ្ហាមកឲ្យខ្ញុំ កុំយកបញ្ហាមកឲ្យខ្ញុំ”
នេះជារបៀបធ្វើការបែបដាច់ខាតគ្មានហេតុផលរបស់អ្នកដឹកនាំមិនល្អ។ គ្មាននរណាម្នាក់ចង់នាំបញ្ហាមកឲ្យអ្នកទេ ហើយអ្នកក៏គួរផ្តល់ជំរើសឲ្យពួកគេផងដែរ។ ពួកគេក៏ត្រូវការជំនួយពីអ្នកដែរដើម្បីជួយផ្តល់យោបល់ជួយដោះស្រាយបញ្ហានោះ។ តាមពិតទៅការប្រើឃ្លារបស់អ្នកមួយនេះទៅវិញទេដែលនាំបញ្ហាដល់ពួកគេ។ 

៣.“ខ្ញុំអត់មានយោបល់អ្វីទៅកាន់អ្នកវិញទេ”
ហេតុអ្វីអ្នកគ្មានយោបល់អ្វីបន្តិចសោះទៅកាន់កូនចៅរបស់អ្នកវិញ? ពីព្រោះអ្នកកំពុងរវល់តែការងាររបស់អ្នក ។ អ្នកប្រហែលមិនបានពិនិត្យមើលឲ្យបានដិតដល់លើភាពខ្លាំង និងឱកាសផ្សេងៗកូនចៅរបស់អ្នក ឬអ្នកមិនបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ចំពោះភាពជាក់លាក់ក្នុងការអនុវត្តការងាររបស់ពួកគេ។

៤.“កុំសួររកមូលហេតុ គិតតែធ្វើទៅ”
នេះជាកំហុសធំមួយរបស់អ្នកគ្រប់គ្រង ត្បិតអីបុគ្គលិកគ្រប់រូបរបស់អ្នកពិតជាត្រូវការដឹងពីមូលហេតុនៃការអនុវត្តការងារនោះណាស់។ ការបដិសេធន៍មិនផ្តល់ហេតុផលឲ្យពួកគេបានដឹងនៅពេលអនុវត្តការងារ ហើយគិតតែបញ្ជាឲ្យពួកគេធ្វើតាមនោះ គឺនាំឲ្យបាត់បង់ទំនុកចិត្តក្នុងការងាររវាងអ្នកដឹកនាំ និងកូនចៅ។ 

៥.“ខ្ញុំនឹងធ្វើវាដោយខ្លួនឯង”
នេះមានន័យថា អ្នកកំពុងដាក់ខ្លួនឯងឲ្យនៅឯកា។ ទោះបីជាអ្នកដឹង ឬមានសមត្ថភាពធ្វើការងារនោះបានល្អជាងពួកគេក៏ដោយ ការស្រវ៉ាយកការងារមកក្តោបក្តាប់ធ្វើម្នាក់ឯង នឹងជំរុញឲ្យក្រុមការងារទាំងមូលខ្វះការសហការដែលនាំឲ្យបរាជ័យ។ មួយវិញទៀតវាបង្ហាញថា អ្នកអសមត្ថភាពមិនចេះផ្ទេរភារកិច្ចការងារទៅឲ្យបុគ្គលិកក្រោមបង្គាប់។

៦.“ព្រោះខ្ញុំជាមេរបស់អ្នក”
តើអ្នកនិយាយពាក្យមួយឃ្លានេះទៅកាន់កូនចៅរបស់អ្នកក្នុងគោលបំណងអ្វី? តាមពិតទៅនេះវាជាពាក្យសម្តីមួយបង្ហាញពីអំណាចផ្ទាល់ខ្លួនរបស់អ្នក មិនមែនប្រើអំណាចតាមតួនាទីក្នុងស្ថាប័ននោះទេ។ វាច្បាស់ណាស់ថា អ្នកអាចនឹងទទួលបានការគោរពតាម ប៉ុន្តែមិនស្តែងចេញពីបេះដូងរបស់ពួកគេទេ។ 

៧.“ហេតុអ្វីបានជាអ្នកធ្វើអញ្ចឹង”
ការប្រើឃ្លានេះ គឺប្រៀបដូចជាអ្នកកំពុងចោទប្រកាន់ពួកគេត្រង់ៗតែម្តង ហើយមានចេតនាបង្ហាញពីគុណវិបត្តិជាងគុណសម្បត្តិរបស់ពួកគេ។  ប្រសិនបើអ្នកមិនពេញចិត្តនូវអ្វីដែលពួកគេកំពុងធ្វើ និងចង់កែប្រែកំហុសរបស់ពួកគេ អ្នកគួរបង្ហាញវិធីល្អជាងនេះឲ្យពួកគេអនុវត្តតែម្តង។

៨.“ធ្វើបានល្អ”
មើលទៅការប្រើប្រាស់ឃ្លានេះដូចជាមិនខុសឆ្គងនោះទេ។ ក៏ប៉ុន្តែនៅកន្លែងការងារ ប្រសិនបើបុគ្គលិករបស់អ្នកបង្ហាញសា្នដៃល្អ យកល្អអ្នកគួរធ្វើឲ្យពួកគេដឹងថា ពីមូលហេតុនៅពីក្រោយភាពជោគជ័យលើការងាររបស់ពួកគេ។

៩.“នោះជាបញ្ហារបស់អ្នក”
ខុសហើយ! ជាអ្នកគ្រប់គ្រង ពាក្យមួយឃ្លានេះមិនគួរនិយាយចេញមកនោះទេ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកជាអ្នកដឹកនាំ បញ្ហាការងាររបស់បុគ្គលិកក៏ជាបញ្ហារបស់អ្នកដែរ។ គ្មានវិធីណាមួយដែលធ្វើឲ្យគុណភាពការងាររបស់អ្នកបាត់បង់លឿនជាងការប្រើប្រាស់ឃ្លាមួយនេះឡើយ។

១០.“ខ្ញុំអត់ទំនេរទេឥឡូវនេះ”
ទោះបីនេះជាលេស ឬអ្នករវល់ពិតប្រាកដមែនក៏ដោយ អ្នកត្រូវឆ្លើយតបទៅកាន់ពួកគេវិញដោយការទទួលខុសត្រូវ។ អ្នកមិនគួរឆ្លើយបដិសេធន៍ ហើយមិនផ្តល់ពេលវេលារបស់អ្នកសម្រាប់ពួកគេនោះទេ ហើយបើបដិសេធន៍ អ្នកត្រូវមានហេតុផលច្បាស់លាស់ទៅកាន់ពួកគេវិញ។

១១.“ចៅហ្វាយរបស់យើង ល្ងង់ណាស់”
ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកមិនគួរលើករឿងរ៉ាវមិនល្អរបស់ថ្នាក់លើមកឲ្យបុគ្គលិកក្រោមបង្គាប់ស្តាប់នោះនេះ។ ទោះបីជារឿងនោះពិត ឬមិនពិតក៏ដោយ ទង្វើនេះគឺជាទង្វើខ្វះសុជីវធម៌ ខ្វះការគោរព និងគ្មានវិជ្ជាជីវៈក្នុងនាមជាអ្នកដឹកនាំរបស់គេនោះឡើយ។

១២.“អ្នកកាន់តំណែងខ្ញុំពីមុន មិនល្អដូចខ្ញុំទេ”
នេះជាពាក្យមួយដែលបង្ហាញថា អ្នកកំពុងលើកតំកើង និងបិតបាំងចំណុចអាក្រក់របស់ខ្លួន បន្ទាប់តម្លៃអ្នកដទៃ។ វាមិនចាំបាច់ដែលអ្នកនិយាយវាចេញមកនោះទេ។ អ្នកគួរធ្វើជាគំរូឲ្យពួកគេបានមើលឃើញជាក់ស្តែងតែម្តង។ ការមិនគោរពអ្នកដទៃ និងអំនួត គឺជាឬសគល់នាំឲ្យបាត់បង់តម្លៃភាពជាអ្នកដឹកនាំ។

១៣.“ខ្ញុំខកចិត្តនឹងអ្នកណាស់” 
នេះវាមិនទាក់ទងទៅនឹងកំហុសក្នុងការងារនោះទេ ក៏ប៉ុន្តែវាទាក់ទងទៅនឹងចរិតរបស់អ្នកតែម្តង។ អ្នកអាចខកចិត្តទៅនឹងលទ្ធផលមិនល្អក្នុងការងាររបស់ពួក ប៉ុន្តែការមិនពេញចិត្តទៅនឹងរឿងផ្ទាល់ខ្លួន វាមិនធ្វើឲ្យពួកគេយកចិត្តទុកដាក់ស្តាប់តាមបង្គាប់របស់អ្នកឡើយ។

១៤.“វាមិនមែនជាកំហុសរបស់ខ្ញុំទេ”
ប្រសិនបើអ្នកជាមេដឹកនាំគេ វាច្បាស់ណាស់ថា រាល់កំហុសក្នុងការងាររបស់បុគ្គលិកក៏ជាចំណែកនៃកំហុសរបស់អ្នកដែរ។ អ្នកត្រូវចេះទទួលស្គាល់ និងមានការទទួលខុសត្រូវ។ សូមកែប្រែកំហុសរបស់ពួកគេ និងលើកទឹកចិត្តពួកគេឲ្យបំពេញការងារល្អប្រសើរជាងមុន៕

ប្រភព៖ INC 

 

X
5s