៣ ចំណុចដែលអ្នកត្រូវដឹងពីវិបត្តិអ៊ីរ៉ង់ - អាមេរិករហូតឈានដល់ការធ្វើឃាតមេទ័ពជាន់ខ្ពស់អ៊ឺរ៉ង់​



យោងតាម CNN បានឲ្យដឹងថាទង្វើរបស់លោកប្រធានាធិបតីអាមេរិក ដូណលត្រាំ ដែលបានសម្រេចចិត្តក្នុងការប្រើដ្រូនគ្មានមនុស្សបើកធ្វើឃាតមេបញ្ជាការសំខាន់របស់អ៊ឺរ៉ង លោក Qassem Soleimani បានធ្វើឲ្យពិភពលោកច្រហមាត់បណ្ដើរៗដោយអ្នកខ្លះហ៊ានលាន់មាត់ថាព្រឹត្តិការណ៍នេះអាចជាដើមហេតុនៃការវិវត្តទៅរកសង្គ្រាមវិនាសពិភពលោក សង្គ្រាមលោកលើកទី ៣។ ទង្វើរបស់លោកត្រាំដែលបានវាយប្រហាសម្លាប់មេទ័ពអ៊ឺរ៉ង់សំខាន់មួយរូបម្នាក់នេះក្នុងទឹកដីអ៊ឺរ៉ាក់ដែលជាទឹកដីដែលអាមេរិកកំពុងបញ្ឈរទ័ពតាំងនៅឆ្នាំ ២០០៣ ដែលខ្លួនបានបញ្ជូនទ័ពទៅធ្វើទុក្ខបុកម្នេញទម្លាក់អតីតមេដឹកនាំអ៊ឺរ៉ាក់លោក Saddam Hussein ចេញពីតំណែងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញពិភពលោក។ 

ហើយកាលពីថ្ងៃអង្គារទី ៧ ខែមករានេះ ប្រទេសអ៊ឺរ៉ង់បានធ្វើការប្លោងគ្រាប់មីស៊ីលចំនួន ២០ គ្រាប់ទៅលើបន្ទាយមូលដ្ឋានបញ្ឈរទ័ពអាមេរិកលើទឹកដីអ៊ឺរ៉ាក់។ អ៊ឺរ៉ង់បានប្រកាសថាការតបតរបស់អ៊ឺរ៉ង់បែបនេះមិនមានជាការចាប់ផ្ដើមសង្គ្រាមនោះទេ ប៉ុន្តែប្រទេសមួយនេះបានគំរាមថាបើសិនជាលោកត្រាំបន្តលេងហ្គេមវាយបកទៅលើអ៊ឺរ៉ង់បន្តទៀតគឺអ៊ឺរ៉ង់នឹងចាត់ទុកថាអាមេរិកជាអ្នកបង្កាត់ភ្លើងសង្គ្រាមមួយនេះហើយខ្លួននឹងបន្តវាយបកមិនឈប់ឈរ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ៊ឺរ៉ង់ដែលចាត់ទុកលោក Qassem Soleimani ដូចជាវីរបុរសរបស់ខ្លួនបន្ទាប់ពីមេដឹកនាំខ្លួនលោក Ayatollah Ali Khamenei គឺមានការក្ដៅក្រហាយដេកមិនលក់ បក់មិនល្ហើយដោយបានប្ដេជ្ញាថានឹងធ្វើការតបស្នងសងសឹកអាមេរិកឲ្យចាស់ដៃវិញចំពោះទង្វើរបស់លោក ដូណលត្រាំដែលហ៊ានធ្វើបែបនេះ។ 

ហេតុនេះ BizKhmer សូមធ្វើការស្រាវជា្រវនិងបកស្រាយដំណើរដើមទងដល់ប្រិយមិត្តទាំងអស់គ្នាឲ្យជ្រាបបាននូវរឿងរ៉ាវដែលបានបន្លាយបញ្ហារវាងអាមេរិកនិងអ៊ឺរ៉ង់រហូតមកក្លាយជាដុំរងើកដែលកំពុងក្ដៅគគុករវាងប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ននេះ។

តើដំណើរដើមទងដំបូងកើតឡើងពីអ្វី?
កាលពីខែតុលាឆ្នាំ ២០១៩ គឺមានការបះបោរវាងបាតុករអ៊ឺរ៉ាក់និងរដ្ឋាភិបាលអ៊ឺរ៉ាក់ដោយបាតុករទាំងនោះបានព្យាយាមប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនដោយបានចោទថារដ្ឋាភិបាលខ្លួនមានការគាំទ្រពីសំណាក់រដ្ឋាភិបាលអ៊ឺរ៉ង់ព្រមទាំងមានអត្រាពុករលួយយ៉ាងខ្លាំង។ ជាច្រើនខែដែលបញ្ហាចលាចលរវាងរដ្ឋាភិបាលនិងបាតុករអ៊ឺរ៉ាក់បានកើតឡើងរហូតឈានទៅដល់ការប្រើហិង្សាពីសំណាក់រដ្ឋាភិបាលមកលើប្រជាជនខ្លួនធ្វើឲ្យមានការសម្លាប់និងបង្ករបួសយ៉ាងរំគាល។

បន្ទាប់ពីថ្ងៃដែលលោកត្រាំបានធ្វើឃាតលោក Qassem Soleimani គឺមានប្រជាជនអ៊ឺរ៉ាក់ដែលគាំទ្ររដ្ឋាភិបាលអ៊ឺរ៉ង់ជាច្រើនបានប្រមូលផ្ដុំគ្នាទន្រ្ទានវាយលុកស្ថានទូតអាមេរិកនៅទីក្រុងបាកដាត (Baghdad) ដែលព្យាយាមជំទាស់អាមេរិកដែលកំពុងតែគ្រោងវាយលុកតំបន់មួយចំនួននៅអ៊ឺរ៉ាក់និងស៊ីរីដែលទីក្រុងវ៉ាស៊ីនតោនគិតថាជាតំបន់ដែលមានទំនាក់ទំនងជាមួយនិងគាំទ្ររដ្ឋាភិបាលអ៊ឺរ៉ង់ហើយបានវាយប្រហារកងពលអាមេរិកនៅអ៊ឺរ៉ាក់។ ប៉ុន្តែបើយោងតាមលោក Chris Doyle នាយកផ្នែកក្រុមប្រឹក្សារវាងអង់គ្លេសនិងអារ៉ាប់បានបកស្រាយបំភ្លឺថាការវាយលុកស្ថានទូតអាមេរិកនេះពីសំណាក់ប្រជាជនអ៊ឺរ៉ាក់ដែលគាំទ្ររដ្ឋាភិបាលអ៊ឺរ៉ង់់គឺជាយុទ្ធសាស្ត្ររបស់អ៊ឺរ៉ង់ក្នុងការបង្វែរចំណាប់អារម្មណ៍បាតុករអ៊ឺរ៉ាក់ឲ្យឈប់តាមដានរឿងដែលរដ្ឋាភិបាលអ៊ឺរ៉ង់បានលូកលាន់រឿងផ្ទៃក្នុងប្រទេសអ៊ឺរ៉ាក់។ 

តើលោកមេទ័ព Qassem Soleimani ធ្លាប់ស្ថិតក្រោមរាដាតាមពិឃាតពីមុនដែលឬទេ?
លោកប្រធានាធិបតីអាមេរិក ដូណលត្រាំ មិនមែនជាជនដំបូងគេបង្អស់ទេដែលគិតចង់សំឡេះមេទ័ពដ៍មានឥទ្ធិពលអ៊ឺរ៉ង់លោក Qassem Soleimani ពីមុនមកនោះទេ។ តាមពិត បើយោងតាមការពន្យល់របស់លោក Lesli Vinjamuri ដែលជានាយកកម្មវិធីអាមេរិកនៅ Chatham House បានឲ្យដឹងថាអណត្តិរដ្ឋបាលមុនការឡើងកាន់តំណែងលោក ដូណលត្រាំ បានគិតគូរពីរឿងនេះដែរប៉ុន្តែពួកគេបានសម្រេចចិត្តថាមិនព្រមពិឃាតលោក Qassem Soleimani ចោលទោះបីជាដឹងថាសកម្មភាពរបស់មេទ័ពម្នាក់នេះមានការប៉ះពាល់ដល់អាមេរិកក្នុងតំបន់ក៏ដោយ។

លោកមេទ័ព Qassum Soleimani គឺជាមេទ័ពអ៊ឺរ៉ង់ដែលធ្វើការគ្រប់គ្រងនិងចេញបញ្ជាដល់ទ័ពរបស់ប្រទេសខ្លួននៅលើទឹកដីប្រទេសដទៃ ដែលចំណុចនេះប្រៀបបានដូចជាការប្រកួតប្រជែងនឹងប្រទេសអាមេរិកក្នុងការបញ្ចេញសាច់ដុំនៅលើទឹកដីប្រទេសដទៃ។ ប៉ុន្តែការប៉ះទង្គិចរវាងប្រទេសទាំងពីរនេះបានធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានគម្លាតជាងមុនហើយមកទល់ពេលនេះតាំងពីរឆ្នាំ ១៩៧៩ គឺប្រទេសទាំងពីរគ្មានស្ថានទូតនៅលើទឹកដីគ្នាទៅវិញទៅមកទេ។ 

ហេតុអ្វីទំនាក់ទំនងរវាងអាមេរិកនិងអ៊ឺរ៉ង់មិនស្អិតរមួតបែបនេះ?

មូលហេតុដើមទងគឺផ្ដើមចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីរ

នៅឆ្នាំ ១៩៥៣ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានជួយរៀបចំរដ្ឋប្រហារយោធាមួយដែលបានផ្តួលរំលំអតីតមេដឹកនាំអ៊ីរ៉ង់ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យគឺលោក Mohammad Mossadegh ។ នៅពេលភាពតានតឹងនៃសង្គ្រាមត្រជាក់កំពុងតែឈានដល់កម្រិតខ្ពស់ លោក Mossadegh បានប្ដេជ្ញាជាមួយនឹងប្រជាជនអ៊ឺរ៉ងថានឹងធ្វើតូបនីយកម្មតំបន់ប្រេងរបស់អ៊ីរ៉ង់ដែលត្រូវបានគេមើលឃើញថាការសម្រេចចិត្តមួយនេះជាជោគជ័យរបស់ប្រទេសអ៊ីរ៉ង់និងសហភាពសូវៀតនៅពេលនោះ។ តែពេលនោះ ចក្រភពអង់គ្លេសដែលគ្រប់គ្រងតំបន់ប្រេងនេះបានសុំជំនួយពី CIA ដើម្បីទម្លាក់លោក Mohammad Mossadegh ពីតំណែង។ បន្ទាប់ពីផ្តួលរំលំ Mohammad Mossadegh បានជោគជ័យ សហរដ្ឋអាមេរិកបានលើកព្រះមហាក្សត្ររបស់អ៊ីរ៉ង់គឺលោក Mohammad Reza Pahlavi ឲ្យគ្រប់គ្រងជាមេដឹកនាំស្សា (Shah) នៅអ៊ីរ៉ង់។ ក្នុងពេលដែលព្រះមហាក្សត្រមួយអង្គនេះកាន់តំណែងជា Shah ដែលមានរបត់រស់នៅថ្មីនៃរស់និយមលោកខាងលិចគឺព្រះមហាក្សត្រនេះបានដេញនិងបង្ខិតបង្ខំអ្នករិះគន់លើកំណែទម្រង់ទំនើបកម្មរបស់គាត់ដូចជាលោក Ayatollah Ruhollah Khomeini ឲ្យនិរទេសខ្លួនចេញពីប្រទេសអ៊ីរ៉ង់ទៅរស់នៅក្នុងប្រទេសអ៊ឺរ់ាក់និងបានតាំងខ្លួនជាមេដឹកនាំផ្ដាច់ការ។

ក្រោយមកនៅឆ្នាំ ១៩៧៩ គណបក្សផ្ដាច់ការរបស់ព្រះមហាក្សត្រនេះបានដួលរលំបន្ទាប់ពីមានការបះបោរអស់ជាច្រើនឆ្នាំហើយលោក Ayatollah Ruhollah Khomeini បានរត់ចូលស្រុកវិញហើយបង្កើតរដ្ឋាភិបាលអ៊ីស្លាមដែលបានរួបរួមប្រជាជនអ៊ឺរ៉ងហើយតាំងពីពេលនោះមកគឺប្រជាជនអ៊ឺរ៉ង់គ្មានទំនុកចិត្តលើអាមេរិកទៀតទេព្រមទាំងស្អប់ប្រជាជនអ៊ឺរ៉ង់ទាំងឡាយដែលប្រកាន់បែបបទរស់នៅនៃលោកខាងលិចនិយម (Shah)។ មិនត្រឹមតែប៉ុណ្ណោះគឺមានការបះបោរប្រឆាំងនឹងស្ថានទូតអាមេរិកដែលប្រជាជនអ៊ឺរ៉ង់មួយចំនួនធំមិនពេញចិត្តនឹងការដែលអាមេរិកយល់ព្រមអោយពួក Shah មានសិទ្ធិទៅព្យាបាលជម្ងឺមួយចំនួននៅអាមេរិកបានហើយបានចាប់ជំរិតបុគ្គលិកអាមេរិកមួយចំនួននៅស្ថានទូតធ្វើជាចំណាប់ខ្មាំង។ ហើយអាមេរិកបានតបតវិញដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ឺរ៉ង់ព្រមទាំងបានដក់ស្ថានទូតអាមេរិកចេញពីអ៊ឺរ៉ង់តាំងពីពេលនោះមក។

មួយករណីទៀតដែលបានធ្វើអោយទំនាក់ទំនងប្រទេសទាំងពីរកាន់តែដុនដាបបែបនេះគឺអ៊ឺរ៉ង់មិនពេញចិត្តជាមួយទង្វើអាមេរិកដែលបាននៅពីក្រោយខ្នងនិងគាំទ្រអ៊ឺរ៉ាក់ក្នុងពេលដែលអ៊ឺរ៉ង់កំពុងមានជម្លោះជាមួយនឹងអ៊ឺរ៉ាក់កាលពីឆ្នាំ ១៩៨០៕

ដោយ៖ នឿន វណ្ណៈ

X
5s