អ្នកជំនាញអចលនវត្ថុ បង្ហើបពីតំបន់វិនិយោគសក្តានុពលក្នុងឆ្នាំ ២០២០ និងប៉ុន្មានឆ្នាំក្រោយទៀត
វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះរីកចម្រើនក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ហើយវិស័យមួយនេះក៏កំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន និងជាកត្តាសំខាន់មួយរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនលឿនគួរឲ្យកត់សម្គាល់។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិយោគលើដីធ្លីក្នុងទីក្រុងភ្នំពេញដែលសក្តានុពលនៅសល់តិចតួចជាហេតុនាំឲ្យវាមានតម្លៃខ្ពស់។ ដូច្នេះការវិនិយោគនៅតំបន់ជាយក្រុងមួយចំនួន ពិសេសតំបន់ភាគខាងលិចឆៀងខាងជើងទីក្រុងភ្នំពេញនៅតែបន្តភាពរឹងមាំ និងកំពុងបញ្ចេញមន្តស្នេហ៍ទាក់ទាញវិនិយោគិន ព្រោះតំបន់ទាំងនេះមានលក្ខណៈពិសេសផ្សេងៗ គ្នាដូចជា៖
១) ខណ្ឌព្រែកព្នៅ
លោកសុខនីម មានប្រសាសន៍ថា ក្នុងខណ្ឌព្រែកព្នៅនេះមានគម្រោងសំណង់អគារខ្ពស់ដែលនឹងលេចរូបរាងឡើងច្រើនក្នុងពេលឆាប់ៗនេះ។ តំបន់ក្រាំងធ្នុងមានផ្លូវធំៗ មានហេដ្ឋារចនាសម្ព័ន្ធនិង តម្លៃធូរថ្លៃល្អមែនទែន ហើយតំបន់នេះអំណោយផលដល់ការវិនិយោគជាច្រើន ព្រោះបើនិយាយពីផែនការយុទ្ធសាស្រ្តផ្លូវវិញ គឺចេញផុតពី Aeon II ទៅតែបន្តិចគឺដល់ទីតាំងនោះតែម្តង។ មិនតែប៉ុណ្ណោះវាក៏នៅតែបន្តជះឥទ្ធិពលល្អដល់មួយផ្នែកនៃខណ្ឌសែនសុខដូចគ្នា ព្រោះវានៅកៀកនឹងផ្លូវហាណូយធ្វើឲ្យតំបន់នឹងមានការអភិវឌ្ឍលឿន ហើយចំនេញលុយបានច្រើនទៀត។
២) ដីនៅជិតៗផ្លូវជាតិលេខ ៦A
ការវិនិយោគលើដីធ្លីដែលមានតម្លៃធូរថ្លៃសមល្មម អ្នកដែលចង់ធ្វើការវិនិយោគដើម្បីបានផលចំណេញក្នុងពេល ៣ ទៅ៤ឆ្នាំខាងមុខ គប្បីសម្លឹងមើលតំបន់ដែលនៅកៀកៗជាមួយនឹងផ្លូវជាតិលេខ ៦A។ ជាក់ស្តែងដីដែលចុះពីស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) មករង្វង់មូលព្រហ្មមុខបួន (ស្ពានជ្រោយចង្វារ) គឺកំពុងមានការអភិវឌ្ឍច្រើន បុរីមួយចំនួនបានបោះទីតាំងវិនិយោគបណ្តើរៗហើយ ហើយក៏មានអ្នកចាប់អារម្មណ៍ច្រើនគួរសមដូចគ្នា។ ទីតាំងចាប់ពីស្ពានព្រែកព្នៅ ចុះមកផ្លូវជាតិលេខ ៥ និងលេខ ៦ រហូតដល់ព្រែកក្តាម នៅថ្ងៃអនាគតតំបន់នេះនឹងមានការអភិវឌ្ឍធំដែលមានគម្រោងវិនិយោគរយៈពេលយូរ ម៉្យាងវិញទៀតបច្ចុប្បន្នតម្លៃដីនៅតំបន់នេះនៅទាបនៅឡើយ ដែលជាឱកាសល្អបំផុតដែលយើងអាចទិញទុក ឬសាងសង់ក្នុងពេលនេះ។
ទន្ទឹមគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានបញ្ជាក់បន្ថែមដែរលើការសម្រេចចិត្តវិនិយោគដើម្បីចៀសវាងការខាតបង់ច្រើន។ លោកបញ្ជាក់ថា៖ “មុនពេលសម្រេចចិត្តវិនិយោគ យើងត្រូវមើលឲ្យច្បាស់ថាខ្លួនឯងមានលទ្ធភាពកម្រិតណា សមស្របទៅនឹងការវិនិយោគនេះដែរទេ”?
លោកបានលើកឡើងពីគោលការណ៍សំខាន់ចំនួន ៤ សម្រាប់ការវិនិយោគនេះ៖
ចំណុចសំខាន់ទី ១ គឺព័ត៌មាន៖ ការប្រមូលព័ត៌មានជារឿងសំខាន់សម្រាប់អ្នកវិនិយោគ ស្វែងរកប្រភពដែលអាចផ្តល់ព័ត៌មានឲ្យបានមុនគេ ច្បាស់លាស់ លម្អិត ហើយប្រាកដថាអាចទុកចិត្តបាន។
ចំណុចសំខាន់ទី ២ គឺផែនការមេរបស់រដ្ឋាភិបាល៖ នេះជាចំណុចមួយដែលយើងត្រូវដឹង ព្រោះការវិនិយោគត្រឹមត្រូវនិងទទួលបានផលវិជ្ជមាន គឺជាការវិនិយោគដែលស្របតាមទិសដៅ និងចំតំបន់អភិវឌ្ឍរបស់រដ្ឋាភិបាល។
ចំណុចសំខាន់ទី ៣ គឺ ការវិភាគលើភាពអំណោយផលរបស់ធម្មជាតិ៖ ចំណុចនេះក៏សំខាន់ដែរ ដែលយើងត្រូវធ្វើការវិភាគឲ្យបានស៊ីជម្រៅបន្តិចថា តំបន់មួយដែលមិនទាន់មានផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល តើធម្មជាតិនៅតំបន់នេះនៅតែបន្តអំណោយផលសម្រាប់វិនិយោគលើអចលនទ្រព្យឬយ៉ាងណា។
ចំណុចសំខាន់ទី ៣ គឺ ទុនវិនិយោគ៖ ពាក់ព័ន្ធចំណុចនេះ យើងត្រូវដឹងថាទុនវិនិយោគដែលទទួលបានវាមានការគាំទ្រ (Support) គ្នាទៅវិញទៅមកដែរឬទេលើការវិនិយោគលើអចលនទ្រព្យនៅតំបន់មួយនោះ៕
ដោយ៖ យ៉ាយ៉ា