Prince Supermarket សាខាទី ១០ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅបឹងកេងកង​



ភ្នំពេញ៖ ដើម្បីឆ្លើយតបតម្រូវការអតិថិជននៃកំណើនការទិញទំនិញពីមួយថ្ងៃទៅមួយថ្ងៃ Prince Supermarket  បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១០ សាខា ត្រឹមដើមឆ្នាំ ២០២០ នេះ។

ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ផ្សារទំនើបព្រីនស៍ បានពង្រីកសាខារបស់ខ្លួនបានយ៉ាងឆាប់រហ័ស រហូតដល់ ១០ សាខា នៅក្នុងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមនៅក្រុងព្រះសីហនុនាខែមិនានេះផងដែរ។

ក្នុងពិធីសម្ពោធសាខាទី ១០ នៅតាមបណ្តោយផ្លូវ ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០នេះ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket  បានថ្លែងថា សាខាថ្មីនេះ មានបន្ថែមនូវទំនិញថ្មីៗ ប្រមាណ១៥ភាគរយបន្ថែម ហើយអំឡុងពេលបើកដំណើរការនេះ ក៏នឹងមានការបញ្ចុះតម្លៃលើមុខទំនិញជាច្រើន ដើម្បីផ្គាប់ចិត្តអតិថិជជរបស់ខ្លួនថែមទៀតផង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន។ 

លោកបន្តថា ភាពជោគជ័យរបស់ផ្សារទំនើបព្រីនស៍នាពេលនេះ គឺដោយសារគុណភាពទំនិញ តម្លៃ និងកត្តាទីតាំងភូមិសាស្រ្តផងដែរ។ ក្រៅពីនោះក្រុមហ៊ុន ក៏មានបំរើនូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ សម្រាប់អតិថិជនដែលបញ្ជីទិញចាប់ពី១៥ដុល្លារឡើងទៅ។

លោកបានបន្ថែមថា ផ្សារទំនើប Prince អាចកំណត់បានថា ជាផ្សារទំនើបប្រកបដោយភាពច្នៃប្រឌិត និងឈានមុខគេ ហើយក៏មានទស្សនវិស័យយល់ពីអតិថជន និងប្រមូលផ្តុំផលិតផលប្រកបដោយគុណភាព គុណតម្លៃ និងភាពទាន់សម័យ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ។ បើតាមការអះអាងរបស់ លោក ឈិន ចិពីង ផ្សារទំនើបព្រីនស៍ នឹងមានវត្តមានក្នុងក្រុងព្រះសីហនុនាពេលខាងមុខនេះ ខណៈគ្រោងបើកនៅតាមបណ្តាលខេត្តនានា ដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជា។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា ក្នុងនាមជាអជ្ញាធរក្នុងទីតាំងនេះ លោកពិតជាមានភាពរីករាយយ៉ាងខ្លាំង ដែកតំបន់លោកអាចទាក់ទាញ បាននូវការវិនិយោគច្រើនពីក្រុមហ៊ុនព្រីនស៍ ដែលសរុបទីតាំងផ្សារទំនើបនេះ មានរហូតដល់ចំនួន៤ទីតាំង។ លោករំពឹងថា តាមរយៈការគាទ្រ នូវផ្សារព្រីនស៍ពីបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងនេះ នឹងអាចអោយព្រីនស៍ ពិចារណា វិនិយោគនូវសាខាថ្មីបន្ថែម ដើម្បីបំពេញតម្រូវការពលរដ្ឋ ។

គួបញ្ជាក់ថា ផ្សារទំនើបព្រីនស៍ ត្រូវបានបង្កើតឡើងកាលពី ខែមិថុនា ឆ្នាំ២០១៨ ដោយស្ថិតក្រោម ការ វិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងពង្រីក អោយបានច្រើនទីតាំងបន្ថែមទៀតក្នុងឆ្នាំ ២០២០នេះ៕

ដោយ៖ ស្រីពេជ្រ

X
5s