លោក កឹម អឿន៖ ជីវិត​នឹង​កាន់​តែ​ប្រសើរ​ ប្រសិន​បើ​អ្នកចេះប្រើប្រាស់ខួរក្បាលស្វារបស់អ្នក​



តើ​ឆ្ងល់​ទេ​ហេតុ​អ្វី​បាន​ជា​មនុស្ស​សាមញ្ញ​ភាគ​ច្រើន​មាន​ចរិត​កោងកាច ឆេវឆាវ និង​ចូល​ចិត្ត​យក​ហិង្សា​មក​ដោះ​ស្រាយ​បញ្ហា? អ្នក​នឹង​ភ្ញាក់​ផ្អើល​បើ​ដឹង​រឿង​ទាំង​នេះ។ លោក កឹម អឿន នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI) បាន​ចែក​រំលែក​ថា សៀវភៅ The Chimp Paradox របស់​លោក Steve Peters បាន​បង្ហាញ​ពី​លក្ខណៈ​នៃ​ខួរក្បាល​របស់​មនុស្ស​ដែល​បែង​ចែក​ជា ៣ផ្នែក​ផ្សេងៗ​គ្នា ដឹង​ហើយ​ពិត​ជា​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល និង​សង្វេគ​ខ្លាំង​ណាស់។ 

ចែក​រំលែក​ពី​សៀវភៅ​  The Chimp Paradox  លោក​នាយក​ កឹម អឿន​ ប្រាប់​ថា នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស​បែង​ចែក​ជា​បី​ផ្នែក​ផ្សេងៗ​គ្នា​គឺ ទី១​ខួរក្បាល​ស្វា ទី២​ខួរក្បាល​មនុស្ស និង​ទី៣​គឺ​ខួរក្បាល​កុំព្យូទ័រ។ ខួរក្បាល​ស្វា​គឺ​ជា​ផ្នែក​ដែល​កើត​ដំបូង​គេ​បង្អស់ វា​មាន​ភាព​រហ័ស​ជាង​ផ្នែក​ដទៃ​ទៀត ដែល​អាច​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ ប៉ុន្តែ​ដោយ​សារ​តែ​ភាព​រហ័សរហួន​ពេក ប្រសិន​បើ​យើង​គ្រប់គ្រង​វា​មិន​ជាប់​ទេ​នោះ​ ផ្នែក​នេះ​នឹង​បង្ក​ជា​បញ្ហា​ធំ​ដល់​ខ្លួន​យើង​មិន​ខាន។

ខួរក្បាល​ស្វា​វា​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ខឹង​ឆាប់​ឆេវឆាវ ឧទាហរណ៍​ជាក់​ស្ដែង​ប្រសិន​បើ​មាន​នរណា​ម្នាក់​ទះ​អ្នក​មួយ​កំផ្លៀង​ ខួរ​ក្បាល​ស្វា​នេះ​នឹង​រំញោច​ឲ្យ​អ្នក​ខឹង​ភ្លាមៗ ហើយ​ធ្វើ​យ៉ាង​ណា​ត្រូវ​តបត​ទៅ​វិញ​ឲ្យ​បាន​ភ្លាមៗ​ផង​ដែរ។ បន្ទាប់​ពី​ខឹង​រួច ភាព​ស្ដាយ​ក្រោយ​នឹង​កើត​ឡើង ហើយ​នោះ​គឺ​ជា​ខួរក្បាល​របស់​មនុស្ស​ដែល​ចេះ​គិត​ចេះ​ពិចារណា​ ប៉ុន្តែ​នៅ​មាន​ភាព​យឺត​យ៉ាវ​ជាង​ខួរក្បាល​ស្វា​បន្តិច។  ទាំង​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ភាគ​ច្រើន​នៃ​មនុស្ស​គឺ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ខួរក្បាល​ស្វា​ ដូច្នេះ​ហើយ​ប្រសិន​បើ​នៅ​តែ​បន្ត​ឲ្យ​ខួរក្បាល​ស្វា​នេះ​គ្រប់គ្រង​បាន អ្នក​នឹង​មិន​អាច​រីក​ចម្រើន​បាន​ទេ។

ដើម្បី​អាច​ជម្នះ​ខួរក្បាល​ស្វា​នេះ​បាន នៅ​ពេល​ដែល​ខឹង​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង ថា​តើ​អ្វី​ដែល​យើង​គិត​ថា​ចង់​ធ្វើ​ពេល​នេះ(ពេល​កំពុង​ខឹង)​ យើង​ពិត​ជា​ចង់​ធ្វើ​ប្រាកដ​មែន​ឬ​ទេ! ចេះ​ទប់​អារម្មណ៍ ហើយ​ធ្វើ​ការ​ពិចារណា​ ថា​តើ​អារម្មណ៍​របស់​យើង​ពិត​ជា​ចង់​អីចឹងឬ​អត់។ មួយ​វិញ​ទៀត​ ខួរក្បាល​ស្វា​នេះ​ធ្វើ​​ឲ្យ​អ្នក​ខឹង​ហើយ ដំណោះ​ស្រាយ​ល្អ​គឺ​រក​កន្លែង​ស្ងប់ស្ងាត់ ឬ​កន្លែង​មាន​បរិយាកាស​ល្អ​ដើម្បី​ឲ្យ​អារម្មណ៍​នោះ​បាន​ធូរស្រាល ចៀសវាង​បង្ហាញ​សកម្មភាព​ឆេវឆាវ​របស់​ខួរក្បាល​ស្វា​នៅ​មុខ​អ្នក​ដទៃ។ ប្រសិន​បើ​កែប្រែ​ចំណុច​នេះ​បាន ជីវិត​អ្នក​ប្រាកដ​ជា​កាន់​តែ​ល្អ​ប្រសើរ​ឡើង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s