ពិភពលោកកំពុងផុលផុសលើយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក ចុះចំណែកកម្ពុជា?
ក្ដីកង្វល់នៃការកើនឡើងនូវកាកសំណល់ប្លាស្ទិក បានរុញច្រានឲ្យបណ្ដាប្រទេសនានានៅលើសកលលោកស្វះស្វែងរកដំណោះស្រាយ កែច្នៃនិងទប់ស្កាត់ជាហូរហែ ជាក់ស្ដែងនាដើមឆ្នាំ២០២០នេះប្រទេសថៃបានអនុវត្តនូវយុទ្ធនាការមួយ លុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមបណ្ដាផ្សារទំនើប ក្នុងបំណងកាត់បន្ថយសំរាមនិងកាកសំណល់ដែលហូរចូលទៅក្នុងសមុទ្រ។ ជាមួយគ្នានេះ នៅកម្ពុជាក៏ឃើញមានការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមបណ្ដាលផ្សារទំនើបមួយចំនួនផងដែរ ប៉ុន្តែការចូលរួមសហការរបស់ពលរដ្ឋកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ ដូច្នេះតើគួរធ្វើបែបណាដើម្បីបញ្ជ្រាបឲ្យពលរដ្ឋគ្រប់ស្រទាប់ចូលរួមសហការ?
តាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ ហើយជាមធ្យមពលរដ្ឋក្នុងទីក្រុងភ្នំពេញបានប្រើប្រាស់ថង់ប្លាស្ទិករហូតដល់១០លានថង់ឯណោះក្នុងមួយថ្ងៃ។ ទន្ទឹមនឹងចំនួនកើនឡើងឥតឈប់ឈរដែលគួរឲ្យព្រួយបារម្ភនេះ ក្រសួងបរិស្ថានក៏ធ្លាប់លើកឡើងផងដែរថា សំណល់ប្លាស្ទិកអាចនឹងកើនរហូតដល់៣៤ប៊ីលានតោនឯណោះនៅក្នុងឆ្នាំ២០៥០ខាងមុខ ដែលចំនួននេះវានឹងច្រើនជាងចំនួនត្រីនៅក្នុងសមុទ្រទៅទៀត ប្រសិនបើគ្មានវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពទេនោះ។
ជាការពិត បើទោះបីជាមានសេចក្ដីប្រកាស និងយុទ្ធនាការផ្សព្វផ្សាយជាច្រើនពីក្រសួងបរិស្ថានទាក់ទិននឹងហានិភ័យនៃការប្រើប្រាស់ប្លាស្ទិកទៅកាន់ពលរដ្ឋខ្មែរយ៉ាងណាក្ដី ក៏ការចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់របស់ពួកគាត់ នៅមិនទាន់មានភាពល្អប្រសើរនៅឡើយដែរ។ ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់ សំណល់ប្លាស្ទិកប្រមាណ៤៨% ត្រូវបានហូរចូលទៅកាន់សមុទ្រកម្ពុជា និងបានសម្លាប់សត្វស្លាបសមុទ្ររហូតជាង១លានក្បាល និងសត្វសមុទ្រជាង១សែនក្បាល។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្លាប់មានប្រសាសន៍លើកឡើងផងដែរថា ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០លានថង់, ក្រុងព្រះសីហនុ មានប្រមាណ ៧០០តោន និងក្រុងសៀមរាប មានប្រមាណ ៤០០តោន។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។
ប្រអប់ស្នោដែលអ្នកតែងប្រើប្រាស់ក្នុងការវេចខ្ចប់ចំណីអាហារ គឺមិនអាចពុកផុយនឹងរលាយបានទេ ដូច្នេះសាកស្រមៃមើលប្រសិនបើប្រអប់ទាំងនោះបន្តកើនឡើង តើវានឹងជះឥទ្ធិពលអាក្រក់យ៉ាងណាដល់ជីវិតមនុស្សសត្វ? បំពង់បឺតមួយដើមត្រូវចំណាយពេលរលាយពីចន្លោះ ១០០ ទៅ ៥០០ឆ្នាំឯណោះ តើក្នុងមួយថ្ងៃមនុស្សប្រើបំពង់បឺតប៉ុន្មានពាន់លានទៅ? ៩៩.៧៥% នៃកែវដាក់កាហ្វេមិនអាចកែច្នៃឡើងវិញបានទេ ដោយសារតែវាត្រូវបានផលិតឡើងដោយការបញ្ចូលគ្នារវាងក្រដាស និងប្លាស្ទិក ដើម្បីអាចរក្សាកម្ដៅ និងមិនឲ្យជ្រាបទឹក។ ដូច្នេះ មានតែការបញ្រ្ជាបឲ្យពលរដ្ឋយល់ដឹងកាន់តែទូលាយពីផលប៉ះពាល់នេះ ដើម្បីរួមគ្នាក្នុងការកាត់បន្ថយ។
គួរបញ្ជាក់ផងដែរថា នៅកម្ពុជា សំណល់សំរាម ក្នុងមួយឆ្នាំបានបង្កើតឡើងមានប្រមាណជាង ៤លានតោន ដែលក្នុងនោះមានប្រមាណ ២០% គឺជាសំណល់ប្លាស្ទិក។ ចំណែកឯរាជធានីភ្នំពេញ សំរាមបានកើនពីរង្វង់២៦០០តោនក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ ដល់រង្វង់២៩០០តោនក្នុងមួយថ្ងៃនៅឆ្នាំ២០១៩ ពោលគឺកើនឡើងប្រមាណជា៣០០០តោនក្នុងមួយថ្ងៃ ដែលមានប្រមាណជា ២០ភាគរយ គឺជាសំណល់ប្លាស្ទិក៕
ដោយ៖ ជួប ស្រីរ័ត្ន