ដាច់ឆ្នាំទៅហើយ ហេតុអ្វីអ្នក​នៅតែមិនអាចផ្លាស់ប្តូរអ្វីថ្មី​សម្រាប់​ខ្លួន​ឯង​ទៀត? មក​មើល​ហេតុ​ផល​ទាំង ៤ នេះ​​



អ្នកអាចនឹងមានចម្ងល់មកលើខ្លួនឯងថា ហេតុអ្វីឆ្នាំចាស់ និងឆ្នាំថ្មីគ្មានអ្វីផ្លាស់ប្តូរ? ភាពបរាជ័យ និងទម្លាប់ដដែលៗ ចេះតែមានវត្តមានបន្តរហូតមកគ្មានអ្វីប្រែប្រួលសោះ។ អារម្មណ៍វីវល់ និងភាពធុញថប់នឹងខ្លួនឯងក៏ប្រហែលជាធ្វើឲ្យអ្នកមានសម្ពាធខ្លាំងមិនតិចដែរឡាយឡំនឹងការអស់សង្ឃឹម និងការខកចិត្ត។ សូមកុំបន្ទោសអ្នកផ្សេងធ្វើអ្វី! ទាំងអស់នេះគឺដោយសារតែស្នាដៃអ្នក។ អ្នកគឺជាដើមហេតុនៃអ្វីៗគ្រប់យ៉ាងដែលមានថ្ងៃនេះ។

សូមពិនិត្យមើល ៤ ចំណុចខាងក្រោមនេះ តើមានចំណុចណាខ្លះដែលអ្នកកំពុងបង្កើតវាឡើង។ ឆាប់កែប្រែ ហើយចាប់ផ្តើមធ្វើវាជាមួយនឹងគោលការណ៍ថ្មីរបស់អ្នកសម្រាប់ឆ្នាំ ២០២០ នេះ។ 

១.មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីផ្លាស់ប្តូរ
វាជារឿងគួរឲ្យស្តាយដោយសារតែ សកម្មភាពចុងឆ្នាំទាំងនោះ និងពិធីជប់លៀងឆ្លងឆ្នាំសាកលរបស់អ្នកបញ្ចប់ទៅដោយភាពសោះកក្រោះ និងពោរពេញដោយស្ពាធ។ ហេតុអ្វី? ព្រោះផែនការដែលប្តេជ្ញាចិត្តត្រូវធ្វើសម្រាប់ធ្វើឲ្យបាននៅក្នុងឆ្នាំមុន គ្មានបានផ្លែផ្កាអ្វីសោះ។ នេះក៏ដោយសារតែមនុស្សជាច្រើនបានបង្កើតទម្លាប់មួយគឺថា ពួកគេគិតថា ពួកគេគួរតែធ្វើជាជាងអ្វីដែលពួកគេចង់ធ្វើ។ អ្នកបានសន្យាជាមួយខ្លួនឯងរាប់មិនអស់ ប៉ុន្តែទីបំផុតបានត្រឹមតែយកលេសរាប់ម៉ឺនជំពូក។ 

អ្នកប្រហែលជាគិតចង់ហាត់ប្រាណសម្រកទម្ងន់។ អ្នកក៏ទៅក្លឹបហាត់ប្រាណ ហើយ២ឬ៣ថ្ងៃ ក្រោយមកអ្នកក៏បានបោះបង់ដោយសារតែវិធីមួយនេះហត់ខ្លាំងមិនងាយដូចអ្នកគិត។ នេះមានន័យថា មុននឹងសម្រេចធ្វើអ្វីមួយក្នុងឆ្នាំថ្មីនេះ អ្នកត្រូវត្រៀមខ្លួនឲ្យបានល្អជាមុន ហើយប្តេជ្ញាចិត្តធ្វើវាឲ្យបានទោះជាមានកាលៈទេសៈអ្វីក៏ដោយ។ ទន្ទឹមនឹងនេះអ្វីដែលអ្នកត្រូវធ្វើដែរនោះ គឺទម្លាក់ចោលទម្លាប់ចាស់ៗរបស់អ្នកចោលឲ្យអស់តែម្តង បើមិនដូច្នេះទេ អ្នកគ្មានថ្ងៃផ្លាស់ប្តូរអ្វីឡើយ។

២.មិនបានតាមដានសកម្មភាពរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ
ការតាមដានការវិវត្តនានារបស់អ្នក គឺជាគន្លឹះក្នុងការបង្កើតការផ្លាស់ប្តូរយូរអង្វែងមួយ។ បើមិនធ្វើដូច្នោះទេ តើអ្នកអាចដឹងយ៉ាងម៉េចទៅថា គោលដៅរបស់អ្នកស្ថិតនៅត្រង់ណា? គ្រាន់តែវាយតម្លៃ និងចាំជួយកែលំអខ្លួនឯងជាប្រចាំ គឺអាចគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកមានកម្លាំងចិត្តធ្វើបន្តទៅទៀត។ នៅពេលអ្នកដឹងពីស្ថានភាពខ្លួនឯង អ្នកនឹងលែងមានហេតុផលជាច្រើនដើម្បីធ្វើឲ្យខ្លួនឯងគេចចេញពីផ្ទាំងស៊ីបតាមដានរបស់អ្នក។ អ្នកនឹងដឹងថា តើអ្វីខ្លះដែលអ្នកគួរធ្វើ? គួរធ្វើអ្វីបន្តទៅទៀត? ដោយមធ្យោបាយណាជាដើម? មានវិធីសាស្រ្តជាច្រើនដែលអ្នកអាចតាមដានសកម្មភាពនីមួយៗរបស់អ្នកដូចជាការប្រើ App  ឬវិធីផ្សេងទៀតដែលអ្នកយល់ថា សមស្របសម្រាប់ខ្លួនអ្នក។ 

៣.គ្មានផែនការច្បាស់លាស់
កំហុសជាច្រើននឹងកើតមានឡើងនៅពេលអ្នកបានប្តេជ្ញាចិត្តថា នឹងធ្វើអ្វីមួយឲ្យបានក្នុងឆ្នាំនេះឬឆ្នាំនោះដោយគ្មានផែនការច្បាស់លាស់។ អ្នកប្រហែលជាចង់បានអ្វីមួយ ខណៈដែលផែនការសកម្មភាពរបស់អ្នកដើម្បីសម្រេចបានអ្វីនោះ មិនដឹងជានៅទីណា មិនដឹងជាអ្វីឲ្យពិតប្រាកដ។ ភាពរវើរវាយ ភាពស្រពិចស្រពិល និងមហិច្ឆតាគ្មានគោលដៅរបស់អ្នកបានដុតរាលឲ្យខ្លួនឯងធ្វើនេះធ្វើនោះមិនច្បាស់ត្រង់ណា រកសម្រេចលទ្ធផលជាធំដុំមិនឃើញ។ 

ហេតុដូច្នេះហើយ ការរៀបចំផែនការសកម្មភាពគឺបង្ហាញថា អ្នកកំពុងបង្កើតទម្លាប់ល្អមួយសម្រាប់គិតគួរដល់អនាគតវែងឆ្ងាយរបស់អ្នក។ អ្នកត្រូវចេះឆ្លើយសំនួរដូចជា  តើអ្នកត្រូវក្រោកពីព្រលឹមដើម្បីទៅហាត់ប្រាណដែរឬទេ? ឬ តើអ្នកនឹងត្រូវចំណាយលុយខ្លួនឯងប៉ុន្មាននៅពេលដែលមិត្តភក្តិបបួលទៅជប់លៀងខាងក្រៅរាល់យប់ពេញមួយសប្តាហ៍?  ការគិតទុកជាមុននូវបញ្ហាប្រឈម និងការកំណត់ពីដំណោះស្រាយ គឺជាគន្លឹះនៃភាពជោគជ័យយូរអង្វែង។

៤.មានភាពជឿជាក់ខ្លាំងពេក
ខណៈដែលមនុស្សជាច្រើនបារម្ភថា កង្វះទំនុកចិត្តនឹងសម្លាប់ឱកាសក្នុងការឈានឆ្ពោះទៅដល់គោលដៅរបស់ពួកគេ ភាពជឿជាក់ហួសហេតុពេកក៏អាចជាហេតុផលធ្វើឲ្យការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់ឆ្នាំថ្មីបរាជ័យដែរ។ ជាធម្មតា នៅពេលដែលអ្នកជឿជាក់ អ្នកប្រហែលគិតថា គោលដៅរបស់អ្នកនឹងងាយស្រួល ហើយអ្នកសន្និដ្ឋានថា អ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារនោះ។ ក៏ប៉ុន្តែនេះវាទំនងជាធ្វើឲ្យអ្នកមិនបានត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ទុកជាមុនទៅវិញទេ ហើយអាចគ្មានសមត្ថភាពដើម្បីប្រឈមមុខទៅនឹងស្ថានភាពជាក់ស្តែង។

សូមចាំថា ការផ្លាស់ប្តូរគឺពិតជាពិបាកខ្លាំងណាស់ទោះបីជាអ្នកមានទំនុកចិត្តក៏ដោយ។ យ៉ាងណាមិញ វាមិនមែនមានន័យថា អ្នកត្រូវចប់ត្រឹមនឹង ឬទន់ជ្រាយទេ។ ការពិតសម្រាប់អ្នកនឹងកើតមានឡើយនៅពេលអ្នកចេះទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន មិនមើលងាយស្ថានការណ៍ ហើយអ្នកបានតស៊ូប្រឹងប្រែងពិតប្រាកដ និងបានត្រៀមខ្លួនកាន់តែខ្លាំងដើម្បីសម្រេចគោលដៅរបស់អ្នក៕

ប្រភព៖ Businessinsider 

 

 

X
5s