អេ អឹម ខេ ត្រូវបាន Global Business Outlook ទទួលស្គាល់ជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជា»​



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ត្រូវបានទទួលស្គាល់ជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅ កម្ពុជាប្រចាំឆ្នាំ២០១៩» ពី Global Business Outlook។

អេ អឹម ខេ ត្រូវបានវិនិច្ឆ័យទៅលើលក្ខខណ្ឌ និងគោលការណ៍ជាច្រើនដូចជា ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា មានជម្រើសច្រើនក្នុងការបង់សងកម្ចី ចំណាយថ្លៃសេវាទាប សេវាលឿនរហ័សទាន់ចិត្ត ការបង់សងត្រលប់មានភាពបត់បែន អនុវត្តគោលនយោបាយការពារអតិថិជនពេញលេញ សេវាកម្មល្អ បុគ្គលិកមានវិជ្ជាជីវៈខ្ពស់ និងរួសរាយរាក់ទាក់ ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជន។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់ដែលបង្កើតនាយកដ្ឋានស្រាវជ្រាវឯករាជ្យនៅក្នុងស្ថាប័ន  ដើម្បីធ្វើការស្រាវជ្រាវផ្នែកទីផ្សារ ការស្ទង់មតិផ្សេងៗអំពីភាពពេញចិត្តរបស់អតិថិជន និងសិក្សាពីការយល់ឃើញ និងឥរិយាបថរបស់អតិថិជនផងដែរ។

លោក គា បូរាណ ប្រធានយកប្រតិបត្តិ អេ អឹម ខេ មានប្រសាសន៍ថាពានរង្វាន់នេះ បង្ហាញឲ្យឃើញថា អេ អឹម ខេ បាននឹងកំពុងតែធ្វើកិច្ចការជាច្រើនក្នុងគោលបំណង ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងដោយផ្តល់ជូនសេវាហិរញ្ញវត្ថុសម្បូរបែបនៅកន្លែងតែមួយ ជាពិសេសអតិថិជនដែលរស់នៅតំបន់ជនបទ។

“ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជោគជ័យរបស់ អេ អឹម ខេ ដោយសារតែការបង្កើតវប្បធម៌នៃការច្នៃប្រឌិតក្នុងការផ្តល់សេវាធនាគារបែបទំនើបដល់អតិថិជន ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរនូវប្រព័ន្ធធនាគារស្នូលរបស់យើង  ដើម្បីធានាថា អតិថិជនមានការពេញចិត្តលើសេវាកម្ម និងផលិតផលរបស់ អេ អឹម ខេ។ ជាមួយគ្នានេះផងដែរ អេ អឹម ខេ បានធ្វើការវិនិយោគយ៉ាងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាថ្មី  ដើម្បីពង្រីកវិសាលភាពដោយធានាឲ្យមានប្រសិទ្ធភាពខ្ពស់លើប្រតិបត្តិការ” នេះជាការលើកឡើងរបស់លោក បូរាណ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ អេ អឹម ខេ ធ្វើប្រតិបត្តិការក្នុងភូមិចំនួន ១២.៦៧៤ ស្មើនឹង៩០%នៃចំនួនភូមិសរុបនៅកម្ពុជា មានការិយាល័យសរុបចំនួន ១៤៩ បុគ្គលិកជាង ៣.០០០នាក់ ម៉ាស៊ីនដក/ដាក់ប្រាក់ចំនួន៥៦ និង ភ្នាក់ងារជាង ៥.០០០កន្លែង ទូទាំងប្រទេស។ អេ អឹម ខេ កំពុងបម្រើសេវាជូនអតិថិជនចំនួនជិត ៩០ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣២០លាន ដុល្លារអាមេរិក  និងប្រាក់បញ្ញើជាង ១៨០លាន ដុល្លារអាមេរិក។ អេ អឹម ខេ ក៏បានផ្តល់សេវាធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនប្រាក់កម្ចីរបស់ខ្លួនជាង ៣២០.០០០ នាក់នៅទូទាំងប្រទេស  ដើម្បីការពារពួកគេពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលកើនមានយថាហេតុ។ 

អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖  សេវាប្រាក់កម្ចី      ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងសេវាហិរញ្ញវត្ថុផ្សេងទៀត៕

X
5s