ហេតុអ្វី Elon Musk ថា អ្នកចង់ធ្វើការជាមួយលោកមិនបាច់ត្រូវការសញ្ញាបត្រ?
អ្នកមិនចាំបាច់ត្រូវការសញ្ញាបត្រដើម្បីធ្វើការជាមួយមហាសេដ្ឋី Elon Musk នោះទេ។ នេះជាការអះអាង ដែលលោកបានសរសេររៀបរាប់នៅលើ Twitter ផ្ទាល់ខ្លួនរបស់មហាសេដ្ឋីវ័យ ៤៨ឆ្នាំរូបនេះកាលពីថ្ងៃអាទិត្យកន្លងទៅ។
នេះមិនមែនជាលើកទីមួយនោះឡើយដែលលោក Elon Musk បានលើកឡើងដូចគ្នានេះ។ តាមការពិតមហាសេដ្ឋីអាមេរិកដើមកំណើនមកពីប្រទេសអាហ្វ្រិកខាងត្បូងរូបនេះធ្លាប់បានផ្តល់បទសម្ភាសន៍ម្តងរួចមកហើយជុំវិញប្រធានបទដដែលនេះទៅឲ្យទស្សនាវដ្តីរថយន្តដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ Auto Bild ។
លោកបានផ្តល់បទសម្ភាសន៍ទៅឲ្យទស្សនាវដ្តីខាងលើដូច្នេះថា៖« កុំថាឡើយសញ្ញាបត្របរិញ្ញាបត្រ សូម្បីតែសញ្ញាបត្របាក់ឌុបក៏យើងមិនចាំបាច់ត្រូវការដែរដើម្បីមកធ្វើការនៅ Tesla »។ លោកបានផ្តល់អំណះអំណាងបែបនេះនៅពេលមានសំនួរថា តើអ្នកដែលចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនរបស់លោកត្រូវបានទាមទារឲ្យមានជំនាញអ្វីខ្លះ?
លោកបន្តថា៖ «ប្រសិនបើមាននរណាម្នាក់បានរៀនចប់ពីសាកលវិទ្យាល័យដ៏អស្ចារ្យណាមួយ នោះអាច បង្ហាញថា ពួកគេនឹងមានសមត្ថភាពអស្ចារ្យ! ប៉ុន្តែវាមិនមែនជារឿងចាំបាច់នោះទេ! បើអ្នកទាំងអស់គ្នាក្រឡេកទៅមើលបុគ្គលមួយចំនូនដូចជា Bill Gates, Larry Ellison និង Steve Jobs ជាដើម អ្នកទាំងនេះ មិនបានរៀនចប់មហាវិទ្យាល័យផង ហើយបើសិនជាមានឱកាសបានជួលពួកគាត់មកធ្វើការពិតជារឿងល្អខ្លាំងណាស់»។
តាមគំនិតរបស់លោក Elon Musk ជាជាងផ្តោតលើសញ្ញាបត្រមកពីសាកលវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះ ល្បីៗ លោកបានបញ្ជាក់ថា ការស្វែងរកសមត្ថភាពពិសេសដែលជាសក្តានុពលមាននៅក្នុងខ្លួនបុគ្គលិកម្នាក់ៗគឺជារឿងសំខាន់ជាង។
«ប្រសិនបើពួកគេមានរបាយការណ៍ដែលបង្ហាញពីប្រវត្តិជោគជ័យរបស់ពួកគេនៅទីនេះ ពួកគេទំនងនឹងត្រូវបានផ្តល់ឱកាសឲ្យបន្តធ្វើការងារទៀត »។ នេះជាការថ្លែងអះអាងរបស់លោក Elon Musk ។
លោកបានបញ្ជាក់បន្ថែមថា នៅពេលលោកសម្ភាសន៍បេក្ខជន អ្វីដែលលោកចូលចិត្តសួរពួកគេគឺសុំឲ្យពួកគេរៀបរាប់ដោយសង្ខេបពីអាជីព និងរបៀបដោះស្រាយបញ្ហានៅពេលពួកគេបានជួបប្រទះបញ្ហាធំៗជាច្រើននៅក្នុងជីវិត។
ដើម្បីធ្វើឲ្យប្រាកដថា បេក្ខជនទាំងនោះមិនឆ្មក់ឱកាសកេងចំណេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្សេងទៀត មហាសេដ្ឋីមានប្រាក់ ២៤ ពាន់លានដុល្លាររូបនេះនឹងសួរសំនួរលម្អិតដល់បេក្ខជនអំពីបញ្ហាដែលពួកគេបានរៀបរាប់ឡើង ។ ប្រសិនបើបេក្ខជនមិនទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាទេនោះ ពួកគេនឹងមិនអាចដឹងចម្លើយបានទេ។
សូមបញ្ជាក់ថា លោក Musk បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករូបវិទ្យា និងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Pennsylvania នៅក្នុងឆ្នាំ ១៩៩៥។
ប្រភព៖ Businessinsider