គ្រោះថ្នាក់ណាស់! អ្នកដែលចូលចិត្តឃុំខ្លួនឯងឲ្យនៅម្នាក់ឯងឯកាយូរពេកប្រយ័ត្នបញ្ហាទាំងនេះ​



ភាពឯកាជាអារម្មណ៍មួយដែលរុញច្រានមនុស្សឲ្យកើតទៅជាភាពស្មុគស្មាញ ដោយសារការមិនចេះគ្រប់គ្រងអារម្មណ៍ឯកានេះ ធ្វើឲ្យមនុស្សម្នាក់នោះមានអារម្មណ៍ថាគ្មាននរណាយល់ចិត្ត គ្មានអ្នកយកចិត្តទុកដាក់ ឬគិតថាជាមនុស្សមិនសំខាន់។ 

ភាពឯកាវាបានជួយឲ្យមនុស្សម្នាក់មានភាពរឹងមាំ និងឯករាជ្យ តែវាក៏បំផ្លាញគេវិញដែរក្នុងការបង្កើតបណ្ដាញទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ធ្វើឲ្យគេមានគំនិតអវិជ្ជមានច្រើន មើលឃើញសង្គមក្នុងផ្លូវមិនល្អច្រើន និងឈានដល់គ្មានគំនិតអភិវឌ្ឍទៀតផង។ ភាពឯកាវាប៉ះពាល់ខ្លាំងដល់ការគិត ប៉ះពាល់ដល់អារម្មណ៍ ជាហេតុនាំឲ្យមានការប៉ះពាល់ដល់សុខភាពដូចខាងក្រោមនេះ៖

១) ជំងឺបាក់ទឹកចិត្ត
មិនមែនឲ្យតែអ្នក Single ឬអ្នកនៅឯកាយូរសុទ្ធតែកើតជំងឺបាក់ទឹកចិត្តទេ តែអ្នកឯកាដែលបណ្តោយខ្លួនឲ្យឈានដល់ជំងឺបាក់ទឹកចិត្តគឺព្រោះបុគ្គលនោះជាមនុស្សដែលគិតអវិជ្ជមានច្រើនពេក។ ចូលចិត្តដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ហើយចង់ឲ្យមានអ្នកខ្វល់ខ្វាយពីខ្លួន យកចិត្តទុកដាក់លើខ្លួនច្រើន ពេលមិនបានដូចចិត្តក៏មានអារម្មណ៍ថាគេទុកខ្លួនចោល ខ្លួនឯងជាមនុស្សឯកា។ មនុស្សបែបនេះមិនសូវជាចូលចិត្តបើកចិត្តឲ្យទូលាយប៉ុន្មានទេ តែចង់ឲ្យអ្នកដទៃគិតគូរពីខ្លួនឯងច្រើនទៅវិញ។

២) ជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល
ច្បាស់ណាស់ថាពួកគេប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល រួមទាំងជំងឺបេះដូងព្រោះការគិតច្រើនរបស់គេ ការរំពឹងហួសហេតុរបស់អ្នកឯកាតែងធ្វើឲ្យគេមានអារម្មណ៍ថាមួម៉ៅ ខឹងច្រើនបង្កទៅជាជំងឺសតិអារម្មណ៍ជាហេតុនាំឲ្យពេលខ្លះកំហឹងរបស់គេបណ្ដាលឲ្យឈាមបុកទៅខួរក្បាលខ្លាំងពេក។

៣) កើនឡើងនៃអត្រាស្មុគស្មាញ ថយចុះនៃការចងចាំ
មនុស្សដែលចូលចិត្តនៅម្នាក់ឯង ផ្តាច់ខ្លួនចេញពីអ្នកដទៃគឺជាមនុស្សដែលកំពុងចងខ្លួនឯងជាមួយភាពបរាជ័យព្រោះអ្នកបណ្តោយឲ្យភាពស្មុគស្មាញមកគ្របដណ្តប់បាន។ ដឹងទេថាពេលអ្នកផ្តាច់ខ្លួនចេញពីមនុស្សនៅជុំវិញខ្លួនមិនថា ការសិក្សា ឬការងារទេអ្នកមិនអាចទទួលបានលទ្ធផលល្អដូចអ្នកដែលមានក្រុម ផ្សារភ្ជាប់ខ្លួនជាមួយមនុស្សក្នុងសង្គមឡើយ។ ខួរក្បាលអ្នកតែមួយត្រូវរ៉ាប់រងការងារ កាតព្វកិច្ចច្រើន ហើយក៏គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួនដែរ។ ហើយនៅពេលដែលភាពស្មុគស្មាញរបស់អ្នកកាន់តែកើនឡើង ការចងចាំចាប់ផ្តើមថយចុះនេះជាការប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់អ្នក។ 

៤) កើតជំងឺច្រណែនច្រើន
តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញចិត្តសាស្រ្តបង្ហាញថា អ្នកឯកាតែងមានអារម្មណ៍ថាពិភពលោកមួយនេះគឺគ្មានភាពស្រស់ស្អាតទេ គេអាចនឹងទើសជាមួយមនុស្ស និងសង្គមជុំវិញខ្លួនមិនចេះចប់។ លើសពីនេះការទើសរបស់គេបានធ្វើឲ្យគេក្លាយជាមនុស្សដែលចងចិត្តច្រណែនជាមួយអ្នកដទៃ ព្រោះទម្លាប់នៃការមិនបើកចិត្តឲ្យទូលាយរបស់គេនេះឯង។

៥) ងាយនឹងធ្លាក់ចូលក្នុងការសេពគ្រឿងញៀន និងគ្រឿងស្រវឹង
ជំងឺច្រណែនច្រើន បង្កើនបន្ថែមនូវភាពស្មុគស្មាញ ហើយក៏រុញច្រានឲ្យបុគ្គលមួយរូបនោះមានជំងឺបាក់ទឹកចិត្ត និងឈានទៅរកការសេពសុរា និងគ្រឿងញៀនព្រោះគេគិតថាអាចជួយគេឲ្យផុតទុក្ខ និងសម្ពាធរឿងរ៉ាវទាំងអស់នោះបាន។ 

៦) បាត់បង់សមត្ថភាពខួរក្បាល
បន្ទាប់ពីមានបញ្ហាទាំងប៉ុន្មានខាងលើរួចមកទាំងភាពស្មុគស្មាញ ប្រឈមបញ្ហាបេះដូង ជំងឺច្រណែនច្រើន រហូតសេពសុរា និងគ្រឿងស្រវឹង ភាពឯកានិងការបន្តរក្សាចិត្តចង្អៀតនេះបាននាំឲ្យបុគ្គលម្នាក់ក្លាយទៅជាមនុស្សដែលបាត់បង់សមត្ថភាពខួរក្បាល។ 

៧) មានបញ្ហាប្រព័ន្ធរំលាយអាហារ
ធម្មតាទេ នៅពេលដែលមនុស្សម្នាក់កើតជំងឺគិតច្រើន ឬឈានដល់បញ្ហាបាក់ទឹកចិត្តគឺត្រូវតែជួបបញ្ហាប្រព័ន្ធរំលាយអាហារចៀសមិនរួចឡើយ។ តាមការសង្កេត និងសិក្សាលើយុវវ័យដែលចូលចិត្តគិតច្រើនតែម្នាក់ឯង ផ្តាច់ខ្លួនចេញពីសង្គមនិងអ្នករស់នៅជុំវិញ ពួកគេតែងមានទម្លាប់អាក្រក់ក្នុងការទទួលទានដោយចូលចិត្តទទួលទានអាហារស្រាប់ជាលក្ខណៈ Fast Food មានជាតិខ្លាញ់ច្រើន គ្មានវីតាមីនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ និងភេសជ្ជៈមានរសជាតិផ្អែមព្រោះគិតថាវាជួយបំពេញថាមពលដល់រាងកាយបាន។ ពួកគេមិនចូលចិត្តធ្វើលំហាត់ប្រាណ ចូលគេងយប់ជ្រៅ ប្រើពេលវេលាសម្រាកដើម្បីលេងហ្គេម និងមានយុវវ័យមួយចំនួនទៀតដែលខំរៀនខ្លាំងរហូតគ្មានពេលសម្រាក គ្មានពេលសូម្បីសម្រាប់ញ៉ាំអាហារ ខំប្រឹងប្រើភ្នែកនិងខួរក្បាលស្ទើរលើសសមត្ថភាព ដែលនាំឲ្យកើតជាបញ្ហាទៅវិញ ។ ពេលពួកគេសម្រាកមិនគ្រប់គ្រាន់ ទទួលទានអាហារក៏មិនបានល្អ ជំងឺប្រព័ន្ធរលាយអាហារក៏កើតមានឡើង ហើយផ្តល់ជាទុក្ខទោសដល់ខ្លួនឯងកាន់តែខ្លាំងឡើងៗ៕

ដោយ៖ យ៉ាយ៉ា

 

X
5s