Hyundai CEO៖ ការងាកមកប្រើប្រាស់រថយន្តថ្មីក្នុងទីផ្សារកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមាន
ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ នាំចូលនូវរថយន្តប្រភេទSUV ថ្មី Hyundai Palisade 2020 មកកាន់ទីផ្សារកម្ពុជាបន្ថែម ក្រោមមើលឃើញពីត្រូវការនៃការប្រើប្រាស់រថយន្តថ្មី កំពុងមានការកើនឡើង និងបង្ហាញសញ្ញាវិជ្ជមានសម្រាប់ការវិនិយោគបន្ថែម។
ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩នេះ លោក Brian Ko, នាយកប្រតិបិត្តរបស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៏ថា “The All-New-Palisade ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជា បានជាក់ជាមិនខាន ពីព្រោះរថយន្ត SUV មួយនេះមានទំហំធំ ជាមួយនឹងតម្លៃប្រកួតប្រជែងទៀតផង។ រថយន្តនេះ ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយដែលធានាបាននូវ សុត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរ។ យើងជឿជាក់ថារថយន្ត Hyundai SUV ស៊េរីថ្មីនេះ នឹងទទួលបាននូវការពេញនិយមច្រើនពីទីផ្សារកម្ពុជា ហើយរំពឹងថា នឹងទទួលបាននូវចំណែកទីផ្សារច្រើនបន្ថែមផងដែរ។
លោកបន្តថា រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណីតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន ។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណីតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល - រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនាជាលក្ខណៈអន្តរជាតិដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី 25 ខែមិនា ឆ្នាំ 2019 ។
អ្នកនាង ខន អេងលី អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Hyundai បានលើកឡើងថា Hyundai Palisade ជាប្រភេទរថយន្តលក្ខណៈគ្រួសារ ដោយរថយន្តនេះ ត្រូវបានរចនាប៉ាណាខាងមុខជារាងសំណាញ់ប្រទាក់ក្រឡាដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាពនៃរថយន្ត SUV។ ជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ 20អ៊ីង រឹងមាំ និងអាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលបាននូវអារម្មណ៏ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ7សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរចនាជាឈើក្រូមេនៅជុំវិញឡានដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។
នាយកប្រតិបត្តិខាងលើបានបញ្ជាក់ថា បើក្រលែកមើលកាលពីឆ្នាំ ២០០៩ មានក្រុមហ៊ុនលក់រថយន្តតែ២ទៅ៣តែប៉ុណ្ណោះ ហើយប្រហែល៩៥% ជាប្រភេទរថយន្តមួយទឹក និងមានប្រជាពលរដ្ឋតែ៥%ប៉ុណ្ណោះដែលប្រើប្រាស់រថយន្តថ្មី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ខ្ញុំឃើញថាមានការផ្លាស់ប្តូរ ច្រើនពីឆ្នាំ២០០៩ ដោយបច្ចុប្បន្នមានក្រុមហ៊ុនលក់រថយន្តថ្មីច្រើនជាង៣០ម៉ាក កំពុងប្រតិបត្តិការនៅក្នុងទីផ្សារនេះ ហើយតម្រូវ ការរថយន្តថ្មីកំពុងមានការកើនឡើងច្រើន ដោយក្នុងនោះ ក្រុមហ៊ុនយើង ទទួលបាន១២%នៃចំនែកទីផ្សារ ហើយគោលដៅ យើងគឺចង់បានចំណែកទីផ្សារលើសពី២០%៕
ដោយ៖ ស្រីពេជ្រ