ការពិត៨ចំណុចដែលអ្នកអាចមិនបានដឹងពីសេដ្ឋកិច្ចមហាអំណាចកាណាដា​



កាណាដាមិនត្រឹមតែជាមហាអំណាចទឹកដីធំជាងគេបំផុតទី ២ ប៉ុណ្ណោះទេ។ ប្រទេសនេះថែមទាំងជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតមួយនៅលើពិភពលោក និងជាមហាអំណាចយោធាដ៏មានឥទ្ធិពលផងដែរនៅអង្គការ NATO។ លក្ខណៈពិសេសនៃសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសនេះហើយដែលធ្វើឲ្យ Bizkhmer ចាប់អារម្មណ៍ ហើយសាកល្បងចេញផ្សាយជូនប្រិយមិត្តឲ្យបានដឹងថា តើមានអ្វីចាប់អារម្មណ៍ខ្លះរបស់មហាអំណាចនៅអាមេរិកខាងជើងមួយនេះ? 

១.ជាប្រទេសដែលប្រជាជនមានគុណភាពជីវិត (Quality of Life) ល្អបំផុតទី២ក្នុងលោក
យោងតាមរបាយការណ៍របស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានធ្វើចំណាត់ថ្នាក់ថា កាណាដាជាប្រទេសដែលប្រជាជនមានគុណភាពជីវិត (Quality of Life) ល្អបំផុតទី២ក្នុងលោកដូចជា ទទួលបានសេវាថែទាំសុខភាពគ្រប់គ្រាន់ មានអនាម័យ ទីជំរក ការអប់រំ ភាពរស់រានមានជីវិត និងសេរីភាពផ្ទាល់ខ្លួនល្អបរិបូរ។ ប្រទេសនេះទទួលបានពិន្ទុ ៨៩,៤០ តាមពីក្រោយ ហ្វាំងឡង់ដែលទទួលបានចំណាត់ថ្នាក់ទី១ មាន ៩០,០៩ ពិន្ទុ។

២.កាណាដាជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី ១០ នៅលើពិភពលោក
ផ្អែកលើសារព័ត៌មានវិភាគដ៏ល្បី Focus-economics បានឲ្យដឹងថា កាណាដាជាមហាអំណាចធំជាងគេបំផុតទី ១០នៅលើពិភពលោកដែលមានទំហំ GDP ស្មើនឹង ១,៨២២ ពាន់ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩នេះ។ 


ទីក្រុង Vancouver របស់​កាណាដា ប្រភពរូបភាព៖ Dailyhive

៣.ក្នុងចំណោមការនាំចេញសរុបទាំងអស់របស់កាណាដា ការនាំចេញ ៧៥% ពឹងលើទីផ្សារអាមេរិក
អាមេរិក និងកាណាដាមិនត្រឹមតែមានព្រំដែនរួមគ្នាវែងជាងគេបំផុតនោះទេ។ មហាអំណាចទាំងពីរនេះថែមទាំងមានប្រវត្តិ និងជាដៃគូជំនួញដ៏ធំពឹងពាក់គ្នាទៅវិញទៅមកទៀតផង។ គេបានវាយតម្លៃថា កាណាដាបានណាំចេញទំនិញសរុបទៅកាន់ទឹកដីអាមេរិកមានចំនួន ៣៣៨ ពាន់លានដុល្លារ ឬស្មើនឹង ៧៥% នៃទំហំនាំចេញសរុបរបស់ខ្លួន ៤៥០ ពាន់លានដុល្លារនៅជុំវិញពិភពលោក។ កាណាដានាំចេញទៅអង់គ្លេសត្រឹមតែ ១២,៦ ពាន់លានដុល្លារ ខណៈដែលទៅចិនមានត្រឹមតែ ២១,៣ ពាន់លានដុល្លារប៉ុណ្ណោះ។

៤.ប្រេង ឧស្ម័នធម្មជាតិ និងថាមពលជាវិស័យនាំចេញធំជាងគេបំផុតរបស់កាណាដា
ផលិតផលប្រេង ឧស្ម័នធម្មជាតិ និងថាមពលអគ្គិសនីគឺជាវិស័យនាំចេញសំខាន់ជាងគេបំផុតមួយរបស់កាណាដាដែលមានទំហំប្រមាណ ១៧០ ពាន់លានដុល្លារ ឬស្មើនឹង ១០% នៃទំហំ GDP សរុបរបស់ខ្លួនដែលមានជាង ១,៨ ពាន់ពាន់លានដុល្លារ។ 

៥.កាណាដាមានធនធានធម្មជាតិមានតម្លៃ ៣៣,២ ពាន់ពាន់លានដុល្លារ
បើអ្នកសម្លឹងមើលកាណាដាថា គ្រាន់តែជាប្រទេសមានទឹកដីធំសំបូរតែទឹកកកនោះ គឺខុសស្រឡះហើយ។ សូមបញ្ជាក់ថា កាណាដាជាមហាអំណាចដែលសំបូរទៅដោយធនធានធម្មជាតិជាងគេបំផុតទី៣នៅលើពិភពលោកដែលមានតម្លៃសរុបប្រហែល ៣៣,២ ពាន់ពាន់លានដុល្លារ។ ប្រេងឆៅ រ៉ែផ្សេង ធ្យូងថ្ម អ៊ុយរ៉ាញ៉ូមជាដើមសុទ្ធតែមានវត្តមាននៅលើទឹកដីរបស់ខ្លួន។ វាក៏ជាប្រទេសនាំចេញឈើធំបំផុតលំដាប់ទី ៣ នៅលើពិភពលោកផងដែរ។


ប្រភពរូបភាព៖ controlequipment

៦.គ្រាន់តែប្រេងឆៅបម្រុងទុករបស់កាណាដាអាចមានចំនួនច្រើនជាងប្រេងឆៅនៅប្រទេសតំបន់មជ្ឈិមបូព៌ាទៀតផង
ខណៈដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាដូចជា កាតារ អារ៉ាប៊ីសាអូឌីត អ៊ឺរ៉ង់ជាដើមអាកំពុងសម្រុកបូមយកប្រេង គេហទំព័រ Wikileaks បានលាតត្រដាងឲ្យដឹងថា ប្រេងបម្រុងទុករបស់កាណាដាមានទំហំច្រើនសន្ធឹកសន្ធាប់។ ចំនួននេះគឺច្រើនជាងប្រេងឆៅបម្រុងទុកនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបូកបញ្ចូលគ្នាទៀតផងដែលធ្វើឲ្យមហាអំណាចមួយនេះក្លាយជាប្រទេសមានប្រេងបម្រុងទុកច្រើនជាងគេបំផុតលើលោក។

៧.ដោយមានមាត់ឆ្នេរសរុបប្រវែង ២០២ ០៨០ គីឡូម៉ែត្រ កាណាដាអាចរកចំណូលបានពីអាហារសមុទ្រដល់ទៅ ជាង៤ពាន់លានដុល្លារ
ដោយសារប្រទេសនេះសំបូរដែនកោះតូចធំ ទើបធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានឆ្នេរកោះវែងជាងគេបំផុតលើលោក។ ឆ្នេរកោះទាំងនោះបានជួយសេដ្ឋកិច្ចកាណាដាឲ្យក្លាយជាប្រទេសនាំចេញអាហារសមុទ្រធំជាងគេបំផុតទី ៦ និងអាចរកចំណូលបាន ៤,២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ គ្រាន់តែលក់បង្កងមួយមុខ ប្រទេសនេះអាចរកចំណូលបានដល់ទៅ ១,៥ពាន់លានដុល្លារ។ 

៨.កាណាដាជាប្រទេសដែលប្រជាជនមានអនក្ខរភាព (ភាពមិនចេះអក្សរ) តិចជាងគេបំផុតក្នុងលោក
ក្នុងនាមជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតមួយក្នុងលោក កាណាដាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានអនក្ខរភាពទាបបំផុត។ ប្រជាជនប្រទេសនេះប្រមានជាង ៥១% ត្រូវបានគេរកឃើញថា បានរៀនចប់ថ្នាក់មហាវិទ្យាល័យ៕


ប្រភពរូបភាព៖ studentlifeonline

ប្រភព៖ Weforum/Businessinsider/Focus-economics

 

X
5s