អ្នក​មាន​ជីវភាព​ធូរធារ គួរ​សម្លឹង​មើ​ល​ការ​វិនិយោគ​លើ​ផ្ទះ​ត្រចៀកកាំ​​​



សម្បុកត្រចៀកកាំត្រូវបានជនជាតិចិនចាត់ទុកថាជាប្រភពអាហារផ្តល់អត្ថប្រយោជន៍ច្រើនបំផុតដល់សុខភាព ហើយក៏មានការប្រើប្រាស់ដោយសែស្រឡាយជាជនជាតិចិនតាំងពីយូរលង់ណាស់មកហើយដែរ។ មកទល់ពេលនេះនៅកម្ពុជា មុខរបរអភិរក្សត្រចៀកកាំ ឬការចិញ្ចឹមត្រចៀកកាំជារបរមួយដែលកំពុងពេញនិយម និងជាការសម្លឹងចាប់ឱកាសមួយពីអ្នកដែលមានធនធាន។

តាមការឲ្យដឹងពីប្រធានសហព័ន្ធត្រចៀកកាំកម្ពុជា លោកឧកញ៉ា ណាង សុធី បានមានប្រសាសន៍ថា សព្វថ្ងៃអ្នកមានអាជីពមានផ្ទះត្រចៀកកាំមានប្រមាណ ១,៥០០ កន្លែងទូទាំងប្រទេស អ្នកទទួលបន្ទុកការសាង់សង់ផ្ទះត្រចៀកកាំមានប្រហែល ១០ អ្នកផ្គត់ផ្គង់សម្ភារៈសម្រាប់ផ្ទះត្រចៀកកាំមានប្រហែល ១០ និងអ្នកដែលមានសិប្បកម្មកែច្នៃមានប្រមាណ ១០ កន្លែងដែរ។ 

លោក​ឧកញ៉ា ណាង សុធី

លោក មៀវ សុខទ្រី អនុប្រធានសហព័ន្ធត្រចៀកកាំកម្ពុជា និងជាអគ្គលេខាងធិការដ្ឋានសហព័ន្ធត្រចៀកកាំ បានលើកឡើងថា កម្ពុជាយើងជាប្រទេសដែលមានអាកាសធាតុអំណោយផលងាយស្រួលដល់ការចិញ្ចឹមត្រចៀកកាំ ហើយផលសម្បុកត្រចៀកកាំដែលទទួលបានក៏មានគុណភាព គួបផ្សំនឹងការផលិតចេញនៅតាមសិប្បកម្មប្រកបតាមស្តង់ដារ ដែលជាហេតុនាំឲ្យការផ្គង់ផ្គង់សម្បុកត្រចៀកកាំកម្ពុជាមានការទទួលស្គាល់ច្រើនផ្នែកគុណភាព។

លោក មៀវ សុខទ្រី

លោកបានបញ្ជាក់ថា តម្រូវការនៃការប្រើប្រាស់ក្នុងស្រុកនាពេលបច្ចុប្បន្នមានប្រមាណ ៣០ភាគរយនៃទិន្នផលសរុបទទួលបាន និងមានការនាំចេញទៅបរទេស ៧០ភាគរយ ហើយក្នុងនោះលោកអាចធ្វើការសន្និដ្ឋានបានថាទិន្នផលទទួលបាន (សម្បុកដែលមានទាំងរោមមិនទាន់សម្អាត) មានប្រមាណអាចដល់ ១០០តោនក្នុងមួយឆ្នាំ។ លោកសុខទ្រី និងលោកឧកញ៉ា ណាង សុធី បញ្ជាក់ថាអាជីវកម្មមួយនេះអាចរកចំណូលបានបើគិតជាទឹកលុយគឺចន្លោះពី ៥០ ទៅ ១០០លានដុល្លារក្នុងមួយឆ្នាំ និងបានផ្តល់ការងារដល់កម្មករខ្មែរក្នុងស្រុកប្រមាណជាង ៥,០០០ នាក់។ 

លោក​សុខទ្រី​ ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានផលិតផលសម្បុកត្រចៀកកាំគ្រប់គ្រាន់ដើម្បីធ្វើការនាំចេញទៅបរទេសនោះទេ ម៉្យាងដោយសារផលិត​កម្មក្នុងប្រទេសយើងបច្ចុប្បន្ននៅតូចដូច្នេះវានាំឲ្យផលិតផលដែលផលិតបាននៅមានតម្លៃថ្លៃ ពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃដែលមានការផលិតបានច្រើន។ បើ​មាន​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​កាន់​តែ​ច្រើន ទិន្ន​ផល​ដែល​ទទួល​បា​ន​ក៏​ច្រើន​ នោះ​កម្ពុជា​​នឹងអាចពង្រីក​ការ​ផ្គត់​ផ្គង់​ទាំង​ក្នុង​ប្រទេសនិង​ទៅ​ទី​ផ្សារ​​បរទេស​​បាន​កាន់​តែ​ច្រើន​ផង​ដែរ​៕

ដោយ៖ យ៉ាយ៉ា

 

X
5s