ចង់​ដឹង​​សុខភាពអាជីវកម្ម ម្ចាស់​​ត្រូវ​ចេះ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់​ទាំង ៣នេះ​



ការ​គិត​បញ្ជី​ចំណូល​ចំណាយ​ ការទូទាត់​ផ្សេងៗ វា​អាច​និង​ពិបាក​បន្តិច​សម្រាប់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ដែល​មិន​សូវ​ពូកែ​គណិតវិទ្យា ឬ​មិន​មាន​ជំនាញ​គណនេយ្យ ប៉ុន្តែ​ ទាំង​នេះ​វា​នឹង​លែង​ក្លាយ​ទៅ​ជា​បញ្ហា​ចោទ​ទៀត​ហើយ​ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​ចេះ​ពី​ក្បូន​មើល​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់ៗ​ចំនួន​៣។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​ពី​របៀប​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ទាំង​៣​ ពីលោក សាន ឬ​ទ្ធី ប្រធាន​ក្រុមហ៊ុន BSE Accounting និង​ជា​អ្នកជំនាញ​ផ្នែក​គណនេយ្យ។

លោក ឬទ្ធី ចែក​រំលែក​ដោយ​ប្រៀប​ប្រដូច​របាយការណ៍​សំខាន់​ទាំង​៣​ទៅ​នឹង​ដើម​ឈើ​មួយ​ដើម ដែល​ផ្សំ​ឡើង​ដោយ​ធាតុ​សំខាន់​៣​គឺ ទី​១​គឺ​ផ្លែ​ សំដៅ​លើ របាយការណ៍​ប្រាក់​ចំណេញ (Profit and loss) ទី​២​ដើម​គឺ​សំដៅ​លើ​ តារាង​តុល្យការ (Balance Sheet) និង​ទី​៣​ ផ្នែក​ឫស គឺ​របាយការណ៍​លំហូរ​សាច់ប្រាក់ (Statement of Cash Flows)។ របាយការណ៍​ហិរញ្ញវត្ថុ​ទាំង​៣​ខាង​លើ​គឺ​មាន​ភាព​សំខាន់​រៀង​ៗ​ខ្លួន ប៉ុន្តែ​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់​ដំបូង​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​មើល​គឺ៖ 

ទី១) របាយការណ៍​ប្រាក់​ចំណេញ (Profit and loss)៖ របាយការណ៍​នេះ​គេ​វិភាគ​ទៅ​លើ​ខ្សែ​ដេក​ចំនួន​៥​គឺ ខ្សែ​ទី១​ស្ថិត​នៅ​ខាង​លើ​គេ​គឺ​ហៅ​ថា ខ្សែ​ចំណូល, ខ្សែ​ទី​២​ហៅ​ថា​ ខ្សែ​ថ្លៃ​ដើម, ខ្សែ​ទី៣​ហៅ​ថា ខ្សែ​ប្រាក់​ចំណេញ​ដុល (ខ្សែ​ប្រាក់​ចំណេញ​បន្ទាប់​ពី​ដក​ថ្លៃ​ដើម​ហើយ) ដែល​ជា​ខ្សែ​សំខាន់​ជាង​គេ, ខ្សែ​ទី​៤​ហៅ​ថា ខ្សែ​ចំណាយ​ទូទៅ និង​ចុង​ក្រោយ​គឺ​ខ្សែ​ចំណេញ​សុទ្ធ។ នេះ​គឺ​ជា​ការ​វិភាគ​បញ្ជី​ខ្សែ​ដេក ដែល​ជា​ទូទៅ​គេ​អាច​វិភាគ​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍​ ប្រចាំ​ខែ​ ឬ​ប្រចាំ​ឆ្នាំ ដើម្បី​ដឹង​ពី​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​។

មួយ​វិញ​ទៀត​ចំពោះ​របាយការណ៍​នេះ​គេ​ក៏​អាច​វិភាគ​តាម​រយៈ​ខ្សែ​ឈរ​ដែល​វា​ក៏​មាន​លក្ខណៈ​ដូច​ជា​ខ្សែ​ដេក​ផង​ដែរ ប៉ុន្តែ​ខ្សែ​ឈរ​គេ​វិភាគ​ពី​លើ​ចុះ​មក​ក្រោម​និង​មាន​ពេល​វេលា​កំណត់​ជាក់លាក់។ ឧទាហរណ៍​ដូច​ជា​ការ​បិទ​បញ្ជី​គណនេយ្យ​ជា​ដើម ដែល​គេ​តែ​ធ្វើ​មួយ​ខែ​ម្ដង។

ទី២) តារាង​តុល្យការ (Balance Sheet)៖ ទាល់​តែ​ដើម​រឹងមាំ​ទើប​អាច​បង្កើត​ទិន្នផល​បាន​ច្រើន ហើយ​ផ្នែក​ដើម​នេះ​គឺ​សំដៅ​លើ​របស់​ដែល​នៅ​សល់​ដើម្បី​ផ្ដល់​ជា​ទិន្នផល​ឲ្យ​ទៅ​ផ្លែ​ប៉ោម។  តារាង​តុល្យការ​គឺ​ជា របាយការណ៍​ដែល​បង្ហាញ​អំពី ទ្រព្យសម្បត្តិ, បំណុល និង​ដើម​ទុន​របស់​អាជីវកម្ម ឬ​ស្ថាប័ន​ណា​មួយ​ នៅ​ក្នុង​ពេលវេលា​ជាក់​លាក់​មួយ ដោយ​បង្ហាញ​ពី​ចំណូល​និង​ចំណាយ​ពី​រយៈពេល​មុន។

ទី៣) របាយការណ៍​លំហូរ​សាច់ប្រាក់ (Statement of Cash Flows)៖ ផ្នែក​ដើម​និង​ផ្នែក​ផ្លែ​និង​មិន​អាច​រីក​លូតលាស់​ល្អ​បាន​ឡើយ​ប្រសិន​បើ​គ្មាន​ផ្នែក​ដ៏​សំខាន់ គឺ​ឫសកែវ​។ ហេតុ​អ្វី​បាន​ជា នៅ​ពេល​ដែល​អាជីវកម្ម​រីក​កាន់​តែ​ធំ​ឡើងៗ​ កាន់​តែ​ជំពាក់​គេ​ច្រើន​ឡើងៗ? ចម្លើយ​គឺ​ម្ចាស់​អាជីវកម្ម​ត្រូវ​ការ​លុយ​ដើម្បី​ពង្រីក​អាជីវកម្ម ហើយ​ឫសកែវ​គឺ​ប្រៀប​ដូច​ជា​សរសៃ​ឈាម​នៅ​ក្នុង​ក្រុមហ៊ុន។ របាយការណ៍​លំហូរ​សាច់​ប្រាក់​គឺ​សំដៅ​លើ​ ការ​បែង​ចែក​និង​គ្រប់គ្រង​សាច់ប្រាក់​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​មួយ​ទៅ​លើ​ការ​វិនិយោគ, ការ​ចំណាយ​ប្រតិបត្តិការ​ និង​សកម្មភាព​ហិរញ្ញវត្ថុ​ផ្សេងៗ​ជា​ដើម។

ប្រធាន​ក្រុមហ៊ុន​រូប​នេះ​បាន​បញ្ជាក់​ថា របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​៥​សំខាន់ៗ គឺ​ទី១. Profit and Loss, ទី២. Balance Sheet, ទី៣. Cash Flow Statement, ទី៤. Statement of Change's Equity និង​ទី៥. Explanatory Notes។ ប៉ុន្តែ​លោក​លើក​យក​ត្រឹម​របាយការណ៍​៣​ខាង​លើ​នេះ​ប៉ុណ្ណោះ ព្រោះ​វា​ទាក់​ទង​ និង​មាន​សារសំខាន់​ខ្លាំង​ចំពោះ​ភាព​ជោគជ័យ​នៅ​ក្នុង​ក្រុមហ៊ុន ស្ថាប័ន និង​អាជីវកម្ម​នីមួយៗ៕

រូបភាព៖ Rithy San
ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s