បណ្ឌិត ហោ ប៊ុនឡេង៖ ឥទ្ធិពលសំខាន់ ៣ រុញច្រានមនុស្សឲ្យក្លាយជាអ្នកដឹកនាំ
«ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំទាល់តែយើងគឺជាមនុស្សម្នាក់ដែលមានឥទ្ធិពល ហើយឥទ្ធិពលនោះគឺមាន៣យ៉ាងគឺ ទី១) កាយសម្បទាសមសួន, ទី២) សមត្ថភាពសមសួន និងទី៣) ភាពសមសួនក្នុងភាពជាគំរូ» នេះជាការចែករំលែករបស់ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិគ្រប់គ្រង និងប្រឆាំងជំងឺអេដស៍ បានលើកឡើងនៅក្នុងទិវាទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំឆ្នាំ២០១៩ ដែលស្ដីអំពី "ភាពជាមាតាបិតាមនុស្សជាតិ" នាក្រសួងកិច្ចការនារី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។
នាឱកាសនៃកម្មវិធី ឯកឧត្ដម បណ្ឌិត ហោ ប៊ុនឡេង បានចែករំលែកថា ឥទ្ធិពលទី១ កាយសម្បទាសមសួន៖ តើយើងមានកាយសម្បទានសមសួនឬទេ? ពាក្យថាកាយសម្បទាសមសួនគឺមានន័យថា ជាមនុស្សដែលមានគ្រប់លក្ខណៈសម្បត្តិ មានភាពមាំមួន និងស្វាហាប់។
ឥទ្ធិពលទី២ មានសមត្ថភាព៖ ត្រង់ចំណុចនេះគឺផ្ដោតសំខាន់ទៅលើចំណុចសំខាន់៣គឺ ជាមនុស្សដែលពោរពេញដោយចំណេះដឹង ជំនាញ រួមនិងបទពិសោធន៍។
ឥទ្ធិពលចុងក្រោយ គឺជាចំណុចសំខាន់បំផុត និងមិនអាចខ្វះបានគឺ ភាពជាគំរូ៖ ភាពជាគំរូ គឺសំដៅទៅលើមនុស្សដែលមានសុជីវធម៌ ជាមនុស្សដែលមានសីលធម៌ ជាមនុស្សដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងជាមនុស្សដែលមានព្រហ្មវិហារធម៌។ ប្រសិនបើមានឥទ្ធិពលនេះ គឺប្រាកដណាស់ថា អ្នកនឹងអាចក្លាយខ្លួនជាអ្នកដឹកនាំឆ្នើម ឬជាមាតាបិតាមនុស្សជាតិយ៉ាងពិតប្រាកដ។
ឯកឧត្ដមបញ្ជាក់ថា មេដឹកនាំដែលគួរឲ្យខ្លាចបំផុតគឺជាមនុស្សដែលមានចរិតឆេវឆាវ ព្រោះមនុស្សមនុស្សប្រភេទនេះពិបាកគ្រប់គ្រងអារម្មណ៍ណាស់។ ផ្ទុយទៅវិញមេដឹកនាំដែលអស្ចារ្យគឺជាមនុស្ស ដែលមានក្បាលដ៏អស្ចារ្យ៖ ចេះគិតពិចារណា ប្រើបញ្ញាជាស្ពានដោះស្រាយបញ្ហា ជំនួសកម្លាំងបាយ មានបេះដូងដ៏អស្ចារ្យ៖ ពោរពេញដោយព្រហ្មវិហារធម៌ និងចុងក្រោយគឺភាពជាគំរូនេះឯង៕
ដោយ៖ ជួប ស្រីរ័ត្ន