ក្រុមហ៊ុន Cellcard បើកសម្ពោធយុទ្ធនាការសប្បុរសធម៌ក្នុងឱកាសបុណ្យណូអែល​



រាជធានីភ្នំពេញ៖ ថ្ងៃសុក្រទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Cellcard បានបើកសម្ពោធ និងផ្សព្វផ្សាយជាពិសេសក្នុងឱកាសបុណ្យណូអែល ដើម្បីរៃអង្គាសថវិកាសម្រាប់កម្មវិធីសប្បុរសធម៌របស់អង្គការមិត្តសំឡាញ់ ក្នុងការជួយយុវជនដែលជួបការលំបាកនៅតាមដងផ្លូវ ឲ្យបានចូលមកសិក្សាវិញ។

ក្រុមហ៊ុន Cellcard បានកំណត់គោលដៅក្នុងការប្រមូលថវិកាឲ្យបាន ២មុឺនដុល្លារ ពីយុទ្ធនាការសប្បុរសធម៌ក្នុងឱកាសបុណ្យណូអែលនេះ ដែលនឹងធ្វើការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមនានា។

សប្បុរសជន អាចធ្វើការបរិច្ចាគតាមការផ្ញើសារជាអក្សរ ដែលមានការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបុណ្យណូអែល។

ជាក់ស្តែង ក្រុមហ៊ុន Cellcard ក៏បានរៀបចំតុបតែងផ្នែកខ្លះនៃការិយាល័យកណ្តាលរបស់ខ្លួនឲ្យក្លាយជា «Cellcard Christmas Street» ដើម្បីផ្តល់ជូនក្រុមគ្រួសារទំាងអស់នូវបរិយាកាសដ៏រីករាយក្នុងការជួបលោកតាណូអែល និងក្រុមរបស់គាត់ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ មុនថ្ងៃបុណ្យណូអែល។

ការចូលរួមលេងកំសាន្តនេះ គឺមិនគិតថ្លៃនោះទេ ប៉ុន្តែត្រូវបានលើកទឹកចិត្តឲ្យសប្បុរសជនធ្វើការបរិច្ចាគ សម្រាប់បុព្វហេតុនេះ ដោយ៖

  • ទូរស័ព្ទទៅលេខ ២៥២៥ ប្រសិនបើអតិថិជនសែលកាត
  • តាមរយៈវីង ដោយស្កេន QR កូដ ឬ លេខកូដទូទាត់ (Merchant ID) 39999
  • តាមយៈគណនី ABA 000849002 របស់ អង្គការមិត្តសំឡាញ់ ដោយដាក់កំណត់សំគាល់ “Cellcard Charity”

នៅក្នុងកម្មវិធី Christmas Street ក៏មានធ្វើការប្រគំតន្ត្រីសប្បុរសធម៌ នៅរាត្រីថ្ងៃទី ២៤ ខែធ្នូ ដែលតារារបស់យើងនឹងធ្វើការសម្តែង ហើយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ដើម្បីលើកទឹកចិត្តដល់សប្បុរសជនធ្វើការបរិច្ចាគឲ្យកាន់តែច្រើន។

ការប្រគំតន្ត្រីសប្បុរសធម៌ នឹងមានការចូលរួមសម្តែងដោយ រ៉េត ស៊ូហ្សាណា និងក្រុមតន្រ្តី Mustache ក៏ដូចជាការចូលរួមពីក្រុមតារាផ្សេងៗផងដែរ។

លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកបានជ្រើសរើសគាំទ្រដល់អង្គការមិត្តសំឡាញ់ ដោយសារតែភាពជោគជ័យដ៏អស្ចារ្យនៃកម្មវិធីបើកបវេសនកាលថ្មី។

លោក Watson បានបន្តទៀតថា៖ «ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជននាពេលបច្ចុប្បន្ននេះ ជាពិសេសអ្នកដែលជួបការលំបាកផ្ទាល់ ហើយអាចជួយខ្លួនគេរួចផុតពីភាពក្រីក្រ និងកសាងអនាគតដ៏រឹងមាំសម្រាប់គ្រួសាររបស់ពួកគេ»។

លោកបានបន្ត៖ «ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ពួកគេបាននាំយុវជនជាង ១៧០០ នាក់ត្រឡប់មកសាលាវិញ ហើយជួយពួកគេ អោយនៅសាលារៀនដោយមានថវិកាបន្ថែមអាចបន្តពង្រីកបាន»។

យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ដោយមានការប្រគល់ថវិកាបរិច្ចាគទៅកាន់អង្គការមិត្តសំឡាញ់នៅក្នុងខែមករានេះ។

ដើម្បីបរិច្ចាគ ១ដុល្លារ អតិថិជន Cellcard អាចទូរស័ព្ទមកលេខ ២៥២៥ ឬ ផ្ទេរពីគណនីវីង ឬ គណនី ABA ដែលបានបង្ហាញខាងលើ។

ដើម្បីជ្រាបកាន់តែច្បាស់អំពីសកម្មភាពទាក់ទងនឹងយុទ្ធនាការ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh

អង្គការមិត្តសំឡាញ់ គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលប្តេជ្ញាផ្តល់សេវាកម្មសង្គមដល់កុមារ យុវជន និងគ្រួសារដែលរស់នៅតាមដងផ្លូវ ក្នុងក្តីសង្ឃឹមនៃការបង្កើតអនាគតភ្លឺស្វាង។

អង្គការនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤  ហើយបានជួយកុមារ យុវជន និងសមាជិកគ្រួសារ ដែលងាយរងគ្រោះជាង ៤៥០,០០០ នាក់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់ខ្លួនពួកគេ (សម្រាប់អង្គការមិត្តសំឡាញ់ មានចំនួនរហូតដល់ជាង ២០០,០០០) ។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសង្គមរបស់ពួកគេ សូមចូលទៅកាន់គេហទំព័រ https://friends-international.org/

 

X
5s