សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ កាលពីព្រឹកមិញ​



ភ្នំពេញ៖ ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតរបស់ខ្លួនជិត៧ពាន់នាក់ នៅព្រឹកថ្ងៃនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ចើញចូលរួមប្រគល់សញ្ញាបត្រពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ នៅតាមទីតាំងសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាខាតាមខេត្តទាំង៦ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត។

លោកបណ្ឌិតបានបន្ថែមទៀតថា៖ តាមលទ្ធផលនៃការអង្កេត និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះបានបង្ហាញថា អ្នកមានការងារធ្វើស្មើ៩៦,៣០%ដែលកំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗក្នុងនោះស្ថាប័នរដ្ឋ ៣២,៨៣%,ឯកជន៤១,៨៥%, អង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិ១២,៦៧%,និងអាជីវកម្មផ្ទាល់ខ្លួន ៨,៩៥%។

សមិទ្ធផលជាផ្លែផ្កា និងជោគជ័យរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជាគឺបានមកពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងជាប្រចាំរបស់ក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិក និងសាស្ត្រាចារ្យដែលបានរួមគ្នាក្នុងការកសាងអភិវឌ្ឍលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសបានមកពីកត្តាសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោក្នុងការផ្ដល់ឱកាសដល់ផ្នែកឯកជនបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។  

លោកបានលើកឡើងផងដែរថា លទ្ធផល និង សមិទ្ធផលសម្រេចបានជាង១៧ឆ្នាំ កន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព លទ្ធភាព និង បទពិសោធន៍ ដែលសាកលវិទ្យាល័យឯកទេស នៃកម្ពុជាមាន គួបផ្សំនឹងបណ្តាធនធានបម្រើឱ្យការបង្រៀន រៀន ស្រាវជ្រាវ និង ដកពិសោធន៍ ត្រូវបានបំពាក់បន្ថែម ជាប្រចាំបន្តបន្ទាប់ តាមតម្រូវការការងារ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្ភារឧបទេសបច្ចេកវិទ្យា ឯកសាររឹង-ទន់ ដែលកាន់តែសម្បូណ៌ និង មានគុណវុឌ្ឍិកាន់តែល្អប្រសើឡើង។

គួរឲ្យដឹងថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា និងទទួលបានជោគជ័យខ្ពស់លើការបណ្តុះបណ្តាលធនធានបង្កើតនូវ ថាមពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបំពេញតម្រូវការកំណើននិស្សិតដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ សាកលវិទ្យាបានពង្រីកសាខាកាន់តែច្រើនទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និង បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥២ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និង អ៉ីស្រាអែលជាដើម ដោយបានបញ្ជូនសាស្រ្តាចារ្យ និងនិស្សិត ទៅសិក្សា វគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សា ជាមួយនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ផងដែរ។

ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគយល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុក ចំនួន៥៣២ ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានេះ សាកលវិទ្យាល័យតែងបានចូលរួមវេទិកា និង សន្និសីទអន្តរជាតិ ធំៗក្នុងវិស័យអប់រំ មានជាអាទិ៍ សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំអាជីពក្នុងវិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក QS-APPLE, វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និង សិក្ខាសាលាស្តីពីការធានាគុណភាពអប់រំ របស់បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ AUN-QA ជាដើម។

 

 

 

 

X
5s