សែលកាត អបអរសាទរការឈ្នះពានរង្វាន់លើកទី១៥របស់ខ្លួនសម្រាប់ឆ្នាំ២០១៩
ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ - សែលកាតមានមោទនភាពក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាសម្រាប់ឆ្នាំទីពីជាប់គ្នា។
ទស្សនាវដ្តីខាងលើបានចេញផ្សាយអ្នកឈ្នះពានរង្វាន់នៅសប្តាហ៍នេះដោយផ្តល់រង្វាន់កិត្តិយសចំនួនពីរដល់សែលកាតគឺ ពានរង្វាន់“ប្រតិបត្តិករទូរគមនាគមន៍ជាទីទុកចិត្តបំផុត” និងពានរង្វាន់ “ភាពល្អឥតខ្ចោះក្នុងឧស្សាហកម្មទូរគមនាគមន៍” ដោយទទួលស្គាល់សមត្ថភាពដឹកនាំរបស់ លោក ចនចន ណាវ៉ាល់ (Jonjon Naval) ប្រធានផ្នែកបច្ចេកវិទ្យារបស់សែលកាត។
ពានរង្វាន់ទាំងពីរនេះនឹងត្រូវប្រគល់ជូនជាផ្លូវការនៅក្នុងពិធីប្រគល់រង្វាន់នៅទីក្រុងឌូបៃនាខែមេសាឆ្នាំក្រោយ។ ការទទួលបានពានរង្វាន់ទាំងពីរនេះមានន័យថាសែលកាតបានទទួលពានរង្វាន់សរុបរហូតដល់ចំនួន២៦ដែលនេះជាការទទួលស្គាល់គុណភាពបណ្តាញ និងលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់សែលកាត ចាប់តាំងពីការដាក់ប្រើបណ្ដាញសេវាអ៊ីនធើណិតល្បឿនលឿន 4G LTE របស់ខ្លួនកាលពីខែមករាឆ្នាំ ២០១៧មក។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានលើកឡើងថាឆ្នាំ ២០១៩ គឺជាឆ្នាំដ៏ល្អប្រសើរសម្រាប់សែលកាត។
លោក អៀន វ៉ាតសុន បានបន្ដថា៖ “នៅឆ្នាំនេះ សែលកាតបានឈ្នះពានរង្វាន់ចំនួន ១៥ ដែលផ្ដល់ដោយ ស្ថាប័នឈានមុខគេមានដូចជាស្ថាប័ន Ookla ស្ថាប័នOpen ស្ថាប័នSignal ស្ថាប័នSilicon Review ទស្សនាវដ្តីInternational Business ទស្សនាវដ្តីInternational Finance ស្ថាប័នTelecom Asia ស្ថាប័ន CMO Asia និងជាចុងក្រោយនេះ ទស្សនាវដ្តី Global Brands។
ជាងនេះទៅទៀត សែលកាតបានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍តំបន់ និងពិភពលោកដើម្បីលើកកម្ពស់កិត្តិនាមរបស់សែលកាតក៏ដូចជាការបង្ហាញថាប្រទេសកម្ពុជាជាប្រទេសអាស៊ានច្នៃប្រឌិតមួយដែលឈានមុខគេ។
ការទទួលស្គាល់តាមរយៈពានរង្វាន់ជាច្រើនបញ្ជាក់ថាយើងកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងដែលចង់ឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសឌីជីថលពេញលេញ។”
ជាចុងក្រោយ លោក អៀន វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមការងារសែលកាតទាំងមូលចំពោះ ការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការខិតខំប្រឹងប្រែងបម្រើប្រជាជនកម្ពុជា៕