Greenland កោះគ្របដណ្ដប់ដោយទឹកកក ហេតុអ្វីគេចាត់ទុកជាដែនដីដ៏ពិសិដ្ឋ?
ហ្រ្គីនឡែន (Greenland) គឺជាដែនកោះដែលធំជាងគេបំផុតក្នុងពិភពលោក ពោលគឺវាធំជាងរដ្ឋអាលាស្កា (Alaska)ដែលមានផ្ទៃ១.៧លានគីឡូម៉ែត្រក្រឡា ដែលសហរដ្ឋអាមេរិកបានទិញពីប្រទេសរុស្ស៊ីទៅទៀត។ កោះដ៏ធំសម្បើមនេះគឺជាតំបន់ស្វយ័តមួយរបស់ប្រទេសដាណឺមាក ដែលមានផ្ទៃជាង ២លានគីឡូម៉ែត្រក្រឡា និងមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិចខាងជើងនឹងតំបន់អាក់ទិក។ ផ្ទៃដីប្រមាណ៨០%នៃដែនកោះនេះត្រូវបានគ្របដណ្ដប់ទៅដោយទឹកកក ចុះមូលហេតុអ្វីបានជាតំបន់ដ៏ត្រជាក់នេះត្រូវបានគេចាត់ទុកជាដែនដីដ៏ពិសិដ្ឋទៅវិញ?
ថ្វីត្បិតតែផ្ទៃដីស្ទើរតែទាំងស្រុងបានគ្របដណ្ដប់ទៅដោយទឹកកក ប៉ុន្តែGreenlandគឺជាតំបន់ដែលបង្កប់ទៅដោយភោគទ្រព្យធម្មជាតិយ៉ាងច្រើនសម្បូរបែបដែលរួមមាន ប្រេង,ឧស្ម័នធម្មជាតិ, ធនធានរ៉ែដែក, រ៉ែមាស, ពេជ្រ, សំណ, ស័ង្កសី រួមនឹងរ៉ែដ៏កម្របំផុតRare Earthផងដែរ។ ជាងនេះទៅទៀត ក៏ធ្លាប់មានអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា នៅពេលដែលផែនដីឡើងកម្ដៅវានឹងធ្វើឲ្យទឹកកកនៅតំបន់ប៉ូលរលាយ ហើយទីក្រុងធំៗមួយចំនួនអាចនឹងត្រូវលិចលង់នៅក្នុងឆ្នាំ២០៥០ខាងមុខ ដែលជាហេតុធ្វើឲ្យដែនដីអឌ្ឍគោលខាងជើង និងតំបន់ក្បែរៗតំបន់ប៉ូល អាចនឹងក្លាយជាកន្លែងអំណោយផលសម្រាប់ការរស់នៅវិញនាប៉ុន្មានទសវត្សរ៍ខាងមុខ។
តាមប្រភពពីសារព័ត៌មាន CNN កាលពីពេលកន្លងទៅក៏បានចុះផ្សាយផងដែរអំពីមហិច្ឆតានៃប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកលោក ដូណល់ត្រាំ (Donald Trump) លើបំណងចង់ទិញកោះGreenland ប៉ុន្តែក៏ត្រូវបានប្រទេសដាណឺមាកបដិសេធ។ លោកត្រាំ មិនមែនជាប្រធានាធិបតីអាមេរិកដំបូងដែលចង់ទិញ Greenland នោះទេ ពោលគឺកាលពីឆ្នាំ ១៩៤៦ លោក ហារី ទ្រូម៉ាន់ (Harry Truman) ក៏ចង់ទិញកោះនេះដែរ ក្នុងតម្លៃ ១០០ លានដុល្លារតែមិនបានសម្រេច។
ដោយឡែក ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ក្នុងពិភពលោក ហាក់ដូចជាបោះជំហានទៅមុខសហរដ្ឋអាមេរិកក្នុងការមកកាន់តំបន់ដ៏ពិសិដ្ឋនេះ ដោយក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលចិនបានដាក់សំណើមួយ កាលពីឆ្នាំ២០១៨ ទៅកាន់រដ្ឋាភិបាលដាណឺម៉ាក ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន ០៣ នៅលើកោះ Greenland ជាប់ភាគឦសានប្រទេសកាណាដា ប៉ុន្តែត្រូវបានបញ្ចប់ដោយការទាមទារលើសកម្រិត ពីរដ្ឋាភិបាលដាណឺម៉ាក ។
គួរបញ្ជាក់ផងដែរថា ដោយសារតែទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងតំបន់អាក់ទិក បានធ្វើឲ្យGreenland ក្លាយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ណាតូ ក្នុងការឃ្លាំមើលសកម្មភាពរបស់រុស្ស៊ី ហើយបច្ចុប្បន្ន សហរដ្ឋអាមេរិកក៏មានមូលដ្ឋានយោធារបស់ខ្លួននៅលើដែនកោះដ៏ធំសម្បើមមួយនេះផងដែរ៕
ប្រភព៖ សារព័ត៌មាន CNN/CNA/AFP
ដោយ៖ ជួប ស្រីរ័ត្ន