ភ្ងាក់ខ្លួនព្រឺត! ការពិត ៨ យ៉ាងប្រហែលមិនដឹងពីស្ថានភាពសេដ្ឋកិច្ចវៀតណាមថាខ្លាំងយ៉ាងនេះ​



វិលទៅអតីតកាលកាលពីជាង ៣០ ឆ្នាំមុន នៅពេលគេនិយាយពីវៀតណាម គឺគេមិនភ្លេចឡើយថា ប្រទេសនេះគឺជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ នោះគ្រាន់តែជាស្រមោលអតីតកាលរបស់ខ្លួនប៉ុណ្ណោះ ត្បិតអីវៀតណាមសតវត្សទី ២១គឺជាវៀតណាមដែលកំពុងមានសក្តានុពលអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងក្លា។ 

នៅថ្ងៃនេះ Bizkhmer ព្យាយាមស្វែងរកប្រភពមួយចំនួនដើម្បីនាំប្រិយមិត្តអ្នកអានមកចាប់អារម្មណ៍ពីស្ថានភាពសេដ្ឋកិច្ចមួយចំនួនដែលកំពុងកើតមាននៅក្នុងប្រទេសដែលប្រកាន់របបកុម្មុយនិស្ត ប៉ុន្តែមានគោលនយោបាយសេដ្ឋកិច្ចសេរីចំនួន ៨ ចំណុចដូចខាងក្រោមនេះ៖ 

១) វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយ 
ការដាក់គោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយថ្មីមួយដែលគេឲ្យឈ្មោះថា “ដូយម៉ូយ ឬ Đổi Mới” ក្នុងឆ្នាំ ១៩៨៦ បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះយ៉ាងឆាប់រហ័ស។ គោលនយោបាយនេះបានជួយឲ្យទីក្រុងហាណូយផ្លាស់ប្តូរងើបចេញពីប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ 

នៅចន្លោះឆ្នាំ ២០០២ និង ២០១៨ ប្រជាជនវៀតណាមជាង ៤៥ លាននាក់បានងើបផុតពីភាពក្រីក្រ។ អត្រាភាពក្រីក្ររបស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំងពីជាង ៧០% មកក្រោម ៦% ហើយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានកើនឡើង ២,៥ ដងដោយអាចរកចំណូលបាន ២ ៥០០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨កន្លងទៅ។

២)​ ក្នុងរយៈពេលមធ្យម ទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមមានភាពវិជ្ជមានទោះបីជាមានសញ្ញាណនៃកំណើនវិវដ្តជាមធ្យមក៏ដោយ
បន្ទាប់ពីមានកំណើនរហូតដល់ ៧,១% ក្នុងឆ្នាំ ២០១៨ កន្លងទៅ កំណើន GDP ពិតប្រាកដក្នុងឆ្នាំ ២០១៩ នេះត្រូវបានព្យាករណ៍ថា នឹងថយចុះបន្តិចដោយសារតែតម្រូវការទីផ្សារនាំចេញចុះខ្សោយ និងការរបន្តរឹតបន្តឹងគោលនយោបាយឥណទាន និងគោលនយោបាយសារពើពន្ធ។ កំណើន GDP របស់ប្រទេសនេះត្រូវបានព្យាករណ៍ថា នឹងនៅតែរឹងមាំក្នុងអត្រាកំណើន ៦,៥% ក្នុងឆ្នាំ ២០២០ និង ២០២១ ខាងមុខ។

ងាកមកមើលកំណើនអតិផរណាប្រចាំឆ្នាំវិញ មានស្ថិរភាពក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នាក្នុងអត្រាជុំវិញ ៤% និងទាបជាងនេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មានកំណើនកាន់តែខ្លាំងដែលឈានដល់ជិត ១៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ឬស្មើជិត ២៤% នៃការវិនិយោគសរុបនៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន។

៣) វៀតណាមកំពុងមានការផ្លាស់ប្តូរប្រជាសាស្ត្រ និងសង្គមយ៉ាងឆាប់រហ័ស
ពលរដ្ឋវៀតណាមឈានដល់ ៩៧ លាននាក់ក្នុងឆ្នាំ ២០១៨ (កើនឡើងពីចំនួន ៦០ លាននាក់ក្នុងឆ្នាំ ១៩៨៦) ហើយគេរំពឹងថា នឹងកើនឡើងដល់ ១២០ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ។ សព្វថ្ងៃនេះប្រជាជន ៧០% របស់ខ្លួនគឺជាយុវជនដែលមានអាយុក្រោម ៣៥ ឆ្នាំ។ ប៉ុន្តែប្រជាជនវ័យចំណាស់ក៏មានកំណើនឆាប់រហ័សផងដែរ។ ចំណែកប្រជាជនវណ្ណៈកណ្តាលវិញ កំពុងមានកំណើនលឿនផងដែរក្នុងអត្រា ១៣% នៃប្រជាជនសរុបរបស់ខ្លួននាពេលបច្ចុប្បន្ន ហើយចំនួននេះនឹងកើនឡើងដល់ ២៦% នៅក្នុងឆ្នាំ ២០២៦ខាងមុខ។


ប្រភពរូបភាព៖ Culture Trip

៤) ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ការផ្តល់សេវាកម្មមូលដ្ឋានមានភាពល្អប្រសើរឡើងគួរឲ្យកត់សម្គាល់
ការទទួលបានសេវាហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់គ្រួសារនីមួយៗបានកើនឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងឆ្នាំ ២០១៦ មានពលរដ្ឋរបស់ខ្លួន ៩៩% ទទួលបានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដោយបានកើនឡើងពីចំនួន ១៤% កាលពីឆ្នាំ ១៩៩៣។ ការទទួលបានទឹកស្អាតប្រើប្រាស់នៅតាមតំបន់ជនបទវិញ ក៏មានភាពល្អប្រសើរផងដែរពោលគឺបានកើនឡើងពី ១៧% ក្នុងឆ្នាំ ១៩៩៣ ដល់ ៧០% នៅក្នុងឆ្នាំ ២០១៦ ខណៈដែលតួលេខនៅតំបន់ទីក្រុងគឺមានចំនួនខ្ពស់រហូតដល់ខ្ពស់ជាង ៩៥% ។

៥) វៀតណាមកំពុងអនុវត្តបានយ៉ាងល្អលើវិស័យអប់រំ
ការអភិវឌ្ឍវិស័យអប់រំរបស់វៀតណាមកំពុងទទួលបានលទ្ធផលខ្ពស់ និងប្រកបដោយសមធម៌នៅតាមសាលាបឋមសិក្សា។ សិស្សានុសិស្សនៅក្នុងកម្រិតនេះទទួលបានពិន្ទុខ្ពស់ ហើយនៅក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៥ កន្លងទៅ លទ្ធផលសិក្សារបស់និស្សិតវៀតណាមទទួលបានពិន្ទុខ្ពស់ជាងបណ្តាប្រទេសមកពីអង្គការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ។ ចំណែកសន្ទស្សន៍ស្តីពីអត្រាមរណៈភាពរបស់ប្រជាជនវៀតណាមវិញ គឺ ៨៧% ស្ថិតនៅក្នុងអត្រាអាយុមធ្យម ៧៣ ឆ្នាំខ្ពស់ជាងគេបំផុតមួយក្នុងតំបន់ និងសកលលោក។ 


ប្រភពរូបភាព៖ thanhniennews

៦) កត្តា ៣យ៉ាងនៅពីក្រោយសក្តានុពលសេដ្ឋកិច្ចវៀតណាម
យោងតាមអ្នកវិភាគមកពីធនាគារពិភពលោក និងមកពីវិទ្យាស្ថានស្រាវជ្រាវ Brookings Institution របស់អាមេរិកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានសក្តានុពលបណ្តាលមកពីកត្តាបីយ៉ាង គឺ (១)ការចាប់យកគោលនយោបាយសេដ្ឋកិច្ចសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់រដ្ឋាភិបាល (២) ការបំពេញបន្ថែមនូវសេរីភាវូបនីយកម្មផ្ទៃក្នុងជាមួយនឹងការកែទម្រង់កាត់បន្ថយតម្លៃ និងការចំណាយក្នុងការធ្វើអាជីវកម្មក្នុងស្រុក និងទី(៣) ការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើធនធានមនុស្ស និងរូបវ័ន្តជាពិសេសតាមរយៈការវិនិយោគក្នុងវិស័យសាធារណៈ។

៧) វៀតណាមបានក្លាយជាមជ្ឈមណ្ឌលវិនិយោគបរទេស និងផលិតកម្មដ៏មានសក្តានុពលនៅតំបន់អាស៊ាន
វៀតណាមបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស និងទីតាំងផលិតកម្មដ៏មានសក្តានុពលបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន និងកូរ៉េដូចជា Samsung, LG, Olympus និង Pioneer និងក្រុមហ៊ុនផលិតសម្លៀកបំពាក់អឺរ៉ុប និងអាមេរិកជាច្រើនកំពុងមកបណ្តាក់ទុនឈរជើងជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ។ កាសែត Financial Times បានចេញផ្សាយកាលពីឆ្នាំ ២០១៧ ថា វៀតណាមគឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេបំផុតនៅក្នុងតំបន់ និងជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិចធំជាងគេទី ២ បន្ទាប់ពីសិង្ហបុរី។


ទីក្រុងហាណូយ ប្រភពរូបភាព៖ en.dangcongsan.vn

៨) ទោះយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងវិស័យឧស្សាហូបនីយកម្មរបស់វៀតណាមមិនទាន់ឆ្លើយតបទៅនឹងនិរន្តរភាពខាងបរិស្ថាន និងធនធានធម្មជាតិនៅឡើយទេ
ការប្រើប្រាស់ថាមពលបានកើនឡើង៣ដង នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ អាំងតង់ស៊ីតេថាមពល ផលិតផលក្នុងស្រុកសរុបបានកើនឡើងជាលំដាប់។ តម្រូវការទឹកនៅតែបន្តកើនឡើង ខណៈផលិតភាពក្នុងការផលិតទឹកមានកំរិតទាបជាងប្រហែល ១២% នៃស្តង់ដារពិភពលោក។

ចំណែកឯការធ្វើអាជីវកម្មលើធនធានធម្មជាតិវិញ មិនទាន់មាននិរន្តរភាពនៅឡើយទេដូចជា អាជីវកម្មខ្សាច់ វិស័យនេសាទ និងឈើ អាចជះឥទ្ធិពលអវិជ្ជមានដល់សក្តានុពលកំណើនសេដ្ឋកិច្ចនាពេលអនាគត និងរយៈពេលវែង។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដើម្បីអភិវឌ្ឍ​ខ្លួន​​ឲ្យ​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត​ឆាប់ៗខាងមុខ៕

ប្រភព៖ World Bank/Weforum 

 

X
5s