តាមការស្រាវជ្រាវបង្ហាញថា ការគេងថ្ងៃមួយភ្លែតអាចជួយបង្កើនផលិតភាពការងារយ៉ាងមានប្រសិទ្ធភាព
តាមការស្រាវជ្រាវពី National Sleep Foundation បានបង្ហាញថាការអនុញ្ញាតឲ្យបុគ្គលិកគេងថ្ងៃមួយភ្លែត គឺជួយឲ្យផលិតភាពការងារកើនឡើង។ ការគេងរយៈពេលខ្លីចន្លោះពី ១០ ទៅ ៣០ នាទីនៅពេលថ្ងៃពិសេសបន្ទាប់ពីអាហារថ្ងៃត្រង់ ជួយស្តារផលិតភាពការងារ ក៏អាចជួយកាត់បន្ថយកំហុសឆ្គង ឬគ្រោះថា្នក់ក្នុងការបំពេញការងារដែរ។ លើសពីនេះវាអាចជួយសម្រួលដល់ការគេងនាពេលយប់របស់អ្នកឲ្យទទួលទានដំណេកបានលក់ស្កប់ស្កល់។
៥ ចំណុចខាងក្រោមបង្ហាញពីអត្ថប្រយោជន៍នៃការគេងថ្ងៃ៖
១) ជួយឲ្យខួរក្បាលបង្កើនការចង់ចាំ និងរក្សាទុកព័ត៌មានបាន ៥ ដង
ការពិសោធន៍របស់ Nasa បានរកឃើញថាការគេងថ្ងៃជួយឲ្យអារម្មណ៍ជ្រះថ្លា បង្កើនការផ្តោតអារម្មណ៍លើការងារបានកាន់តែច្រើន។ Christopher Lindholst នាយកប្រតិបត្តិក្រុមហ៊ុន MetroNaps ជាក្រុមហ៊ុនមួយដំបូងដែលត្រួសត្រាយបញ្ហាអស់កម្លាំង និងភាពស្មុគស្មាញនៃបុគ្គលិកបានឲ្យដឹងថា ការគេងថ្ងៃរបស់បុគ្គលិកមិនបានធ្វើឲ្យក្រុមហ៊ុនខាតបង់ទេ តែវាផ្តល់មកវិញនូវឱកាសដែលជម្រុញឲ្យបុគ្គលិកបង្កើនផលិតភាពការងាររបស់ពួកគេ។
២) កាត់បន្ថយភាពស្មុគស្មាញ ស្ត្រេស និងភាពធុញថប់ពីការងារ
បុគ្គលមួយចំនួនតែងកើតអារម្មណ៍ធុញថប់នៅពេលដែលគេងងុយគេង។ ពេលងងុយមានន័យថាខួរក្បាលកំពុងទាមទារការសម្រាក។ ពេលងងុយយើងមិនអាចគិតអ្វីបានច្រើន ធ្វើការងារក៏មិនបានពេញលេញនាំ ឲ្យកើតមានអារម្មណ៍ធុញថប់ និងស្មុគស្មាញក្នុងការបំពេញការងារ។
៣) ធ្វើឲ្យប្រសើរឡើងនូវមុខងារនៃការគិត និងបង្កើនភាពច្នៃប្រឌិតបានខ្ពស់
បើអ្នកប្រឆាំងការទាមទាររបស់ខួរក្បាលហើយព្យាយាមគិត ឬធ្វើការងារពេលកំពុងងងុយ វាស្មើនឹងកំពុងបញ្ចេញសកម្មភាពបញ្ច្រាស់អ្នកគ្រប់គ្រងសារពាងកាយ ធ្វើឲ្យការគិត ការបង្កើនភាពច្នៃប្រឌិត និងសមត្ថភាពនានារបស់ខួរក្បាលធ្លាក់ចុះ។ មិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យរាងកាយមិនអាចបញ្ចេញកម្លាំងគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការខាងក្រៅបានដូចគ្នា។
៤) ជួយឲ្យអ្នកទទួលទានដំណេកបានស្កប់ស្កល់នៅពេលយប់
ការគេងថ្ងៃមួយភ្លែតជួយប្រឆាំងនឹងបុព្វហេតុនាំឲ្យមានការបំផ្លាញផលិតភាពការងារ ហើយក៏ជួយធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់នៅពេលយប់បានដែរ ព្រោះការដែលខួរក្បាលមានលទ្ធភាពសម្រាកតាមការទាមទារ វាក៏ទទួលបានអុកស៊ីសែនបានគ្រប់គ្រាន់ និងមានសុខភាពល្អ។
៥) ការគេងថ្ងៃគឺល្អជាងការទទួលទានជាតិកាហ្វេអ៊ីន
ជាអ្នកធ្វើការ មានប៉ុន្មានអ្នកដែលមិនជ្រើសយកកាហ្វេដើម្បីបំបាត់ភាពងងុយគេង មិនថាពេលថ្ងៃឬពេលយប់បង្កើនប្រសិទ្ធិភាពការងារ ព្រោះបើនៅតែងងុយគឺមិនអាចធ្វើអ្វីបានទេ។ តែយើងគ្រប់គ្នាបានមើលរំលងចំណុចមួយដែលនឹងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ដោយសារការយកជាតិកាហ្វេអ៊ីនមកជំនួសការសម្រាកខួរក្បាលដើម្បីចង់បញ្ចប់ការងារឲ្យទាន់ពេលវេលា។ បើយើងសុខចិត្តខាតការងារត្រឹមរយៈពេល ១០ ទៅ ៣០នាទីដើម្បីគេងបន្តិចពេលងងុយ វានឹងផ្តល់ផលល្អច្រើនជាងសម្រាប់ការងារយើង ព្រោះពេលភ្ញាក់មកវិញខួរក្បាលនឹងស្រលះ មានអារម្មណ៍ថាក្នុងខ្លួនពេញដោយថាមពល គិតអ្វីបានលឿន អាចបង្កើតគំនិតថ្មីបានទៀត អ្វីដែលសំខាន់គឺជាជម្រើសល្អបំផុតមួយសម្រាប់សុខភាព៕
ដោយ៖ យ៉ាយ៉ា