កម្មវិធីវោហារស័ព្ទសាធារណៈ Ignite ត្រលប់មកវិញហើយនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ
ឆ្នាំនេះ Ignite Phnom Penh នឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៥ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ នៅសហសាលសម្ដេចតេជោហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល។
Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៏របស់ លោក សុខហ៊ី បានអោយដឹងថាគោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសអោយសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។
ចំនុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺ វាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវឲ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយអោយពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញអោយបានល្អ។
កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកនូវបទពិសោធិ៍ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា លោក ជី សីលា (នាយកប្រតិបត្តិនិងជាស្ថាបនិកនៃក្រុមហ៊ុន Sabay Digital Group) លោក ជុំ សុធា (នាយកផលិតកម្ម) លោក ប៊ុន ផាក (នាយកគ្រប់គ្រងនិងប្រតិបត្តិនៃក្រុមហ៊ុន Camazoon និងជាស្ថាបនិក Phzar.com) លោក យាន រស្មី (គទានុរក្ស សិល្បៈសហសម័យ) និងកញ្ញា ម៉ម លីសា (អ្នករចនាគំនូរលើជញ្ជាំង)។
មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះត្រូវបានទទួលការគាំទ្រពី សំណាក់ស្ថាប័នជាច្រើន ក្នុងនោះមានក្រុមហ៊ុន Smart និង Nescafé ដែលបានចូលរួមគាំទ្រ ជាអ្នកឩបត្ថម្ភធំ ក្នុងកម្មវិធីនេះ។
លោកអ្នកអាចទិញសំបុត្រដោយមានកាដូពិសេសន៍ដូចជាដបទឹក និងកាតាប ដោយ វិធីទិញសំបុត្រ តាម online៖ http://bit.ly/IgnitePP5ticket ឬ តាមទូរស័ព្ទ 086 389 360 / 010 990 330 ឬ ទទួលបានព័ត៌មានថ្មីៗ ដោយចូលទៅកាន់ទំព័រ ហ្វេសប៊ុករបស់កម្មវិធីនេះដែលមានឈ្មោះថា Ignite Cambodia ៕