កូនស្រីលោកបណ្ឌិត ស្ដើង សុខុម នាំយកភាពអស្ចារ្យជូនកម្ពុជានូវមេដាយមាស៣និងប្រាក់៨ ពីអាមេរិកនិងអូស្ត្រាលី​



គួរជាទីមោទកភាពយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា យុវតី សុខុម តារារចនា កូនស្រីលោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS បានពាំនាំយកនូវជ័យជំនះមេដាយមាសចំនួន៣ និងមេដាយប្រាក់ចំនួន៨ ពីការប្រកួត World Scholar’s Cup Competition ថ្មីៗនេះនៅសាកលវិទ្យាល័យយែល (Yale University) លើប្រធានបទ «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង» (World on the Margins) ដែលមានសិស្សានុសិស្សប្រមាណ១៥០០នាក់មកពី៨២ប្រទេសជុំវិញពិភពលោកបានចូលកម្មវិធីប្រកួតប្រចាំឆ្នាំនេះ។

យុវតី សុខុម តារារចនា វ័យ ១៤ឆ្នាំ កំពុងរៀនថ្នាក់ទី១០ បានធ្វើទទួលបានជ័យលាភីសរុបមេដាយមាសចំនួន២ និងមេដាយប្រាក់ចំនួន៧ លើវិញ្ញាសាសរសេរ (Writing) និងវិញ្ញាសា Special Area (Special subject ) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនៅនៅសកលវិទ្យាល័យយែល សហរដ្ឋអាមេរិក  កាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗកន្លងទៅ ដែលនេះសបញ្ជាក់ថាយុវតីកូនខ្មែរម្នាក់នេះមានសមត្ថភាព ចំណេះដឹង មិនចាញ់ជាតិសាសន៍ដទៃ ក្នុងការទទួលបានមេដាយកម្រិតពិភពលោកនេះ និងជួយបង្ហាញមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

មុននឹងឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រនៅសាកលវិទ្យាល័យយែល (Yale University) នៅសហរដ្ឋអាមេរិក យុវតីកូនខ្មែររូបនេះត្រូវធ្វើការប្រកួតជម្រុះលើកទី១ធ្វើនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០១៩ ទទួលបានមេដាយប្រាក់១ទើបអាចចូលរួមប្រកួតជម្រុះលើកទី២នៅ KINCOPPAL ROSE BAY SCHOOL ទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីកាលពីថ្ងៃទី១៥ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានមេដាយមាស១ និងប្រាក់ចំនួន១។

យុវតី សុខុម តារារចនា បាននិយាយថា នាងពិតជាមានមោទនភាពដែលវិស័យអប់រំនៅកម្ពុជាយើងមានភាពល្អប្រសើរ និង រីកចម្រើនខ្លាំងមែនទែន បើពុំនោះទេនាងក៏គ្មានថ្ងៃទៅប្រកួតនៅឯបរទេសឡើយ ហើយក៏ប្រហែលនឹងមិនបាននាំយកមេដាយមាសនិងប្រាក់ជូនប្រទេសកម្ពុជាដូចថ្ងៃនេះដែរ។ 

យុវតី សុខុម តារារចនា បានបញ្ជាក់នូវសេចក្តីដឹងគុណដល់អ្នកមានគុណទាំងពីរលោកឱពុក ស្តើង សុខុម អ្នកម្តាយ ស ឃុនដារ៉ា លោកយាយ លោកតា បងប្អូន លោកគ្រូ-អ្នកគ្រូដែលតែងតែអប់រំទូន្មានប្រៀនប្រដៅឱ្យប្រតិបត្តិអំពើល្អ ខិតខំសិក្សារៀនសូត្រ និងតែងតែជួយ  ផ្តល់កម្លាំងចិត្តដល់កូនជារៀងរហូតមកជាពិសេសផងដែរចំពោះបងប្រុស សុខុម តារាឫទ្ធី និងអ្នកម្តាយដែលបានរួមដំណើរផ្តល់ភាពកក់ក្តៅទៅចូលរួមការប្រកួតនេះ។ លើសពីនេះ យុវតីឆ្នើមរូបនេះក៏បានលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ ទាំងអក្សរសាស្រ្តជាតិយើង វិទ្យាសាស្រ្ត និងភាសាបរទេសផងដើម្បីជាស្ពានចម្លងធ្វើឱ្យយើងមើលឃើញពិភពលោកនៅជិតៗយើង និងឈានទៅរៀនសូត្រស្វែងយល់ពិភពលោកខាងក្រៅសំដៅកសាងសមត្ថភាពឱ្យបានល្អឆ្នើមរួមចំណែកអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត។

បន្ថែមទៀតដែរថាក្រោយការប្រកួតប្រជែងបានទទួលជោគជ័យ យុវតី តារារចនា ក៏បានឆ្លៀតពេលទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមនៅសាកលវិទ្យាល័យហាវើត(Harvard University) ចូលរៀនសាកល្បងនៅ forest ridge school of the sacred heart (high school ) ទីក្រុងស៊ីអាតធល(Seattle)រដ្ឋវ៉ាស៊ីតោន(Washington) ទស្សនាក្រុមហ៊ុនផលិតយន្តហោះប៊ូអីង ក្រុមហ៊ុនMicrosoft ទស្សនាទីក្រុងមួយចំនួនទៀតនៃប្រទេសមហាអំណាចដូចជាទីក្រុងប៊ូស្តុន(Boston) ទីក្រុងញ៉ូយក(New York)រដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ(San Francisco) ទីក្រុងឡុងប៊ិច(Long Beach) ……ជាដើម។

គួរបញ្ជាក់ កម្មវិធី World Scholar’s Cup Competition ធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងទាក់ទាញសិស្សានុសិស្សឱ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីលើកម្មវិធីសិក្សានៅតាមសាលារៀនព្រមទាំងផ្តល់ឱកាសឱ្យពួកគេបង្ហាញគំនិត បញ្ញា ព្រមទាំងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេក្នុងពេលបច្ចុប្បន្ន៕

 

X
5s