ព្រីនស៍រៀល អ៊ីស្ទេតគ្រុប និងក្រុមហ៊ុននាឡិកាស្វីស បើកមជ្ឍមណ្ឌលបណ្ដុះបណ្តាលផលិតនាឡិកានៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេតគ្រុប សហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិការបស់ស្វីស វិនិយោគលើគម្រោងមជ្ឍមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ លើជំនាញផលិត និងជួលជុលនាឡិកា ម៉ាកស្វីសនៅកម្ពុជា ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងឧស្សហកម្មនេះ ។
ក្នុងពិធីសម្ពោធមជ្ឍមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផលិត និងជួសជុលនាឡិកា នាព្រឹកថ្ងៃចន្ទនេះ នៅសមាគមផ្ទាល់របស់ខ្លួនជ្រោយចង្វារ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានលើកឡើងថា ខណៈពេលដែលក្រុមហ៊ុនបានមើលឃើញថា វិស័យឧស្សាហកម្ម បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់នូវឱកាសការងារយ៉ាងច្រើន ដល់ពលរដ្ឋក្នុងស្រុក ព្រីនស៍ ក៏បានងាកមកវិនិយោគបន្ថែមលើការបណ្ដុះបណ្ដាលជំនាញធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញការងារមួយច្បាស់លាស់ ហើយអាចបំរើការបានក្នុងឧស្សាហកម្មដែលមានតម្រូវការលើបច្ចេកទេសនេះ។
លោកបន្តថា កម្ពុជា នៅមានកំលាំងពលកម្ម ដែលជាយុវជន បំរើការងារក្នុងឧស្សាហកម្មនេះមានចំនួនច្រើន បើធៀបនឹងប្រទេសជិតខាង ដូចនេះ វត្តមាននៃមជ្ឍមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ លើជំនាញផលិត និងជួលជុលនាឡិកា ម៉ាកស្វីសនៅកម្ពុជានេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសមត្ថភាពដល់កំលាំងពលកម្មក្នុងស្រុក ហើយអាចឈានទៅទាក់ទាញឲ្យមាននូវការវិនិយោគកាន់តែក្នុងឧស្សាហកម្មនេះ ព្រោះកម្ពុជាមានអ្នកជំនាញច្រើន ហើយកំលាំងពលកម្មនៅមានតម្លៃទាប។
ឯកឧត្តម ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេស និងវប្បធម៌ និងជាតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចូលរួមក្នុងកម្មវិធីនោះ បានមានប្រសាសន៍ថា វត្តមាននៃមជ្ឍមណ្ឌលបណ្ដុះបណ្តាលជំនាញផលិត និងជួសជុលនាឡិកាកម្ពុជានេះ នឹងអាចជួយដល់យុវជនកម្ពុជា អោយមានជំនាញខ្ពស់ក្នុងការជួសជុលនាឡិកាម៉ាកល្បីៗ ហើយអាចឈានទៅប្រកួតប្រជែងជាមួយនឹងកំលាំងពលកម្មក្នុងទីផ្សារអន្តរជាតិផងដែរ។
ឯកឧត្តមសង្ឍឹមថា មជ្ឍមណ្ឌលនេះ នឹងចូលរួមលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា លើជំនាញបច្ចេកទេសមេកានិច ដែលមានកម្រិតគុណភាពខ្ពស់ ហើយទទួលបានការផ្តល់សិទ្ធបណ្ដុះបណ្ដាលពីក្រុមហ៊ុននាឡិកាដៃល្បីរបស់ស្វីស៕
ដោយ៖ ស្រីពេជ្រ