សហព័ន្ធត្រចៀកកាំ និងក្រសួងពាក់ព័ន្ធកំពុងជំរុញលើកកម្ពស់ផលិតផលទឹកមាត់ត្រចៀកកាំ​



នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សហព័ន្ធត្រចៀកកាំកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី “ស្ថាបត្យកម្មចុងក្រោយនៃរចនាបថទំនើប ផ្ទះត្រចៀកកកាំសម្រាប់អ្នកមានចំណូលទាប”។ សិក្ខាសាលានេះបានរៀបចំឡើងចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ស្ថិតនៅក្នុងទីតាំងសមាគមខ្មែរ-ចិនជ្រោយចង្វារ។ 

កម្មវិធីសិក្ខាសាលានេះបានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម ទា គង់ អគ្គទីប្រឹក្សាពាណិជ្ជកម្មអមស្ថានអគ្គរាជទូតកម្ពុជា និង លោកឧកញ៉ា ណាង សុធី ប្រធានសម្ព័ន្ធត្រចៀកកាំកម្ពុជា រួមទាំងសិក្ខាកាមចូលរួមសិក្សាជាច្រើន។  

គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាមួយនេះឡើងគឺ ដើម្បីជាការចែករំលែកចំណេះដឹងជូនដល់បងប្អូនអ្នកដែលមានផ្ទះត្រចៀកកាំឲ្យបានយល់ដឹងបន្ថែមពីសក្តានុពលទីផ្សារត្រចៀកកាំ ការជ្រើសរើសកន្លែងសាងសង់ផ្ទះត្រចៀកកាំ រចនាបថក្នុងនិងក្រៅផ្ទះត្រចៀកកាំ ព្រមទាំងការថែទាំផ្ទះត្រចៀកកាំយ៉ាងណាដើម្បីឲ្យមានគុណភាពស្តង់ដា និងទទួលបានទិន្នផលល្អ។ លើសពីនេះសិក្ខាសាលាធ្វើឡើងដោយផ្តោតសំខាន់លើការសង់ផ្ទះត្រចៀកកាំមានទំហំតូចល្មម ដែលជាប្រយោជន៍ច្រើនដល់អ្នកដែលមានកម្រិតចំណូលមធ្យម ហើយមានបំណងក្នុងការចាប់ផ្តើមអាជីវកម្មពីទំហំតូចៗជាមុន អាចសន្សំបានទាំងដើមទុន ពេលវេលា និងការមើលថែបានដឹតដល់។

លោកឧកញ៉ា ណាង សុធី ប្រធានសម្ព័ន្ធត្រចៀកកាំកម្ពុជា បានមានប្រសាសន៍ថា គោលបំណងធំមួយដោយឡែកទៀតគឺ ធ្វើយ៉ាងណាលើកស្ទួយការផលិត និងអភិរក្សត្រចៀកកាំនេះព្រោះសព្វថ្ងៃទីផ្សារត្រចៀកកាំដែលកម្ពុជាអាចនឹងឈោងចាប់បាននៅមានច្រើន ពិសេសគឺទីផ្សារប្រទេសចិនតែម្តង។ លោកឧកញ៉ាបានបន្តថា ការចិញ្ចឹមត្រចៀកកាំផ្តល់ផលកម្រៃដ៏គាប់ប្រសើរ តែវាក៏មិនមែនជារឿងងាយស្រួលដែរ ហេតុដូច្នេះហើយទើបទាមទារឲ្យអ្នកចិញ្ចឹមទាំងអស់យល់ច្បាស់ពីការចិញ្ចឹម ថែទាំ ដើម្បីឲ្យផលទទួលបាននោះមិនត្រូវក្លាយជាអាសារបង់ដោយមិនត្រូវតាមស្តង់ដារកំណត់។

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានមានប្រសាសន៍ដែរថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាជួបផលវិបាកលើការនាំចេញដោយសារតែកត្តាស្តង់ដារផលិតកម្ម។ ក្រសួងកសិកម្មព្យាយាមស្វែងរកទីផ្សារនៅបរទេសដើម្បីនាំចេញកសិផលកម្ពុជា ហើយក៏ព្យាយាមដើម្បីតាមដានការចិញ្ចឹម និងការផលិតផលិតផលទឹកមាត់ត្រចៀកកាំនេះឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។ លើសពីនេះក៏កំពុងត្រៀមរៀបចំ កែច្នៃឲ្យត្រឹមត្រូវតាមបទដ្ឋានគតិយុត្តិ ភូតគាមអនាម័យ សុវត្ថិភាពអាហារដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារប្រទេសនាំចូល។ ការតាមដាន និងត្រួតពិនិត្យទាំងអស់នេះធ្វើឡើងយ៉ាងហ្មត់ចត់បន្ទាប់ពីក្រសួងបានទទួលបទពិសោធន៍លើការចរចារនាំចេញស្វាយ និងអង្ករជាដើមដែលក្រុមហ៊ុនមួយចំនួនអនុវត្តតាមការកំណត់បានត្រឹមមួយរយៈពេលខ្លី ក្រោយមកក៏ប្រែជាការផលិតនាំចេញខុសពីអ្វីដែលបានកំណត់ដូចជា ការប្រើថ្នាំគីមី ការថែរក្សាមិនបានល្អនាំឲ្យគុណភាពផលិតផលធ្លាក់ចុះជាដើម។ ការប្រព្រឹត្តផ្ទុយរបស់ក្រុមហ៊ុននាំចេញក្នុងស្រុករបស់យើងបានធ្វើឲ្យភាគីបរទេសនាំចូល ច្រានចោលការនាំចូលបន្តទៀតបើយើងនៅតែធ្វើបែបនេះព្រោះវាហាក់ជាការរំលោភលើកិច្ចសន្យា និងសេចក្តីទុកចិត្ត។

លោក មៀវ សុខទ្រី អនុប្រធានសហព័ន្ធត្រចៀកកាំ និងជាអគ្គលេខាធិការដ្ឋានសហព័ន្ធត្រចៀកកាំ បានលើកឡើងថា ជាក់ស្តែងផលិតផលទឹកមាត់ត្រចៀកកាំកម្ពុជានៅមានកម្រិតទាបនៅឡើយដែលមិនទាន់អាចផ្គត់ផ្គត់តម្រូវការទីផ្សារបានគ្រប់គ្រាន់ទេ រីឯតម្លៃក៏នៅថ្លៃព្រោះធម្មតាការផលិតបានឯកតាតិច ផលិតផលនោះត្រូវមានតម្លៃថ្លៃ។ ដោយឡែកចំពោះគុណភាពវិញ យើងអាចបញ្ជាក់បានថាផលិតផលសម្បុកទឹកមាត់ត្រចៀកាំកម្ពុជាមានគុណភាពស្របតាមកម្រិតស្តង់ដារដែលអាចធ្វើការនាំចេញបាន ក្នុងនោះមានការនាំចេញទៅប្រទេសជប៉ុន តៃវ៉ាន់ ហើយទីផ្សារប្រទេសចិនជាទីផ្សារធំមួយដែលកម្ពុជាកំពុងសម្លឹងដើម្បីចាប់យក។ ដូច្នេះហើយទើបសហព័ន្ធត្រចៀកកាំព្យាយាមធ្វើយ៉ាងណាពង្រឹង និងបង្កើនគុណភាព បរិមាណនៃការផលិតផលិតផលទឹកមាត់កម្ពុជាឲ្យបានកាន់តែច្រើន ព្រោះក្រៅពីប្រទេសទាំងនេះនៅមានប្រទេសជាច្រើនទៀតដែលជាទីផ្សារសក្តានុពលរបស់កម្ពុជាក្នុងការនាំចេញ។

នៅក្នុងកម្មវិធីសិក្ខាសាលាមួយនេះក៏មានការចូលរួមពីក្រុមហ៊ុន Best Life Product ដែលបានធ្វើការតាំងបង្ហាញផលិតផលទឹកមាត់ត្រចៀកកាំ “ផ្ទះត្រចៀកកាំ” ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Best Life Product ឬ ផ្ទះត្រចៀកកាំ ជាអ្នកផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំស្ងួត និងទឹកត្រចៀកកាំល្អបំផុត ផលិតតាមស្តង់ដារអនាម័យខ្ពស់ ហើយក្រុមហ៊ុនត្រូវបានក្រសួងឧស្សាហកម្ម និងសិប្បកម្មជ្រើសរើសជាក្រុមហ៊ុនគំរូចំពោះការអនុវត្ត “ស៥ល្អ” ព្រមទាំងទទួលពានរង្វាន់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ ទៀតផង។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Best Life Product ទទួលបានស្តង់ដារថ្មីមួយទៀតសម្រាប់បញ្ជាក់ពីគុណតម្លៃនៃផលិតផល គឺវិញ្ញាបនប័ត្រហាឡាលពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។ ហាឡាលមានអត្ថន័យជាមូលដ្ឋានថា ស្អាត សុវត្ថិភាព និងបរិសុទ្ធ (អត្ថន័យចំពោះមូស្លីម)៕

ដោយ៖ យ៉ាយ៉ា​

 

X
5s