ថៃនឹងដាក់ដំណើរការរថភ្លើងល្បឿនលឿនជាពេលខាងមុខ ខណៈគម្រោងមួយទៀតទើបអនុម័ត
បន្ទាប់ពីការពន្យាពេលជាច្រើនឆ្នាំនិងការជជែកវែកញែកជាច្រើន រថភ្លើងល្បឿនលឿនជិតដាក់ដំណោះរការក្នុងប្រទេសថៃហើយ។ វាជាក់ច្បាស់ហើយថារថភ្លើងល្បឿនលឿននឹងមកដល់ប្រទេសថៃ។ ជាមួយនឹងគម្រោងមួយដែលកំពុងត្រូវបានសាងសង់ និងគម្រោងមួយផ្សេងទៀតត្រូវបានអនុម័ត និងគម្រោងដទៃទៀតកំពុងត្រូវបានពិចារណាមនុស្សជាច្រើននៅក្នុងប្រទេសកំពុងចោទជាសំណួរថាតើផ្លូវដែកល្បឿនលឿន (HSR) នឹងមានភាពសមស្របសម្រាប់ប្រទេសនេះដែរឬអត់។
រថភ្លើងដែល្បឿនលឿននៅក្នុងប្រទេសអាចរត់បាន ២៥០គីឡូម៉េត្រក្នុងមួយម៉ោង។ គម្រោងទាំងពីរដែលកំពុងដំណើរការនឹងប្រើប្រាស់បច្ចេកវិទ្យា HSR របស់ប្រទេសចិន។ ទោះបីជាថៃបានបដិសេធប្រាក់កម្ចីរបស់ចិនក្នុងគម្រោងនេះក៏ដោយ ប៉ុន្តែគម្រោងនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវមួយ (BRI) ដែលជាផែនការដែលមានគោលបំណងភ្ជាប់ប្រទេសចិនទៅតំបន់អាស៊ីទាំងមូល។
ពីទីក្រុងបាងកក ទៅប៉ាតាយ៉ា ចំណាយពេល៤៥នាទី
ស្ថានីយ៍រថភ្លើងនេះត្រូវគេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២១ ដើម្បីជំនួសស្ថានីយ៍ Hualamphong ដែលមានអាយុ ១០៣ ឆ្នាំនៅទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលផ្លូវដែកដ៏ធំថ្មីមួយនៅក្នុងស្រុក Bang Sue នឹងបើកដំណើរការដឹកអ្នកដំណើរដោយប្រើប្រាស់បច្ចេកវិទ្យា HSR និងបណ្តាញផ្លូវដែកដែលមានស្រាប់ក្នុងប្រទេសដែលកំពុងត្រូវបានបំពាក់ពីផ្លូវមួយខ្សែទៅជាផ្លូវ២ខ្សែ។
ទាក់ទងនឹងបញ្ហានេះនៅថ្ងៃទី ២៤ ខែតុលាក្រុមហ៊ុនដែលដឹកនាំដោយក្រុមហ៊ុន CP Group របស់ប្រទេសថៃបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្លូវដែករដ្ឋថៃ (SRT) ដើម្បីធ្វើការការសាងសង់ខ្សែរថភ្លើង HSR ដែលតភ្ជាប់ព្រលានយន្តហោះចំនួន ២ របស់ទីក្រុងបាងកក គឺព្រលានយន្តហោះសុវណ្ណភូមិ (Suvarnabhumi) នឹងព្រលានយន្តហោះដុនមឿង (Don Mueang) និងភ្ជាប់ទៅកាន់ខេត្តភាគខាងកើតចំនួនបីផ្សេងទៀត។
គម្រោងខ្សែរថភ្លើងមួយនេះនឹងធ្វើការចាប់ផ្ដើមដំណើរការពីព្រលានយន្តហោះដុនមឿង ហើយភ្ជាប់ទៅកាន់ Bang Sue និងឈប់នៅ Makkasan ដែលនៅក្នុងកណ្ដាលទីក្រុងបាងកក មុននឹងបន្តទៅកាន់ Chachoengsao, Chonburi, Sriracha និង Pattaya ដែលជាគោលដៅទេសចរណ៍ដំធំរបស់ប្រទេសថៃ។
ក្រុមហ៊ុន CP និងក្រុមហ៊ុនសាងសង់ផ្លូវដែកចិន (China Railway Construction Corp) ផងនោះនឹងវិនិយោគទឹកប្រាក់ចំនួន ២២៤ ពាន់លានបាត (៧.៤ ពាន់លានដុល្លារ) ជាថ្នូរនឹងការផ្តល់សម្បទានអចលនៈទ្រព្យនិងមានអាជ្ញាប័ណ្ណរយៈពេល ៥០ ឆ្នាំដើម្បីដំណើរការខ្សែរថភ្លើង។
គួរឲ្យចាប់អារម្មណ៍ផងដែរនោះ គោលដៅចម្បងនៃរថភ្លើងល្បឿនលឿននេះគឺដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់ច្រករបៀងសេដ្ឋកិច្ចប៉ែកខាងកើត (EEC) ដែលជាតំបន់សក្ដានុពលដែលទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ៨០ភាគរយក្នុងប្រទេសថៃ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ព្រលានយន្តហោះទាំង៣ក្នុងប្រទស
អ្នកគាំទ្រគម្រោងនេះអះអាងថារថភ្លើងល្បឿនលឿនអាចជួយកាត់បន្ថយរយៈពេលធ្វើដំណើរពីព្រលានយន្តហោះពីរក្នុងទីក្រុងបាងកកដោយចំណាយពេលតែ២០នាទី និងចំណាយពេលតិចជាង១ម៉ោងដើម្បីធ្វើដំណើរទៅកាន់ ប៉ាតាយ៉ា។ បន្ថែមពីនេះគម្រោងរថភ្លើងល្បឿនលឿននឹងជួយកាត់បន្ថយការកកស្ទុះចរាចរណ៍ និងចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេស។
ការធ្វើដំណើរតាមរថភ្លើងនេះនឹងជួយកាត់បន្ថយពេលធ្វើដំណើរពីព្រលានយន្តនោះសុវណ្ណភូមិ ទៅកាន់ព្រលានយន្តហោះដុនមឿង តាមរយៈឡានក្រុងដែលត្រូវចំណាយពេលមួយម៉ោងឬច្រើនជាងនេះ។ ហើយការធ្វើដំណើរតាមរយៈតាក់ស៊ី ឡានក្រុង ដែលឆ្លងកាត់ទីក្រុងដែលត្រូវចំណាយពេល២ម៉ោងចេញពីព្រលានយន្តហោះសុវណ្ណភូមិ។
ពីណាខនទៅកាន់បាងកកចំណាយពេល៧៧នាទី
គេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣ ដែលខ្សែរថភ្លើង HSR របស់ប្រទេសថៃឥឡូវនេះកំពុងត្រូវបានសាងសង់នៅក្បែរផ្លូវដែកដែលមានស្រាប់នៅក្នុងខេត្តភាគឦសាន ណាខន រាឆាស៊ីមា (Nakhon Ratchasima) ។ ផែនការរយៈពេលវែងរបស់រដ្ឋាភិបាលគឺដើម្បីពង្រីកខ្សែរភាគខាងជើងទៅណុងខៃដែលមានចម្ងាយ ៦០០ គីឡូម៉ែត្រ ខាងជើងឈៀងខាងកើតនៃទីក្រុងបាងកកនិងជាច្រកឆ្លងកាត់ព្រំដែនដ៏ពេញនិយមមួយដែលអាចឱ្យអ្នកធ្វើដំណើរទៅដល់រដ្ឋធានីវៀងច័ន្ទរបស់ឡាវ។ បន្ទាប់ពីឆ្លងកាត់ទន្លេមេគង្គលើស្ពានថ្មីអ្នកដំណើរនឹងអាចបន្តទៅភាគខាងជើងតាមខ្សែរ HSR ផ្សេងទៀតដែលកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ។
គោលដៅធំបំផុតរបស់គម្រោងនេះគឺធ្វើការតភ្ជាប់ផ្លូវរថភ្លើងទាំងនេះទៅទីក្រុង Kunming ដែលស្ថិតនៅក្នុងខេត្តយ័នណានរបស់ប្រទសចិន។ គួរបញ្ជាក់ផងដែរថា ខុសពីគម្រោងភ្ជាប់ផ្លូវរថភ្លើងទៅកាន់ព្រលានយន្តហោះទាំង ៣ គម្រោងនេះគឺស្ថិតក្រោមការចំណាយរបស់ក្រុមហ៊ុនរដ្ឋចិនទាំងអស់។
ខ្សែរថភ្លើងខូរ៉ាត់បានទទួលការរិះគន់ច្រើនជាងខ្សែអាកាសយានដ្ឋាន ៣ ដោយសារការវិនិយោគថវិកាសាធារណៈដែលមានតម្លៃ ១៧៩ ពាន់លានបាត (៥,៩ ពាន់លានដុល្លារ) ។
ទីផ្សារដឹកជញ្ជូនប្រកួតប្រជែង
ទាំង SRT និងសេវារថយន្តក្រុងដែលគ្រប់គ្រងដោយរដ្ឋបានដំណើរការជាយូរមកហើយនូវការខាតបង់ផ្នែកហិរញ្ញវត្ថុដោយសារចំនួនអ្នកដំណើរបានធ្លាក់ចុះជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋថៃ THAI ក៏កំពុងពុះពារផងដែរខណៈពេលក្រុមហ៊ុនអាកាសចរណ៍ Air Asia និង Nok Air ធ្វើការប្រកួតប្រជែងជាមួយនឹងតម្លៃសំបុត្រពីទីក្រុងបាងកកទៅកាន់ទីក្រុងចំនួន ២០ ផ្សេងទៀតរបស់ថៃក្នុងតម្លៃទាបជាង ២០ ដុល្លារ។
អ្នករិះគន់មួយចំនួនអះអាងថាតើជនជាតិថៃថ្នាក់កណ្ដាលអាចមានលទ្ធភាពចំណាយលើរថភ្លើង HSR នេះឬអត់ ដោយពួកគេទទួលបានប្រាក់កម្រៃត្រឹមតែ ៣០០បាត ឬជិត១០ដុល្លារក្នុងមួយថ្ងៃ។
ដូចប្រទេសជប៉ុន
លោក Thanet Sorat រំពឹងទុកថា នៅពេលអនាគតប្រទេសថៃជាមជ្ឈមណ្ឌលកណ្តាលនៅអាស៊ីអាគ្នេយ៍មួយដែលភ្ជាប់ដោយរថភ្លើងល្បឿនលឿនទៅគ្រប់តំបន់ផ្សេងៗ។ លោកក៏បានមើលឃើញពីតម្លៃក្នុងការផ្ទេរបច្ចេកវិទ្យាដោយលើកឡើងថា “ ២០ ឆ្នាំទៅមុខទៀតយើងគួរតែអាចផលិតរថភ្លើងល្បឿនលឿនដោយខ្លួនឯង ដោយមិនចំបាច់ទិញវាពីចិនឬជប៉ុននោះទេ”។
បន្ថែមពីនេះ រដ្ឋាភិបាលថៃកំពុងពិចារណាបន្ថែមផ្លូវរថភ្លើងល្បឿនលឿនជាច្រើនខ្សែទៀតដែលរត់ពីទីក្រុងបាងកក ទៅកាន់ភាគខាងជើង Nakhon Sawan, Phitsanulok និង Chiang Mai និងភ្ជាប់ទៅភាគខាងត្រូងតាមរយៈ Hua Hin, Surat Thani និង Hat Yai និងភាគខាងកើតពី Rayong ទៅកាន់ Chanthaburi និង Trat ក្បែរព្រំប្រទល់ប្រទេសកម្ពុជា។
លោក Thanet Sorat សង្ឃឹមទៀតផងដែរថាប្រទេសថៃនឹងមានការធ្វើដំណើរតាមផ្លូវដែកល្បឿនលឿនដូចនៅប្រទេសជប៉ុនដែរ៕
ដោយ៖ ជា ធារិទ្ធ