តាមការស្រាវជ្រាវបង្ហាញថា ចំណងអាពាហ៍ពិពាហ៍ច្រើនប្រេះឆានៅអាយុ ៥០ឆ្នាំឡើង តើវាបណ្ដាមកពីអ្វី?
ចំណងអាពាហ៍ពិពាហ៍ជាចំណងមួយដែលរឹងមាំ វាជាចំណងមួយដែលគូស្នេហ៍ទាំងអស់ប្រាថ្នាចង់បាន និងចងវាអស់មួយជីវិត។ គ្មាននរណាម្នាក់ដែលគិតចង់ឲ្យចំណងអាពាហ៍ពិពាហ៍របស់ខ្លួនត្រូវដាច់ ឬប្រេះឆាដោយប្រការណាមួយឡើយ។
ទោះជាវាមិនមែនជាបំណងតែការបែកបាក់លែងលះរវាងប្តី និងប្រពន្ធតែងកើតមានឡើងស្ទើររាល់ថ្ងៃក្នុងសង្គម។ ប្តីប្រពន្ធវ័យក្មេងងាយប្រឈមនឹងបញ្ហាលែងលះគ្នាដោយសារពួកគេមានភាពឆេវឆាវច្រើន ត្រចៀកស្រាល នៅមានភាពជាយុវវ័យភ្លើតភ្លើន ឆាប់ទទួលយកការអូសទាញ ហើយមួយចំនួនបណ្ដាលមកពីការមិនចេះទប់កំហឹងជាដើម។ វាជាករណីគួរឲ្យព្រួយបារម្ភមួយចំពោះសង្គមព្រោះការបែកបាក់ លែងលះនេះបណ្ដាលឲ្យមានការកើនឡើងចំនួននៃអ្នកមានវិបត្តិផ្លូវចិត្ត បញ្ហាជីវភាពរស់នៅ (បាត់បង់ចំណូលក្រោយពេលជួបវិបត្តិផ្លូវចិត្ត)។
ផ្ទុយទៅវិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅគឺ តាមការស្រាវជ្រាវពី Pew Research Center ក្នុងឆ្នាំ ២០១៥ បានឲ្យដឹងថាករណីលែងលះគូស្វាមីភរិយាវ័យចំណាស់អាយុចាប់ពី ៥០ឆ្នាំ ឡើងទៅមានការកើនឡើង។ គូស្វាមីភរិយា ១ ក្នុងចំណោម ១០គូបានលែងលះគ្នានៅពេលដែលពួកគេឈានចូលដល់វ័យចំណាស់ ដែលចំនួននេះកើនឡើង ៤ ដង ហើយវាក៏ជាការព្រួយបារម្ភមួយដែរសម្រាប់សង្គម។ តាមការស្រាវជ្រាវដដែលក៏បានបង្ហាញទៀតដែរថា មានហេតុផលច្រើនណាស់ដែលបណ្ដាលឲ្យគូស្វាមីភរិយាវ័យចំណាស់ឈានដល់ការលែងលះដូច្នេះ ហើយហេតុផលទាំងនោះមានដូចជា៖
១) កត្តាប្រែប្រួលរបស់បុគ្គលផ្ទាល់
ឈានចូលដល់វ័យនេះ (៥០ឆ្នាំឡើងទៅ) រាងកាយ ចិត្តគំនិតរបស់មនុស្សមិនថាស្រីឬប្រុសចាប់ផ្តើមប្រែប្រួលទោះចង់ឬមិនចង់ ហើយការប្រែប្រួលនេះមួយភាពធំមិនមែនជាការតាំងចិត្តឡើយ។ ការវិវត្តិនៃរាងកាយ សុខភាពចាប់ផ្តើមធ្លាក់ចុះហើយវាក៏ជាបញ្ហាសំខាន់មួយធ្វើឲ្យអ្វីៗប្រែប្រួល ជំងឺកាន់តែជ្រៀតចូលមករួមរឹតខ្លួនច្រើន ភាពហត់នឿយកាន់តែកើនពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលនេះអារម្មណ៍ដែលហត់នឿយនឹងការងារ បូកបន្ថែមការឈឺថ្កាត់ ភាពចុកចាប់លើរាងកាយបណ្ដាលមកពីជំងឺធ្វើឲ្យប៉ះពាល់ផ្នែកអារម្មណ៍យ៉ាងខ្លាំង ជាពេលវេលាមួយត្រូវការការយកចិត្តទុកដាក់ លួងលោមពីអ្នកនៅជុំវិញខ្លួន។ គេថាយុវវ័យច្រើនឆេវឆាវ តែជាក់ស្តែងមនុស្សដែលឈានចូលវ័យនេះដែលកាន់តែឆេវឆាវ ព្រោះហេតុផលតែមួយគត់គឺការវិវត្តិនៃខួរក្បាល បើនិយាយចំពោះស្រ្តីគឺជាពេលមួយដែលចាប់ផ្តើមអស់រដូវ អរម៉ូនចាប់ផ្តើមប្រែប្រួល។ ចំពោះបុរសជាវ័យមួយដែលងាយនឹងកើតមានជំងឺលើសសម្ពាធឈាន ព្រោះបើតាមការស្រាវជ្រាវបុរសម្នាក់ក្នុងចំណោម ៤ នាក់មានជំងឺលើសសម្ពាធឈាមនៅក្នុងវ័យ ៥០ ឆ្នាំ ខណៈស្រ្តីម្នាក់ក្នុងចំណោម ៥ នាក់ប្រឈមនឹងជំងឺនេះក្នុងវ័យដូចគ្នា។
២) បញ្ហាគ្រួសារ
គ្រួសារជាកត្តាសំខាន់ដែលនាំឲ្យគូស្នេហ៍វ័យចំណាស់ឈានដល់ការលែងលះគ្នា ទំនាក់ទំនងរវាងស្វាមី ភរិយាចាប់ផ្តើមមានការប្រែប្រួល ការយល់ចិត្តគ្នាចាប់ផ្តើមធ្លាក់ចុះ ការយកចិត្តទុកគ្នាដាក់ទៅវិញទៅមកត្រូវបានព្រងើយកន្ដើយពីសំណាក់ភាគីទាំងសងខាង។ ជាវ័យមួយដែលចាប់ផ្តើមឈានចូលដល់ពេលចូលនិវត្តន៍ តម្រូវការនិងចំណាយចាប់ផ្តើមច្រើនជាងមុនតែចំណូលកាន់តែថយចុះ សកម្មភាពនៃការបំពេញការងារក៏កាន់តែតិច វាធ្វើឲ្យភាគីណាមួយយល់ថា ភាគីម្ខាងទៀតមិនយកចិត្តទុកដាក់លើការរកចំណូល កើតជាបញ្ហាប្រទាំងប្រទិសគ្នា។
៣) បំណុល
បំណុលចាប់ផ្តើមក្លាយជាបញ្ហាធំសម្រាប់អ្នកដែលមានវ័យចំណាស់លើសពី ៥០ឆ្នាំ ព្រោះជាពេលដែលពួកគាត់រកចំណូលលែងសូវបានដូចមុន ការរ៉ាប់រងបង់ពន្ធ ការចំណាយកាន់តែច្រើនពិសេសលើសុខភាព ចំណាយលើធានារ៉ាប់រង ការហូបចុក បង់រំលោះផ្ទះជាដើម។ ទាំងនេះបង្កជាវិបត្តិហិរញ្ញវត្ថុ បង្កជាភាពស្មុគស្មាញ មិនសូវសប្បាយចិត្តនឹងគ្នារវាងប្តីប្រពន្ធរហូតឈានដល់ការលែងលះ។
៤) ការផ្លាស់ប្តូររបៀបនៃការរស់នៅ (The Change of Lifestyle)
ជាធម្មតាដែលទម្លាប់នៃការរស់នៅត្រូវបានផ្លាស់ប្តូរ ព្រោះពេលវេលាចេះតែដើរទៅមុខអ្វីៗក៏មិនអាចស្ថិតស្ថេរដូចមុន។ បច្ចេកវិទ្យាកាន់តែទំនើបធ្វើឲ្យការរស់នៅរបស់មនុស្សមានការផ្លាស់ប្តូរ ភាពងាយស្រួលកាន់តែច្រើន តែកុំភ្លេចថាវាក៏បង្កជាបញ្ហាសម្រាប់គ្រួសារក៏កាន់តែច្រើនដែរ។ នេះជាការលើកឧទាហរណ៍ជាក់ស្តែង Smart phone បានធ្វើឲ្យជីវិតមនុស្សងាយស្រួល បើនិយាយពីចាស់ៗគាត់អាចកែអផ្សុកបាននៅពេលមាន Smart phone នេះក្នុងដៃព្រោះពួកគាត់អាចភ្ជាប់ទំនាក់ទំនងជាមួយកូនចៅនៅឆ្ងាយបានជិតស្និតជាងមុនដោយអាចមើលមុខគ្នាឃើញ ហើយពេលខ្លះគាត់អាចស្ដាប់ចំរៀង ឬធម៌តាម Smart phone ទៀត។ តែផ្ទុយទៅវិញមានមនុស្សមួយចំនួនបានចំណាយពេលវេលា និងផ្តល់សារៈសំខាន់លើ smart phone ជាជាងអ្នកនៅក្បែរខ្លួន អាចជាការលេងហ្គេម ការប្រើប្រាស់បណ្ដាញសង្គមហួសកំនត់ជាដើម វាហាក់ជាសកម្មភាពមួយហួសព្រំដែន មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការដឹងសុខទុក្ខមនុស្សដែលនៅក្បែរខ្លួន ហើយវាក៏ក្លាយជាការអាក់អន់ស្រពន់ចិត្តបន្តិចម្តងៗ។ បញ្ហានេះកាន់តែគ្មានដំណោះស្រាយទៅៗ និយាយគ្នាក៏លែងបាន ការខឹងច្រលោតកើតមានកាន់តែច្រើន សម្ពាធហាក់កាន់តែធ្ងន់ ភាគីទាំងពីរដូចជាកាន់តែលែងពេញចិត្តនឹងភាពរកាំរកុះនេះ ជម្រើសតែមួយគឺការនៅឆ្ងាយពីគ្នាចៀសវាងដាក់បន្ទុកលើខ្លួនឯងបន្ត។
៥) បញ្ហាកូនចៅ
បើនិយាយពីគ្រូសារមួយចំនួនដែលបានរៀបការអាយុច្រើនគួរសម ក្នុងវ័យ ៥០ឆ្នាំនេះគាត់អាចនឹងមានកូនដែលស្ថិតក្នុងភាពជាយុវវ័យ មានការភ្លើតភ្លើនច្រើន មិនស្តាប់ដំបូន្មានឪពុកម្តាយ បង្កបញ្ហាឈឺក្បាលរាប់មិនអស់ រហូតធ្វើឲ្យពីរនាក់ប្តីប្រពន្ធគិតថាក្នុងគ្រួសារមានតែបញ្ហា រស់នៅមិនចុះសម្រុងគ្នានិងឈានដល់ការបែកបាក់ដោយសារទង្វើរបស់កូន។
ករណីមួយដោយឡែកផ្សេងទៀត គ្រួសារមួយចំនួនគាត់រៀបការនៅអាយុក្មេងៗ នៅពេលដល់អាយុ ៥០ឆ្នាំ ជាង ឬ៦០ឆ្នាំ កូនៗគាត់អាចនឹងឈានចូលដល់វ័យកណ្ដាលឬមានគ្រួសារ ហើយពួកគេត្រូវនៅឆ្ងាយពីឪពុកម្តាយ មិនបានផ្តល់ការមើលថែទាំឪពុកម្តាយគ្រប់គ្រាន់។ ឈានចូលវ័យនេះមនុស្សវ័យចំណាស់ចាប់ផ្តើមហត់នឿយនឹងជីវិតរបស់ខ្លួនត្រូវការការយកចិត្តទុកដាក់ច្រើនពិសេសពីកូនៗរបស់លោក វ័យនេះក៏ជាវ័យដែលមានអារម្មណ៍ថាឯកោបំផុត ជាវ័យមួយដែលតែងមានគំនិតប្លែកៗផុតចេញមកក្នុងខួរក្បាលថាមនុស្សគ្រប់គ្នាមិនឲ្យតម្លៃគាត់ ទុកឲ្យគាត់នៅតែម្នាក់ឯង។ ចំពោះកូនៗវិញបើកាលណាមើលថែម្តាយច្រើនជាងឪពុក ធ្វើឲ្យឪពុកតូចចិត្ត តែបើមើលឪពុករាងច្រើនបន្តិចម្តាយចាប់ផ្តើមអន់ចិត្តម្តង ជាពេលមួយដែលពិបាកបំផុតសម្រាប់កូន។ ភាពឯកា អារម្មណ៍ឆេវឆាវ ភាពសោះអង្គើយទាំងនោះវាជាកត្តាធ្វើឲ្យចំណងអាពាហ៍ពិពាហ៍នោះប្រេះឆា។
ការយកចិត្តទុកដាក់ចំពោះឪពុកម្តាយគឺជាកត្តាសំខាន់បំផុត បើទោះជាឪពុកម្តាយអ្នកនឹងត្រូវប្រឈមជាមួយបញ្ហាទាំងអស់ខាងលើនេះក្តី ការលួងលោម ការយកចិត្តទុកដាក់របស់កូន មានប្រសិទ្ធិភាព និងឥទ្ធិពលខ្លាំងបំផុតចំពោះចំណងអាពាហ៍ពិពាហ៍របស់ឪពុកម្តាយ។ ត្រូវចាំថាការចំណាយពេល ១០ឆ្នាំ ២០ឆ្នាំ ឬ៣០ឆ្នាំ ដើម្បីបង្កើត និងរក្សាចំណងអាពាហ៍ពិពាហ៍មួយនេះឡើងមិនមែនជារឿងងាយស្រួលទេ គូស្នេហ៍វវ័យចំណាស់គួរបន្តរក្សាចំណងស្នេហ៍ដ៏ស្រស់បំព្រងមួយនេះឲ្យបានល្អ ពិសេសកូនៗគ្រប់គ្នាត្រូវចូលរួមចំណែកយ៉ាងសំខាន់ដើម្បីរក្សាទំនាក់ទំនងឪពុកម្តាយរបស់អ្នក៕
ដោយ៖យ៉ាយ៉ា