ឱកាសល្អសម្រាប់ភ្នាក់ងារអចលនទ្រព្យដើម្បីប្រកួតកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ
ក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំសន្និសិទ្ធិសារព័ត៌មានមួយស្តីពីការប្រកាសជាផ្លូវការ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៩ ដែលសន្និសិទ្ធិសារព័ត៌មានមួយនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៩ នៅលូមៀរ រេស៊ីដេន (Lumiere Residence)។
កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៩ នឹងរៀបចំពិធីលាងសាយភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់ (Gala Dinner) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីម៉ោង ៦ល្ងាចដល់ ១0:30 យប់។
បេសកកម្មនៃការកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ នេះមិនត្រឹមតែរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាប៉ុណ្នោះទេ ក៏នៅមានការសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីទទួលស្គាល់សមិទ្ធិផល និងស្នាដៃរបស់ភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុន និងបុគ្គលទាំងអស់ចូលរួមការប្រកួតប្រជែងដោយមិនគិតពីទំហំ និងទ្រព្យសកម្មនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ឬភ្នាក់ងារឡើយ។
គោលបំណងសំខាន់បំផុតនៃការបង្កើតកម្មវិធីមួយនេះគឺ ដោយសារកំណើន ភាពរីកចម្រើនយ៉ាងធំធេងឆាប់រហ័សនៃវិស័យអចលនវត្ថុទាំងមូលនៅកម្ពុជា។ ការបោះជំហានយ៉ាងលឿន ភាពស្គុះស្គាយនៃសំណង់អាគារ រួមទាំងគម្រោងអភិវឌ្ឍអចលនវត្ថុនេះបានមកពីការចូលរួមយ៉ាងសកម្ម និងសស្រាក់សស្រាំ ការផ្ដល់ជូនសេវាកម្មប្រកបដោយក្រមសីលធម៌ ទំនុកចិត្តនៃក្រុមហ៊ុន ឬភ្នាក់ងារអចលនវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ។
លោក Thomas O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានមានប្រសាសន៍ថា៖ “ការបង្កើតឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ ២០១៩ នេះក្នុងគោលបំណងកំណត់ស្តង់ដារនៃ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង”។ ការប្រកួតប្រជែងនេះមិនមានការដាក់សម្ពាធដល់ការប្រកួតប្រជែងឡើយ ដោយសារយើងកំណត់លក្ខខណ្ឌមួយថា ក្រុមហ៊ុនតូចប្រកួតជាមួយក្រុមហ៊ុនតូច ក្រុមហ៊ុនធំប្រកួតជាមួយក្រុមហ៊ុនធំ។ លក្ខខណ្ឌក្នុងការប្រកួតក្នុងឆ្នាំនេះ មិនបានតម្រូវឲ្យក្រុមហ៊ុនចូលរួមសរសេររបាយការណ៍ជាសំណេរទៀតទេ តែតម្រូវឲ្យមានការថតវីដេអូខ្លីរយៈពេល ២ នាទីទាក់ទងនឹងការចូលរួមប្រកួតប្រជែង រួចបញ្ជូនវីដេអូទៅក្រុមការងាររបស់ Realestate.com.kh។ លោក Thomas O’Sullivan បានបញ្ជាក់បន្ថែមដែរថា ទោះបីជាការប្រកួតប្រជែងមិនតម្រូវឲ្យធ្វើសំណេរ តែសុក្រឹតភាពនៃការប្រកួតប្រជែងនៅតែរក្សាដដែល ដំណើរការកាត់សេក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម (Cambodian Investment Management)។
បេក្ខភាពដែលបានចូលទៅដល់វគ្គផ្តាច់ និងបេក្ខភាពជ័យលាភីនឹងត្រូវផ្ដល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សារ រួមជាមួយពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធិផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។ លោក Tomas O’Sullivan ក៏បានបន្ថែមទៀតដែរថា នេះជាឱកាសមួយដែល Realestate.com.kh អាចជម្រុញវិស័យអចលនវត្ថុកម្ពុជា ក្រុមកិច្ចសហការជាមួយសមាគម CVEA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ Realestate.com.kh ក៏សង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ ២០១៩ នឹងបង្កើនឧត្តមភាព និងភាពជឿជាក់បន្ថែមទៀតសម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។
គួរបញ្ជាក់ផងដែរថា ប្រភេទពានរង្វាន់ជាង ២០ ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលវត្ថុឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលវត្ថុឆ្នើមប្រចាំតំបន់ ពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលវត្ថុប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ និងពានរង្វាន់ជាច្រើនទៀត។
នេះជាព្រឹត្តិការណ៍លើកដ៏ធំលើកទី ២ នៅក្នុងប្រវត្តិសាស្រ្តដែលបង្ហាញពីការខិតខំប្រឹងប្រែង និងភាពជោកជ័យនៃវិស័យអចលវត្ថុ និងទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ ៣ កម្រិតរួមមាន៖ “ក្រុមហ៊ុនខ្នាតតូច” “ក្រុមហ៊ុនខ្នាតមធ្យម” និង “ក្រុមហ៊ុនខ្នាតធំ” ដែលគ្របដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។
បញ្ជាក់៖ មកទប់ពេលនេះមានក្រុមហ៊ុនជាង ៣០ ហើយដែលបានចុះឈ្មោះដាក់ពាក្យចូលរួមការប្រកួតប្រជែងមួយនេះ ហើយការចុះឈ្មោះចូលរួមនឹងផុតកំណត់ត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ៕
ដោយ៖ យ៉ាយ៉ា