យន្តហោះប្រភេទថ្មី Airbus A220 បង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា​​



រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ – យន្តហោះដឹកអ្នកដំណើរ Airbus A220 ដ៏ថ្មីសន្លាងបានមកដល់ប្រទេសកម្ពុជាហើយ ដែលជាសកម្មភាពមួយនៃកម្មវិធីដំណើរកម្សាន្តផ្សព្វផ្សាយបង្ហាញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យន្តហោះដែលកំពុងដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ គឺជាយន្តហោះ airBaltic A220-300 មានបំពាក់កន្លែងអង្គុយចំនួន ១៤៥ កៅអី ដែលបានរចនាប្រកបដោយផាសុកភាពនៅក្នុងកាប៊ីនអ្នកដំណើរកម្រិតថ្នាក់ទោល (single class)។

ដូចនៅក្នុងយន្តហោះធុន A220 ទាំងអស់ដែរ ប្លង់កៅអីអង្គុយខាងក្នុងបានរចនាដោយមានបីកៅអីសម្រាប់ចំហៀងម្ខាងនៃច្រកដើរ និងពីរកៅអីសម្រាប់ចំហៀងម្ខាងទៀត។ កាប៊ីននេះគឺមានទំហំធំជាងគេនៅក្នុងក្រុមរបស់វា ដែលមានកៅអីថ្នាក់ Economy យ៉ាងធំដ៏ទូលាយ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើធំទូលាយ។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលមានផ្ដល់ជូនថ្នាក់ Business កន្លែងខណ្ឌចែកនៅក្នុងយន្តហោះផ្ដល់ជូននូវប្លង់កៅអីបួនបាំងប្រកបដោយផាសុកភាពខ្ពស់ ដោយ នៅម្ខាងៗនៃច្រកដើរមានពីរកៅអី។

យន្តហោះធុន A220 គឺជាយន្តហោះដែលរចនាថ្មីតែមួយគត់នៅក្នុងទីផ្សារយន្តហោះ 100-150 កៅអី និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ឌីណាមីកអាកាសបែបសិល្បៈ និងម៉ាស៊ីនទំនើបជំនាន់ចុងក្រោយគេបង្អស់។ ជាមួយគ្នានេះ មាស៊ីន និងបច្ចេកវិទ្យាទាំងនេះ ជួយសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងតិច 20 ភាគរយ បើធៀបទៅនឹងយន្តហោះជំនាន់មុនៗដែលមានទំហំស្រដៀងគ្នា។ ជាមួយនឹងសមត្ថភាពហោះហើរមិនឈប់នៅលើគន្លងផ្លូវរហូតដល់ចម្ងាយ 3,400 រង្វាស់ម៉ាយ (6,300 គ.ម) យន្តហោះធុន A220 ផ្ដល់នូវសមត្ថភាពហោះហើរចម្ងាយឆ្ងាយជាងគេ ដែលអាចធ្វើការហោះហើរភ្ជាប់ពីប្រទេសកម្ពុជាទៅកាន់អាស៊ីខាងជើង និងមជ្ឈិមបូព៌ា។ 

បច្ចុប្បន្ន យន្តហោះ A220-300 កំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយក្រុមហ៊ុនអាកាសចរណ៍ Korean Air សម្រាប់បម្រើសេវាកម្មហោះហើរទាំងក្នុង និងក្រៅស្រុកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Air Vanuatu ក៏បានបញ្ជាទិញយន្តហោះធុន A220s ចំនួនបួនគ្រឿងផងដែររួមមាន យន្តហោះ A220-100s ចំនួនពីរគ្រឿង និងយន្តហោះ A220-300 ចំនួនពីរគ្រឿង។

យន្តហោះធុន A220 គឺមានពីរម៉ូឌែល គឺយន្តហោះ A220-100 អាចដឹកអ្នកដំណើរចន្លោះចាប់ពី 100 ទៅ 130 នាក់ និងយន្តហោះ A220-300 ដែលធំជាងអាចដឹកអ្នកដំណើរបានចន្លោះចាប់ពី 130 ទៅ 160 នាក់នៅក្នុងប្លង់រចនាពិសេសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ គិតត្រឹមនៅចុងខែកញ្ញា ឆ្នាំ2019 អតិថិជនមកពីទូទាំងពិភពលោកបានធ្វើការបញ្ជាទិញយន្តហោះធុន  A220 ចំនួន 525 គ្រឿង ដែលក្នុងនោះមានយន្តហោះចំនួន 90 គ្រឿង បានកំពុងដាក់ឱ្យប្រតិបត្តិការជាមួយនឹងប្រតិបត្តិករចំនួនប្រាំមួយហើយ។

តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាទីផ្សារស្នូលសម្រាប់ក្រុមហ៊ុន Airbus និងទីផ្សារដឹកជញ្ជូនតាមយន្តហោះដែលមានកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួន ដែលមានអត្រាកំណើនប្រចាំឆ្នាំ 5.5% ក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ (ប្រៀបធៀបជាមួយនឹងកំណើនមធ្យមសកលដែលមានកំណើន 4.3%)។ បច្ចុប្បន្ន តំបន់នេះមានចំនួនមួយភាគបីនៃចំនួនកក់បញ្ជាទិញសរុបនៃរោងចក្រផលិតនៅអឺរ៉ុប និងស្មើនឹងមួយភាគបីនៃចំណូលរបស់ក្រុមហ៊ុនផងដែរ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Airbus មានវត្តមាននៅក្នុងទីផ្សារអាកាសចរណ៍ ដែលមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនកំពុងប្រតិបត្តិការយន្តហោះត្រកូល A320 របស់ក្រុមហ៊ុន Airbus ចំនួន 27 គ្រឿង ដែលក្នុងនោះមាន៖ ក្រុមហ៊ុន Bassaka Air (2) ក្រុមហ៊ុន Cambodia Airways (4) ក្រុមហ៊ុន Cambodia Angkor Air (4) ក្រុមហ៊ុន JC International Airlines (5) ក្រុមហ៊ុន Lanmei Airlines (7) និងក្រុមហ៊ុន Sky Angkor Airlines (5)។ ក្រុមហ៊ុន Airbus បានព្យាករណ៍ថានឹងមានការរីកចម្រើនខ្ពស់នៅក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា ខណៈដែលការដឹកជញ្ជូនអ្នកដំណើរក៏ត្រូវបានរំពឹងថាមានអត្រាកំណើនច្រើនជាងប្រាំពីរភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេល 20 ឆ្នាំខាងមុខ។

អំពីក្រុមហ៊ុន Airbus 

ក្រុមហ៊ុន Airbus គឺជាក្រុមហ៊ុនឈានមុខគេជាសាកលនៅក្នុងវិស័យអាកាសយាន អវកាស និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។ នៅឆ្នាំ2018 ក្រុមហ៊ុនបានសម្រេចបាននូវប្រាក់ចំណូលចំនួន 64 ប៊ីលានអឺរ៉ូ និងមានបុគ្គលបម្រើការងារប្រហែលជា 134,000 នាក់។ ក្រុមហ៊ុន Airbus ផ្ដល់ជូននូវយន្តហោះដឹកអ្នកដំណើរជាច្រើនជម្រើស និងគ្រប់ជ្រុងជ្រោយបំផុត។ ក្រុមហ៊ុន Airbus ក៏ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុបក្នុងការផ្គត់ផ្គង់យន្តហោះដឹកប្រេង យន្តហោះចម្បាំង យន្តហោះ

ដឹកជញ្ជូន និងយន្តការសម្រាប់បំពេញបេសកកម្មផងដែរ ហើយ Airbus ក៏ជាក្រុមហ៊ុនអវកាសឈានមុខគេមួយនៅក្នុងពិភពលោកផងដែរ។ ក្នុងវិស័យឧទ្ធម្ភាគចក្រវិញ ក្រុមហ៊ុន Airbus ផ្ដល់ជូននូវដំណោះស្រាយផ្នែកឧទ្ធម្ភាគចក្រស៊ីវិល និងយោធានៅទូទាំងពិភពលោកប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

 

 

X
5s