២០ភាគរយនៃសំរាមជិត៤លានតោនក្នុង១ឆ្នាំនៅកម្ពុជា ជាសម្រាមនិងកាកសំណល់ប្លាស្ទិក
កម្ពុជាបានបង្កើតបរិមាណសំរាមរហូតដល់ជិត៤លានតោនឯណោះនៅក្នុងរយៈពេលមួយឆ្នាំ ក្នុងនោះសំណល់និងសំរាមប្លាស្ទិកមានប្រមាណ២០% ដោយនៅតាមទីក្រុងធំៗប្រជាពលរដ្ឋម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកចន្លោះពី ៤០ ទៅ ៥២ ថង់ឯណោះក្នុងមួយសបា្តហ៍។ ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នាឱកាសនៃព្រឹត្តិការណ៍ប្រគំតន្រ្តីក្រោមប្រធានបទ «តូរ្យតន្ត្រីដើម្បីកិច្ចគាំពារបរិស្ថាន សូមនិយាយថាទេចំពោះប្លាស្ទិក» កាលពី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
នៅក្នុងឱកាសព្រឹត្តិការណ៍នោះដែរ ឯកឧត្ដមរដ្ឋលេខាធិការបានលើកឡើងថា នៅតាមទីប្រជុំជនបរិមាណសំរាមកម្ពុជានៅក្នុងមួយថ្ងៃមានចំនួនរហូតដល់ជាង១ម៉ឺនតោន ក្នុងនៅរាជធានីភ្នំពេញបរិមាណសំរាមមានប្រមាណជាង ៣០០០តោនក្នុងមួយថ្ងៃ, ក្រុងព្រះសីហនុមានប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាបមាន ៣៨០តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។
លោក Nick Beresford តំណាងអង្គការ UNDP នៅកម្ពុជា បានសម្តែងនូវការសប្បាយរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីក្នុងបុព្វហេតុបរិស្ថាន ដោយសារកាកសំណល់ប្លាស្ទិកគឺជាបញ្ហាប្រឈមរបស់កម្ពុជា តាមរយៈការស្រាវជ្រាវក្នុង១ឆ្នាំ កម្ពុជាមានសំណល់សំរាមប្រមាណ ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក ហើយកន្លងមក UNDP បានសហការគាំទ្រជាមួយក្រសួងបរិស្ថានតាមរយៈយុទ្ធនាការ 4R គឺ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ៕
ដោយ៖ ជួប ស្រីរ័ត្ន