ហេតុអ្វីបានជាការពូកែស្តាប់គឺជាជំនាញល្អបំផុតមួយសម្រាប់សហគ្រិន?​



នៅក្នុងមុខជំនួញការស្តាប់ គឺជាជំនាញសំខាន់បំផុតមួយដែលអាចនាំឲ្យជីវិតរបស់អ្នកអាចរស់ និងស្លាប់បាន ។ សូមស្រមៃទៅមើលអ្នកដែលទៅជួបចរចាជាមួយចំណាប់ខ្មាំងតើពួកគេប្រើប្រាស់យុទ្ធសាស្រ្តបែបណាដើម្បី រំដោះអ្នកដែលជាប់ឃុំទាំងនោះ?  តើអ្នកបើកបរយន្ដហោះអាចហោះហើរ និងចុះចតប្រកបដោយសុវត្ថិភាពដោយរបៀបណាដើម្បីគ្រប់គ្រងការហោះហើររបស់ពួកគេ? តើគ្រូពេទ្យវិភាគរោគសញ្ញាយ៉ាងដូចម្តេចបើមិនទាន់បានសាកសួរពីអ្នកជំងឺនោះ?

ទាំងនេះគឺជាឧទាហរណ៍សំខាន់ៗសម្រាប់យកមកបញ្ហាញថា ការស្តាប់វាមិនត្រូវការពេលវេលាវែងនោះទេ វានឹងអាច មានឥទ្ធិពលធ្វើឲ្យអ្នកជោគជ័យ ឬបរាជ័យក្នុងមួយប៉ព្រិកភ្នែក។ ហេតុនេះហើយនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសក្នុងមុខជំនួញតែម្តង អ្នកត្រូវចេះជំនាញនេះឲ្យខ្លាំងបំផុតតាមដែលអាចធ្វើបាន។ 

តើអ្នកដឹងទេ? ការស្រាវជ្រាវដែលធ្វើឡើងដោយសាស្រ្តាចារ្យជនជាតិហូឡង់លោក Henri Nouwen បានរកឃើញថា ក្នុងចំណោមនុស្សគ្រប់គ្នាមានតែមនុស្ស ១០% ប៉ុណ្ណោះដែលមានជំនាញស្តាប់ប្រកបដោយប្រសិទ្ធិភាព។ លោកបន្តថា ជាក់ស្តែងនៅពេលនរណាម្នាក់កំពុងនិយាយ អ្នកកំពុងស្តាប់បុគ្គលនោះយ៉ាងស្ងៀមស្ងាត់ ក៏ប៉ុន្តែជាក់ស្តែងនៅក្នុងចិត្តរបស់អ្នកឯណេះវិញ គឺកំពុងរវល់គិតទៅដល់រឿងផ្សេងទៀតទៅវិញ។

ចំណែកអ្នកនិពន្ធសៀវភៅ ដ៏ល្បីល្បាញ  “The 7 Habits of Highly Effective People” លោក Stephen R. Covey ធ្លាប់បានអះអាងថា មនុស្សភាគច្រើនមិនបានស្តាប់នរណាម្នាក់ដើម្បីមានបំណងដើម្បីយល់ពីអ្វីដែលអ្នកនោះកំពុងនិយាយនោះទេ។ ប៉ុន្តែពួកគេស្តាប់ដោយមានបំណងមួយគឺមានចេតនាចង់ប្រតិកម្មឆ្លើយតបទៅកាន់បុគ្គលនោះវិញតែប៉ុណ្ណោះ។ 

មនុស្សភាគច្រើនមានទំនោរផ្តល់តម្លៃចំពោះការនិយាយជាងការស្តាប់ ជាពិសេសនៅក្នុងចំណោមអ្នកដឹកនាំ និងសហគ្រិនដែលច្រើនតែជាមនុស្សឈ្លក់វង្វេងស្មារតី ចូលចិត្តធ្វើឲ្យខ្លួនដើរឃ្លាតឆ្ងាយពីគោលការណ៍នេះ។ ជាការពិតហើយ អ្នកគួរកោតសរសើរចំពោះមនុស្សមានគំនិត និងបង្ហាញគំនិតរបស់ពួកគេចេញមក។ ប៉ុន្តែការស្តាប់ក៏ជាអំណាចដ៏មានសក្កានុពលមួយផងដែរ ពោលគឺវាអាចឲ្យអ្នកទទួលបានគំនិតទស្សនៈថ្មីៗ ឮអ្វីដែលមិនធ្លាប់ត្រូវបានគេលើកនិយាយចេញមក និងរៀនពីអ្វីដែលអ្នកមិនដឹងថា អ្នកកំពុងខ្វះខាត។ 

អ្នកស្តាប់ដ៏ពូកែមានគុណសម្បត្តិ ៤ យ៉ាង
ផ្អែកលើការស្រាវជ្រាវ និងអ្នកវិភាគទិន្នន័យ លោក Jack Zenger និងលោក Joseph Folkman បានកំណត់ថា អ្នកស្តាប់ដែលល្អបំផុតមានគុណសម្បត្តិ៤យ៉ាង៖

១.ការចូលរួម
អ្នកស្តាប់ដ៏ពូកែ ចេះសួរដេញដោលប្រទាក់ក្រឡាគ្នា និងសួរជជែកវែកញែកឬសគល់លើប្រធានបទនោះឲ្យកាន់តែរស់រវើកឡើង។ ជារឿយៗអ្នកអាចគិតថា ភាពស្ងប់ស្ងៀមគឺបង្ហាញថា អ្នកកំពុងយកចិត្តទុកដាក់ស្តាប់នូវអ្វីដែលអ្នកផ្សេងកំពុងនិយាយ។ ក៏ប៉ុន្តែ អ្នកស្តាប់ដ៏ពូកែ គឺជាមនុស្សដែលអាចសន្ទនាឆ្លងឆ្លើយគ្នាទៅវិញទៅមក។

២.ការគាំទ្រ
ការបង្ហាញជំហរគាំទ្រ និងផ្តល់ទំនុកចិត្ត អាចធានានូវបទពិសោធន៍ជាវិជ្ជមានបន្ថែមទៀតសម្រាប់ដៃគូសន្ទនាគ្រប់រូប។ អ្នកស្តាប់ដ៏ពូកែម្នាក់ អាចលើកតម្កើងការគោរព និងឲ្យតម្លៃដល់ភាគីម្ខាងទៀតក្នុងពេលសន្ទនានោះ។

៣.ការសហការ
នៅពេលដែលមតិប្រតិកម្មកែលំអរផ្តល់ឲ្យគ្នាទៅវិញទៅមកយ៉ាងរលូន ភាគីទាំងពីរមិនគួរបង្ហាញកាយវិការបែបការពារខ្លួនឡើយ។ ផ្ទុយទៅវិញ អ្នកមិនពូកែស្តាប់ ឆ្លៀតយកភាពស្ងៀមស្ងាត់របស់ខ្លួនមកប្រើ ដើម្បីរៀបចំទប់ទល់នឹងមតិកែលំអរ ឬ ទស្សនៈផ្ទុយដែលធ្វើឡើងដោយភាគីម្ខាងទៀត ហើយនេះបានធ្វើឲ្យការផ្លាស់ប្តូរយោបល់គ្នាមានភាពច្របូកច្របល់ឡើង។  

៤.បង្កើតភាពវិជ្ជមាន
អ្នកស្តាប់ដ៏ពូកែម្នាក់ អាចផ្តល់មតិយោបល់ប្រកបដោយលក្ខណៈស្ថាបនា និងការពិចារណា។ នៅពេលមិត្តរួមការងារបានដឹងថា អ្នកកំពុងស្តាប់ពួកគេដោយយកចិត្តទុកដាក់ ពួកគេក៏ទំនងជានឹងយកចិត្តទុកដាក់ចំពោះយោបល់របស់អ្នកវិញផងដែរ។ អ្នកស្តាប់ដ៏ពូកែមិនប្រើឱកាសវាយប្រហារ បន្ទោសបង្អាប់ដៃគូសន្ទនានោះទេ។ ពួកគេប្រើគំនិតរបស់ខ្លួនដើម្បីធ្វើឲ្យដៃគូសន្ទនាកាន់តែមានថាមភាព និងទទួលបានគំនិតកាន់តែទូលំទូលាយឡើង ហើយធ្វើជាអ្នកគាំទ្រយ៉ាងសកម្មម្នាក់៕

ប្រភព៖ Entrepreneur 

 

X
5s